ជនភៀសសឹក​ខ្លះ​បង្ហាញ​អារម្មណ៍​ឈឺចាប់​ដោយសារ​មិន​អាច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ

0
7
ពលរដ្ឋជាជនភៀសសឹកខ្មែរ ជិះតាមគោយន្តដឹកសមាជិកគ្រួសារ និងសម្ភារៈប្រើប្រាស់គេចពីការឈ្លានរបស់យោធាថៃ នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ​ហ្វេសប៊ុកលោក ម៉េត មាសភក្ដី
ពលរដ្ឋជាជនភៀសសឹកខ្មែរ ជិះតាមគោយន្តដឹកសមាជិកគ្រួសារ និងសម្ភារៈប្រើប្រាស់គេចពីការឈ្លានរបស់យោធាថៃ នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ​ហ្វេសប៊ុកលោក ម៉េត មាសភក្ដី

ជនភៀសសឹក​ខ្លះ​បង្ហាញ​អារម្មណ៍​ឈឺចាប់ ដោយសារ​មិនអាច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ក្នុង​ពេល​រដ្ឋាភិបាល​កំពុង​រៀបចំ​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​ក្នុង​ទីជម្រក​បណ្ដោះអាសន្ន​ថ្មី​ជំនួស​ឱ្យ​ការរស់នៅ ក្រោម​តង់​កៅស៊ូ។ ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ឱ្យ​បាន​ឆាប់រហ័ស​ជាជាង​ព្យាយាម​លាក់បាំង​ព័ត៌មាន ហើយ​បន្ត​ចាប់​ពលរដ្ឋ​ខ្លួនឯង​ដាក់​ពន្ធនាគារ។

បើ​ទោះ​ជា​រដ្ឋាភិបាល បាន​ព្យាយាម ស្អំ​ចិត្ត​ពលរដ្ឋ តាមរយៈ​ការរៀបចំ​ទីតាំង​ថ្មី ដោយ​សាងសង់​កូន​ផ្ទះ​តូចៗ សម្រាប់​ជនភៀសសឹក រស់នៅ​បណ្ដោះអាសន្ន ជំនួស ឱ្យ​ការរស់នៅ​ក្រោម​តង់​កៅស៊ូ​ក្ដី ក៏​អ្នកភូមិ​ខ្លះ ហាក់​មិនសូវ​សប្បាយចិត្ត​នោះ​ទេ ព្រោះ​បារម្ភ​រឿង​អនាគត​មិន​ច្បាស់លាស់។ ទន្ទឹមគ្នា​នោះ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល ត្រូវ​បញ្ជាក់​ជំហរ​ច្បាស់លាស់​ថា​តើ នឹង ទាមទារ​ដីធ្លី និង​ផ្ទះសម្បែង​ដែល​បាត់បង់​នោះ មកវិញ​ដោយ​របៀប​ណា ហើយ​ប្រសិនបើ​ទាមទារ មិនបាន​រដ្ឋាភិបាល ត្រូវ​ទទួលខុស​ត្រូវ​ចំពោះមុខ​ប្រជាជន ព្រោះ​ថា ពួកគាត់ មិន​ចង់​រស់នៅ​ដោយ​ភាព​ស្ងប់ស្ងាត់ តាមតែ​ការរៀបចំ​របស់​រដ្ឋាភិបាល​នោះ​ទេ។

ជនភៀសសឹក​រស់នៅ​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោកស្រី ផុន កញ្ញា បាន​បង្ហោះ​វីដេអូ នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ដោយ​រៀប​រាប់ទាំង​ទឹកភ្នែក និង​អារម្មណ៍​ឈឺចាប់​ថា ថ្វីត្បិតតែ រដ្ឋាភិបាល​បាន រៀបចំ​ទីជម្រក​ថ្មី ដល់​ជនភៀសសឹក​ក្ដី លោកស្រី​ហាក់​មិន​សប្បាយចិត្ត​សោះ ហើយ ឈឺចាប់​ជា​ខ្លាំង ខណៈ​ដែល​រដ្ឋាភិបាល​ហាក់​គ្មាន​ជំហរ​ច្បាស់លាស់ ដើម្បី​ទាមទារ​ដីធ្លី និង​ផ្ទះសម្បែង របស់​អ្នកភូមិ​មកវិញ​។ លោកស្រី​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល គ្មាន​សមត្ថភាព​ដោះស្រាយ ក៏​គួរតែ​ប្រាប់​ពលរដ្ឋ​តាម​ត្រង់ ដើម្បី​ឱ្យ​ពួកគាត់​បាន​ដឹង។

លោកស្រី ផុន កញ្ញា៖ «វា​ឈឺចាប់​គ្រប់​តែ​គ្នា​ហ្នឹងឯង​ទាំង​គេ ទាំង​ខ្ញុំ​។ បើ​ថា​គ្មាន​សមត្ថភាព​យក​ដី យក​ផ្ទះ​មក​ឱ្យ​ទេ និយាយ​តាម​ត្រង់​មក​មិនបាច់​ឱ្យ​នៅ​បណ្ដោះអាសន្ន កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​ទេ។ ជីវិត​ខ្ញុំ ត្រូវ​រស់នៅ​បន្ត​ទៀត មិនមែន​រស់នៅ​ចាំ​បណ្ដោះអាសន្ន​ទេ។ វា​និយាយ​អត់​ចេញ វា​ពិបាក​និយាយ​ណាស់​។ កុំមក​ប្រើ​ពាក្យ​ធ្វើ​ផ្ទះ​ឱ្យ​នៅ​បណ្ដោះអាសន្ន មានន័យថា​យ៉ាងម៉េច ពាក្យ​ថា​បណ្ដោះអាសន្ន​ហ្នឹង​។ នៅ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​មែន មាន​ក្ដី​សុខ​ខ្លាំង​មែន​!.»។

រីឯ​ពលរដ្ឋ​ម្នាក់ទៀត លោក លី គីមសាល បាន​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេសប៊​ក របស់​លោក ដោយ​និយាយ​យ៉ាង​ខ្លី​ថា លោក​ក៏​មិន​សប្បាយចិត្ត នឹង​អំណោយ ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ ១​លាន​រៀល និង​ផ្ដល់​ទីជម្រក​បណ្ដោះអាសន្ន​ថ្មី នោះ​ដែរ ក៏ប៉ុន្តែ ក្នុងនាម​ជា​ជនភៀសសឹក លោក​គ្មាន​ជម្រើស​ឡើយ ក្រៅ​តែ​ពី​អត់ធ្មត់ ទទួល​យក។

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយពី​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក គន់ គីម រួម​និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក ឌិត ទីណា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ បាន​ចុះ​ចែក​អំណោយ​ដល់​ជនភៀសសឹក​ជា​ស្បៀង និង​ប្រាក់​១​លាន​រៀល ក្នុង​១​គ្រួសារ និង​សន្យា​ថា នឹង​រៀបចំ​ទីតាំង​បណ្ដោះអាសន្ន​ថ្មី​ដល់​ជនភៀសសឹក ទាំងអស់ ដែល​មាន​ជាង ១​ពាន់​៥​រយ​គ្រួសារ។

ប្រទេស​ថៃ​មក លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ចុះ​មក​ជួប​ជនភៀសសឹក​ដែរ និង​​​​បាន​ថ្លែង​សារ ដោយ​ប្រយ័ត្នប្រយែង​និង សន្យា​ថា នឹង​ទាមទារ​ទឹកដី ដែល​បាន​បាត់បង់​មកវិញ។ ទោះជា​យ៉ាងណា ការសន្យា របស់​លោក ហ៊ុន ម៉ាណែត ហាក់​មិន​ឃើញ​មាន​លទ្ធផល​ជា​ដុំកំភួន ហើយ​រដ្ឋាភិបាល​លោក​ក៏​ពុំ​បាន​បង្ហាញ​ឆន្ទៈ ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌ អន្តរជាតិ ICJ នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ហាក់​គ្មាន​ជំនឿ​ចិត្ត​សោះ​ថា រដ្ឋាភិបាល នឹង​អាច​ទាមទារ​ទឹកដី ដែល​បាត់បង់​នោះ​មក​វិញ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយ​តប ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី យល់ឃើញ​ថា ការដែល​ពលរដ្ឋ​បញ្ចេញ​អារម្មណ៍ ឈឺចាប់ ព្រោះ តែ​មិន​បាន​វិល​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ​នោះ ទំនង​មកពី​ការ​ឆ្លើយ​តប និង​ការ​បង្ហាញ ជំហរ របស់​រដ្ឋាភិបាល មិន​ច្បាស់លាស់​ក្នុង​ការ​ទាមទារ​ទឹកដី​ដែល​បាន​បាត់បង់ នោះ​មក​វិញ។ ទន្ទឹមគ្នា​នោះ លោក​ថា ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​អ្នក​និយាយ​ការពិត ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ ហាក់​កាន់តែ​មាន​ការ​សង្ស័យ​បន្ថែម​ថា រដ្ឋាភិបាល​ទំនងជា​មាន​ការ​លាក់បាំង រឿង​ជា ច្រើន​នៅ​ពីក្រោយ​នៃ ការ​ដោះស្រាយ​បញ្ហា​ព្រំដែន។

បណ្ឌិត មាស នី៖ «​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា មកដល់ពេលនេះ រដ្ឋាភិបាល ក៏​ហាក់ដូចជា​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​គ្រាន់តែ​និយាយ​ថា មិន​ទទួលស្គាល់​ទីតាំង​កាន់កាប់​នឹង ក៏ប៉ុន្តែ មិន​ឃើញ​មាន​វិធានការ​អី ត្រូវធ្វើ ក្រៅពី​រង់ចាំ​។ កន្លែង​នឹង​ហើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អង្គុយ​ទន្ទឹម​រង់ចាំ ដែល​អាច​ចេញ​ពី​មាត់​រដ្ឋាភិបាល ថា​តើ​ពេលណា​ពួកគាត់​អាច​ត្រឡប់​ទៅ​ភូមិ​គាត់​វិញ​បាន​។ រឿង​សំខាន់​មកពី​ខ្វះ​ភាព​ច្បាស់លាស់ របស់​រដ្ឋាភិបាល»។

ជាង​២​ខែ​ហើយ ដែល​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក និង​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ស្រុក​អូរជ្រៅ បាន​ចាក់​ចេញពី​លំនៅឋាន មក​រស់នៅ​ក្នុង​ជំរំ​ជនភៀសសឹក​។ អ្នកភូមិ​ឈឺចាប់ នៅ​ពេល​ដែល​នឹក​ដល់​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ដែល​យោធា​ថៃ​បំផ្លាញ ព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​ដែល​ពួកគាត់​បាន​ខិតខំ​កសាង​ឡើង​ដោយ​លំបាក។ អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់រហ័ស និង​ប្រសិទ្ធភាព​ហើយ​ត្រូវ​ហ៊ាន​លះបង់​អំណាច ប្រសិនបើ​ការពារ​ទឹកដី និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​មិន​បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ