សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ស្នើ​ឲ្យ​តុលាការ​ដោះលែង​នៅ​ក្រៅ​ឃុំ ដើម្បី​​បន្ត​រៀន​ច្បាប់​នៅ​ឆ្នាំ​ទី​៤

0
4
សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ដែលត្រូវអាជ្ញាធរ​ចាប់ខ្លួន​ចោទប្រកាន់។ រូប៖ បណ្ដាញសង្គម
សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ដែលត្រូវអាជ្ញាធរ​ចាប់ខ្លួន​ចោទប្រកាន់។ រូប៖ បណ្ដាញសង្គម

សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ស្នើ​ឲ្យ​តុលាការ​ដោះលែង​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​លោក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ច្បាប់​ឆ្នាំ​ទី​៤ និង​ចូលរួម​ធ្វើ​ការងារ​សង្គម​បន្ត​ទៀត។ សង្គម​ស៊ីវិល យល់​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​បញ្ចេញមតិ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​កាន់តែ​ខ្លាំង។

សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ស្នើ​ឲ្យ​តុលាការ​ដោះលែង​លោក នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​បាន​សន្យា​ចំពោះមុខ​ចៅក្រម​ថា លោក​នឹង​ចូលរួម​សវនាការ​គ្រប់​ដំណាក់កាល​តាម​ការ​កោះហៅ​របស់​តុលាការ។

សំណើ​របស់​សកម្មជន​សង្គម​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ បាន​បើកសវនាការ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី លោក ធូ វ៉ាឃីម។

សហ​មេធាវី​ការពារ​ក្ដី​លោក ធូ វ៉ាឃីម គឺ​លោក ឯម ចន្ថា ប្រាប់​អ្នកសារព័ត៌មាន​ថា សវនាការ​នៅ​ថ្ងៃ​នេះ កូនក្ដី​របស់​លោក​បាន​អះអាង​អំពី​មូលហេតុ ដែល​ស្នើ​ឲ្យ​នៅ​ក្រៅ​ឃុំ និង​បង្ហាញ​ឆន្ទះ ក្នុង​ការ​ចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការ​។ លោក​សង្ឃឹមថា តុលាការ​នឹង​ដោះលែង​កូនក្ដី​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក ឯម ចន្ថា៖ «លោក ធូ វ៉ាឃីម បាន​ស្នើ​សុំ​តុលាការ​ដោះលែង​គាត់​នៅ​ក្រៅ​ឃុំ ដោយសារ​គាត់​ចង់​បន្ត​សិក្សា​ដោយសារ​គាត់​សិក្សា​ឆ្នាំ​ទី​៤​ហើយ បញ្ញា​ប័ត្រ​ច្បាប់​ហើយ​គាត់​ធ្វើការ​ជា​មន្ត្រី​ឥ​ទាន​ផង​គាត់​មាន​កិច្ចការ​មូលនិធិ​សម្រាប់​ជួយ​កុមារ និង​ជន​ក្រីក្រ ដូច្នេះ គាត់​ចង់​ចូលរួម​ក្នុង​ការ​ជួយ​សង្គម ហើយ​ជា​ការ​កសាង​ចំណេះដឹង​របស់​គាត់​។ តាម​អង្គច្បាប់​រឿង​នេះ គឺ​មាន​ការស៊ើបអង្កេត​ហើយ ដែល​សហ​មេធាវី យើង​ទាំងពីរ បាន​ស្នើសុំ​បាន​បង្ហាញ​ទៅ​តុលាការ​គឺថា ការស៊ើបអង្កេត​មូល​ហើយ ហើយ​ដូចជា​មិន​មាន​ភាព​ចាំបាច់​អី​ត្រូវ​ឃុំខ្លួន​គាត់​ទេ ហើយ​មាន​មូលហេតុ​ជាច្រើន ដែល​សមរម្យ។ មេធាវី​មានការ​សង្ឃឹម​ទៅតាម​អ្វី​ដែល​ជា​ការ​លើកឡើង»។

លោក ធូ វ៉ាឃីម ជា​អតីត​ព្រះសង្ឃ និង​សកម្មជន​សង្គម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥ ក្រោយពេល​លោក​បញ្ចេញមតិ​ជាច្រើន ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​នៅ​លើ​បណ្ដាញ​សង្គម​។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទប្រកាន់​ពី​បទ​«​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។

ម្តាយ​លោក ធូ វ៉ាឃីម គឺ​លោកស្រី ឌឿក ឈាង ខកចិត្ត​ដែល​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​កូនលោក​ស្រី។ លោកស្រី​ទទូច​ឲ្យ​តុលាការ​ដោះលែង​កូនប្រុស ដោយ​ថា កូនលោក​ស្រី​ជា​មនុស្ស​ល្អ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោកស្រី ឌឿក ឈាង៖ «យើងខ្ញុំ​ពិបាក​ណាស់ ចង់​ទទួល​យក​មិន​បានទេ ប៉ុន​មិន​ដឹង​ធ្វើ​ម៉េច កូន​ខ្ញុំ​វា​គ្មាន​រឿង គ្មាន​ហេតុ​អី ស្រាប់តែ​រឿង​ថា ចេះ​ថា​ចុះ​បន្តិចបន្តួច ស្រាប់តែ មកដល់​ថ្នាក់​ហ្នឹង និយាយ​មិន​ចេញ»។

យុវជន​សកម្ម​ការងារ​សង្គម​លោក ថន ធន បាន​ថ្លែង​នៅ​ខាងមុខ​សាលាដំបូង ថា ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន លោក ធូ វ៉ាឃីម ជា​ការ​បំបិទ​សំឡេង អ្នក​បញ្ចេញមតិ​ពី​បញ្ហា ដែល​កំពុង​កើតឡើង​នៅក្នុង​សង្គម។ លោក​ថា ការ​ធ្វើទុក្ខបុកម្នេញ​លើ​យុវជន ដែល​ឈឺឆ្អាល និង​និយាយ​ការពិត​បែប​នេះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​ប្រទេសជាតិ​ឡើយ គឺ​មានតែ​ធ្វើ​ឲ្យ​ជាតិ​ចុះ​ខ្សោយ។

លោក ថន ធន៖ «ពួក​ខ្ញុំ​ក៏ដូចជា​យុវជន​ដទៃទៀត ពួកគាត់​មិនមែន​ជា​មនុស្ស​ដែល​ចូលចិត្ត មើល​តែ​ចំណុច​អាក្រក់​ទេ ប៉ុន្តែ​ពួកគាត់​ចង់បាន​ដំណោះស្រាយ និង​លទ្ធផល​ល្អ ព្រោះ​អី​ពួកគាត់​គិតថា ជាតិ​របស់​ពួកគាត់​មានតម្លៃ​ចង់​ឲ្យ​ជាតិ​របស់​ពួកគាត់​ល្អ​ប្រសើរ​ឡើង ទើប​គាត់​និយាយ​ប្រសិនជា​គាត់​មិនបាន​ដាក់​ជាតិ​នៅ​លើ​ក្បាល​គាត់​ទេ គាត់​មិន​និយាយ​ដែរ​។ បើសិន​ពួកគាត់​មិនបាន​ដាក់​ទឹកដី​នៅ​លើ​ក្បាល​គាត់​ទេ ក៏​គាត់​មិន​ខ្វល់ខ្វាយ​រឿង​ជាតិ​សាសន៍​ខ្លួនឯង​ដែរ។ អ៊ីចឹង ខ្ញុំ​គិតថា​អ្វីៗ​គ្រប់យ៉ាង ដែល​ពួកគាត់​និយាយ​ការពិត គឺ​សុទ្ធតែ​ដើម្បី​ទឹកដី​របស់​ខ្លួនឯង មិនមែន​មាន ចេតនា​អាក្រក់​អី​ទេ​។ អ៊ីចឹង​គួរតែ​ប្រសើរ​ឡើង​តុលាការ​គួរតែ​ផ្ដល់​ភាព​ស្អាតស្អំ​ឲ្យ គាត់​មិន​គួរ​ណា​មាន​ការ​ចោទប្រកាន់​ដល់​ថ្នាក់​នេះ​ទេ»។

សេចក្ដីរាយការណ៍​របស់​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា លោក ធូ វ៉ាឃីម គឺជា​យុវជន​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​លើកឡើង​ពី​បញ្ហា​សង្គម​នានា ដូចជា​បញ្ហា​សិទិ្ធមនុស្ស និង​លំនៅឋាន​របស់​ពលរដ្ឋ ក្នុង​សហគមន៍​បឹង​តាមោក ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​ព្រៃឡង់ ជម្លោះដីធ្លី​របស់​សហគមន៍​ឡពាង ខេត្ត​កំពង់ឆ្នាំង ព្រមទាំង ការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សង្គម និង​បរិស្ថាន និង​ទាមទារ​យុត្តិធម៌​លើ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី និង​បញ្ហា​ព្រំដែន​ជាដើម។

ជាមួយ​គ្នា​នេះ លោក​ក៏​ធ្លាប់​ទទួលរង​ការ​គំរាមកំហែង និង​រំលោភបំពាន​ពី​អាជ្ញាធរ​ស៊ីវិល និង​គណៈ​គ្រប់គ្រង​សង្ឃ​ជា​ច្រើនដង​កាល​ពី​ពេល​លោក ធូ វ៉ាឃីម នៅ​ជា​បព្វជិត​នៅ​ឡើយ ជាពិសេស​ក្រោយ​ពេល​ដែល​លោក​ចូលរួម​រំលឹក​ខួប ៨​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅមុខ​ហាង​កាហ្វេ​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច​បូកគោ កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤។

ក្រោយមក​នៅ​ខែ​សីហា ឆ្នាំ​២០២៤ លោក ធូ វ៉ាឃីម ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​និង​ព្រះសង្ឃ​ជា​ថ្នាក់ដឹកនាំ​វត្ត​ថាន់ ក្នុង​រាជធានី​ភ្នំពេញ​បង្ខំ​ចំនួន​២​ដង ឱ្យធ្វើ​កិច្ច​សន្យា​បញ្ឈប់​ចូលរួម​ធ្វើ​សកម្មភាព​សង្គម។

ជុំវិញ​រឿង​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​ដាន​តាម​សវនាការ​សំណុំ​រឿង​នេះ យល់​ថា ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ ក្នុង​ការ​បញ្ចេញមតិ អំពី​បញ្ហា​សង្គម គឺ​កាន់តែ​ធ្ងន់ធ្ងរ។

លោក យី សុខសាន្ត៖ «សមត្ថកិច្ច ក៏ដូចជា តុលាការ​ចោទប្រកាន់​ពី​ពួកគាត់​ដោយ បើ​យើង​និយាយ​ពី​ប្រទេស​កម្ពុជា ដែល​មាន​ការគោរព​សិទ្ធិមនុស្ស គឺថា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេង​លែង ហ៊ាន​និយាយ​តទៅទៀត បើសិនជា​គ្រាន់តែ​និយាយ​មើលឃើញ​ជាក់ស្ដែង មើលឃើញ​ហើយ​មិន​ហ៊ាន​និយាយ​មិន​ហា​៊​ន​ថា ថ្ងៃក្រោយ​ទៅធ្វើ​ឲ្យ​មានការ​រឹតត្បិត​សេរី ភាព​ក្នុង​ការ​បញ្ចេញមតិ។ ប្រទេស​កម្ពុជា​យើង​វា​ក្លាយ​ជា វា​លែង​នីតិរដ្ឋ​ហើយ»។

ក្រោយពី​បញ្ចប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាលក្រម​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ធូ វ៉ាឃីម នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ខាងមុខ​នេះ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ