

ពលរដ្ឋមួយចំនួនលើកឡើងថា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ ត្រូវយោធាថៃចូលឈ្លានពានបែបនេះ ប្រជាពលរដ្ឋគួរតែផ្អាកការផឹកស៊ីច្រៀងលេងកម្សាន្ត និងកាត់បន្ថយកម្មវិធីជួបជុំ ដើម្បីយកពេលវេលា និងធនធានទុកសម្រាប់ជួយជនភៀសសឹក និងកងទ័ពនៅជួរមុខ។ ទន្ទឹមគ្នានេះ ពលរដ្ឋមួយចំនួន បានប្ដេជ្ញាធ្វើពហិការលើទំនិញថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច និងបង្ហាញការមិនពេញចិត្តចំពោះទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា។
ពលរដ្ឋលើកឡើងថា ពេលនេះយោធាថៃបានចូលឈ្លានពាន និងវាយប្រហារកាន់តែជ្រៅ ចូលមកក្នុងទឹកដីកម្ពុជាហើយ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋខ្មែរមិនគួរបង្កើតកម្មវិធីសប្បាយ ដូចគ្មានរឿងអ្វីកើតឡើងនោះឡើយ។
ពលរដ្ឋនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ លោកស្រី ចាន់ ស្រីមុំ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែធ្នូ ថា នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងជួបគ្រោះ ដោយសារយោធាថៃ បានបាញ់ប្រហារ និងទម្លាក់គ្រាប់ផ្ទុះរាល់ថ្ងៃ ទៅលើខេត្តជាប់ព្រំដែន លោកស្រីបានឃើញពលរដ្ឋ នៅតាមខេត្តមួយចំនួន នៅតែបង្កើតកម្មវិធីជួបជុំ ផឹកស៊ីសប្បាយ។ លោកស្រីបន្តថា ទង្វើបែបនេះ ប្រៀបដូចជាការបង្ហាញភាពរីករាយ នៅលើគំនរទុក្ខរបស់ជនភៀសសឹក និងកងទ័ពខ្មែរ ដែលកំពុងជួបការលំបាក និងយកជីវិតមកការពារបូរណភាពទឹកដីដូច្នេះដែរ។
លោកស្រី ចាន់ ស្រីមុំ៖ «ប្រជាពលរដ្ឋ យើងត្រូវសន្សំសំចៃ នាំគ្នាអង្គាស ដើម្បីជួយលុយហ្នឹងទៅឱ្យសមរភូមិមុខ និងជនភៀសសឹកដែលគាត់ខ្វះខាត ដែលផ្ទះគាត់ត្រូវបានយោធាថៃបំផ្លាញ គាត់អត់មានសល់អ្វីទេ យើងត្រូវជួយដើម្បីឱ្យរស់ទាំងអស់គ្នា»។
ក្នុងការវាយប្រហាររបស់យោធាថៃ នៅក្នុងកាលចុងក្រោយនេះ គឺកាន់តែចូលជ្រៅ ចូលមកក្នុងទឹកដីកម្ពុជា ជាច្រើនគីឡូម៉ែត្រ រួមមាន ភូមិសាស្ត្រ ស្រុកស្រីស្នំនៅខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ នៅខេត្តបន្ទាយមានជ័យ ជាដើម។ ក្នុងប្រតិបត្តិការវាយប្រហារតាមរយៈយន្តហោះ F-16នេះ ទ័ពអាកាសថៃ បានទម្លាក់គ្រាប់បែកនៅក្បែរទីប្រជុំជន សាលារៀន វត្តអារាម និងមិនលើកលែង សូម្បីតែជំរំជនភៀសខ្លួន។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់មានចម្ងាយពីទីតាំងដែលយោធាថៃបានវាយប្រហារ មិនដល់ ៥០គីឡូម៉ែត្រផងនោះ នៅតែបន្តរៀបចំពិធីជួបជុំ និងផឹកស៊ីហ៊ឹកហ៊ាក់ធម្មតា ដោយកម្មវិធីខ្លះ បានសង់រោងបិទផ្លូវថែមទៀតក៏មាន។ ជាងនេះទៅទៀត កម្មវិធីមួយចំនួន បានចាក់ធុងបាសឮរំពងនៅពេលយប់ ធ្វើឱ្យរំខានដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋដទៃទៀត ដែលពួកគាត់កំពុងបារម្ភអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន។
ចំណែកពលរដ្ឋរស់នៅខេត្តសៀមរាប កញ្ញា វ៉ាន់ សេរី លើកឡើងថា សំឡេងឧគ្ឃោសនស័ព្ទ នៅក្នុងកម្មវិធីជួបជុំមួយចំនួន បានរំខានដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផង និងបង្កជាក្ដីបារម្ភផង ដោយសារតែធុងបាស់ ដែលបញ្ចេញសំឡេងធ្ងន់ៗនេះ អាចបន្លំ ឬលុបពីលើសំឡេងគ្រាប់បែក ដែលទម្លាក់ពីយន្តហោះរបស់ថៃ ក៏អាចថាបាន។
កញ្ញា វ៉ាន់ សេរី៖ «មិនមែនទាល់តែយើងផ្អាក ឬបញ្ឈប់កម្មវិធីរបស់យើង ទើបហៅថាស្នេហាជាតិនោះទេ ត្រឹមតែយើងកាត់បន្ថយសំឡេងឧគ្ឃោសនស័ព្ទហ្នឹងមួយ និងការផឹកស៊ីរាំសប្បាយហ្នឹងមួយទៀត នោះមានឈ្មោះថា យើងចូលរួមក្នុងសកម្មភាពស្នេហាជាតិហើយ»។
ដោយឡែក ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជានេះដែរ ពលរដ្ឋមួយចំនួន បានធ្វើពហិការលើទំនិញថៃ ដើម្បីចូលរួមចំណែកដាក់សម្ពាធសេដ្ឋកិច្ចថៃ និងបង្ហាញការមិនពេញចិត្តចំពោះទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា។
ក្នុងនោះ ពលរដ្ឋនៅខេត្តបាត់ដំបង លោកស្រី យេត យ៉ូន ស្នើឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមពហិការលើទំនិញថៃទាំងអស់ ដោយលោកស្រីយល់ថា ពហិការនេះ យ៉ាងហោចណាស់ ក៏ជាផ្នែកមួយ ដែលរួមចំណែកជួយដល់ប្រទេសជាតិ តាមរយៈការឈប់ទិញទំនិញរបស់ថៃ ធ្វើឱ្យសេដ្ឋកិច្ចរបស់ថៃ ទទួលរងផលប៉ះពាល់ និងជាឱកាសលើកស្ទួយផលិតផលក្នុងស្រុក។
លោកស្រី យែត យ៉ូន៖ «មីងប្ដេជ្ញាចិត្តថា មិនប្រើរបស់សៀមទៀតទេ។ ឈឺចាប់ណាស់។ មិនបាច់សួរថា ត្រូវប្រើរបស់ថៃឬអត់ទៀតទេ គឺប្ដេជ្ញាថា មិនប្រើរបស់សៀមទៀតទេ»។
នៅប្រតិបត្តិការវាយប្រហារ របស់យោធាថៃ មកលើកម្ពុជា នៅពេលនេះ ហាក់មានសភាពធ្ងន់ធ្ងរ និងអូសបន្លាយយូរជាងគេ នៅក្នុងសង្គ្រាមសម័យថ្មីនេះ ដោយយោធាថៃ បានបញ្ជូនទាំងទាហានជើងគោក អាកាស និងជើងទឹក ជាដើម។ ជាមួយគ្នានេះ សភាពាណិជ្ជកម្ម និងរដ្ឋាភិបាលស៊ីវិលរបស់ថៃ ដែលទើបនឹងរំលាយនេះ បានប្រកាសបើកភ្លើងខៀវ ឱ្យក្រុមយោធាថៃ វាយប្រហារមកលើកម្ពុជា ដោយគ្មានការជំទាស់ ខណៈស្ថាប័ន គ.ជ.ប របស់ថៃ បានពន្យារពេល ដោយអូសបន្លាយការបោះឆ្នោត លើសពី ៦០ថ្ងៃ ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់យោធាថៃ ក្នុងការវាយប្រហារមកលើកម្ពុជាទៀតផង។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ស្នើឱ្យប្រជាពលរដ្ឋ កាត់បន្ថយការផឹកស៊ីសប្បាយ ឬពន្យារពេលចំពោះកម្មវិធីធំៗ ដូចជាពិធីមង្គលការជាដើម ព្រោះនៅក្នុងកាលៈទេសៈ ដែលស្រុកទេសកំពុងមានសង្គ្រាមបែបនេះ ប្រជាពលរដ្ឋដទៃទៀត ត្រូវការធនធានដើម្បីជម្លៀស ខណៈការបង្កើតកម្មវិធីធំៗ ក៏អាចនឹងធ្វើឱ្យស្ទះផ្លូវធ្វើដំណើរផងដែរ។ ចំពោះការធ្វើពហិការ របស់ពលរដ្ឋខ្មែរ លើទំនិញថៃវិញ លោកយល់ឃើញថា វិធីនេះ គឺជាការប្រឆាំងដោយអហិង្សា និងជាការបណ្ដុះនូវស្មារតីមនសិការជាតិ។
លោក អ៊ិន គង់ជិត៖ «វាជាសិទ្ធិស្វ័យសម្រេច និងជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ កាលណាគាត់លើកកម្ពស់បែបនេះ ធ្វើឱ្យថវិការបស់ពួកគាត់ហ្នឹង នៅក្នុងប្រទេស វាអត់ចេញក្រៅប្រទេសទេ។ អ៊ីចឹងជាការរួមចំណែក ជួយជាតិខ្មែរនៅពេលនេះ»។
យ៉ាងណាក៏ដោយចុះ ពលរដ្ឋដែលរស់នៅតំបន់ព្រំដែន ស្នើឱ្យពលរដ្ឋខ្មែរ ដែលរស់នៅតំបន់មានសុវត្ថិភាព កាត់បន្ថយការបង្កើតកម្មវិធីផឹកស៊ីសប្បាយ ហើយងាកមករួមគ្នា ធ្វើយ៉ាងណា ដើម្បីជួយជាកម្លាំងដល់ទាហានខ្មែរ ដែលនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលមានចំនួនរាប់ម៉ឺននាក់៕









