គ្រួសារ​យោធិន​មួយ​ចំនួន​បាត់​ដំណឹង​សាច់ញាតិ និង​រក​សព​មិន​ឃើញ​ក្រោយ​សង្គ្រាម​ព្រំដែន​ថៃ

0
37
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម

គ្រួសារ​របស់​យោធិន​មួយ​ចំនួន បាន​អះអាង​ថា គ្រួសារ​ពួកគាត់​បាន​បាត់​ខ្លួន​ដោយ​មិនបាន​ទទួល​ដំណឹង​ថា ស្លាប់ ឬក៏​នៅរ​ស់​នោះ​ទេ និង​ខ្លះទៀត​អះអាង​ថា បាន​ទទួល​ដំណឹង​ថា បាន​ពលី​ហើយ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​រក​សព​ឃើញ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​យោធិន រស់នៅ​ទាំង​មិន​ស្ងប់ចិត្ត ដោយ​បារម្ភ​ពី​សមាជិកគ្រួសារ​ដែល​បាត់​ដំណឹង និង​ស្វែងរក​សព​មិនទាន់​ឃើញ។

សំឡេង​ផ្ទុះ​កាំភ្លើង​តូច​ធំ និង​គ្រាប់បែក បាន​ស្ងាត់​ជិត​មួយ​ខែ​ទៅ​ហើយ នៅ​ឯ​សមរភូមិ​ព្រំដែន​កម្ពុជា​-​ថៃ។ យោធិន​ខ្មែរ​ដែល​រួច​រស់​ពី​សង្គ្រាម បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ​ដោយ​ក្ដី​រំភើប ចំណែក​អ្នក​ដែល​បាន​ពលី​ខ្លះ សាកសព​បាន​ដេក​ក្នុង​មឈូស និង​បញ្ជូន​ទៅ​ឱ្យ​គ្រួសារ​។ ក៏ប៉ុន្តែ មាន​ទាហាន​មួយ​ចំនួន​ទៀត​បាន​បាត់​ខ្លួន និង​ខ្លះទៀត​មិនទាន់​រក​សព​ឃើញ​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​គ្រួសារ​ពួកគេ រង់ចាំ​ដោយ​ក្ដី​សោកសៅ។

កូនស្រី​បង្កើត​របស់​យោធិន ឈ្មោះ នូវ ណារ៉ុង គឺ​កញ្ញា ម៉ុន សុផា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មករា ថា ឪពុក​របស់​កញ្ញា​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ នៅ​តំបន់​សមរភូមិ​ប្រាសាទ​តាក្របី ក្នុង​កំលុង​ប្រយុទ្ធ​គ្នា ជាមួយ​កងទ័ព​ថៃ។ កញ្ញា​បញ្ជាក់​ថា មក​ដល់​ពេល​នេះ កញ្ញា​នៅ​មិនទាន់​ដឹង​ថា ឪពុក​របស់​កញ្ញា​បាន​ពលី ឬក៏​នៅ​រស់​យ៉ាងណា​នោះ​ទេ ខណៈ​ទាហាន ដែល​នៅក្នុង​អង្គភាព​ជាមួយគ្នា បាន​ស្វែងរក​យ៉ាងណា ក៏​មិនឃើញ​។ កញ្ញា​បន្ត​ថា ការ​បាត់​ដំណឹង​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​កញ្ញា​កើតក្ដី​បារម្ភ​ផង និង​ទុក្ខព្រួយ​ផង។

កញ្ញា ម៉ុន សុផា៖ «​មួយខែ​ជាង​ហើយ ក្រុម​គ្រួសារ​អស់សង្ឃឹម​ហើយ ព្រោះ​អត់​ឃើញ​សាកសព ហើយ​គ្រួសារ របៀប​ថា ៥០​រស់ និង​៥០​ស្លាប់ មិន​ដឹង​ថា គាត់​ពលី ឬក៏​មានជីវិត​នៅក្នុង​ព្រៃ​នោះ​ទេ​។ ខ្ញុំ​អត់​ចង់​បង្ហោះ​ហ្វេសប៊ុក​ទេ មួយ​រយៈ​ពេលនេះ ដោយសារ​វា​ប៉ះពាល់​ផ្លូវចិត្ត​ខ្ញុំ​ពេក ព្រោះ​កាត់​ត​វីដេអូ​យំ​ម្ដង សរសេរ​អក្សរ​បង្ហោះ យំ​ម្ដងទៀត ហើយ​គេ​បញ្ចេញមតិ​សួរ​ច្រើន»។

ដូចគ្នា​នេះ​ដែរ យោធិន​ម្នាក់ទៀត ដែល​បាន​បាត់​ខ្លួន​នៅ​តំបន់​ប្រាសាទ​តា​ក្របី គឺ​លោក អ៊ុំ សារិន ក៏​មិន​ទាន់​បាន​រក​ឃើញ ឬ​ទទួល​បាន​ដំណឹង​នៅឡើយ​។ កូនៗ​របស់​លោក អ៊ុំ សារិន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា មក​ដល់​ពេល​នេះ ពួកគេ​មិន​ទាន់​ច្បាស់​ថា ឪពុក​របស់​ពួកគេ បាន​ពលី ឬក៏​នៅ​រស់ យ៉ាងណា​នោះ​ឡើយ។

យោធិន​ទាំង​ពីរ​រូប គឺ​លោក នូវ ណារ៉ុង និង​លោក អ៊ុំ សារិន បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ បន្ទាប់​ពី​កងទ័ព​ថៃ បាន​វាយកម្ទេច​លេណដ្ឋាន ហើយ​កងទ័ព​ខ្មែរ បាន​ដកថយ​ចុះ​ពីលើ​ប្រាសាទ។

ទាហាន​ម្នាក់ ដែល​ស្ថិត​នៅ​ក្នុង​កងពល​ជាមួយ​យោធិន​ទាំង​ពីរ​រូប បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា គិត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​នៅ​មិន​ទាន់​រក​ឃើញ​យោធិន​ទាំង​ពីរ​រូប​នៅ​ឡើយ ហើយ​អង្គភាព​បាន​សន្និដ្ឋាន​ថា ពួកគេ​បាន​ពលី​ទៅ​ហើយ។

ទាហាន​ទី​១៖ «​តាម​ការ​សន្និដ្ឋាន យើង​គិតថា​គាត់​ពលី​ហើយ ព្រោះ​តាំងពី​ថ្ងៃ​ដែល​គាត់​បាន​បាត់​ខ្លួន អត់​ទាន់​បាន​ទទួល​ដំណឹង​គាត់​ផង»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​អំពី​ចំនួន​កងទ័ព​ដែល​បាន​ពលី និង​បាត់​ខ្លួន​នៅក្នុង​សង្គ្រាម​បាន​នោះ​ទេ នៅ​ថ្ងៃទី​២៣ ខែ​មករា។

ទាហាន​ម្នាក់ ឈរជើង​នៅ​តំបន់​ប្រាសាទ​តាក្របី ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ក្នុង​សមរភូមិ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ប្រាសាទ​តា​ក្របី មាន​ទាហាន​ខ្មែរ​មួយ​ចំនួន ត្រូវ​ទាហាន​ថៃ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ធំ​ចំ បណ្ដាល​ឱ្យ​ខ្ទេច​រាងកាយ និង​ខ្លះទៀត បាន​កប់​នៅក្នុង​បន្ទាយ​លេណដ្ឋាន​(Bunker) ដោយសារ​គ្រាប់បែក ដែល​យោធា​ថៃ​ទម្លាក់​ពីលើ​យន្តហោះ​។ លោក​បន្ត​ថា លទ្ធភាព​ស្វែងរក​សព​ទាហាន​ដែល​ពលី គឺ​អាស្រ័យ​លើ​ការ​យកចិត្តទុកដាក់ របស់​មេបញ្ជាការ​នៅក្នុង​អង្គភាព​នីមួយៗ។

ទាហាន​ទី​២៖ «​យើង​ត្រូវ​ទទួលស្គាល់។ ព្រោះ​សព្វថ្ងៃ គ្រួសារ​កងទ័ព​ខ្លះ បាន​បាត់​សមាជិក​។ អ៊ីចឹង​គេ​ប្រាប់​យើង មិន​ឱ្យ​បង្ហោះ​ព័ត៌មាន​នោះ​ទេ។ នៅពេល​គ្រួសារ​ធ្វើ​វីដេអូ ស្វែងរក​សមាជិក​គ្រួសារ នឹង​ត្រូវ​គេ​កាក់​ទុក​ហើយ»។

កន្លងទៅ​ថ្មីៗ​នេះ មានការ​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ពី​បំណែក​សាកសព និង​ឯកសណ្ឋាន​ទាហាន​ខ្មែរ ដែល​រហែក​ដាច់ដោច រាយប៉ាយ​នៅ​លើ​ដី ក្នុង​តំបន់​ប្រាសាទ​តាក្របី និង​សព​ដែល​គេ​អះអាង​ថា បាន​កប់​នៅ​ក្រោម​បេតុង​ក្នុង​លេណដ្ឋាន ដែល​បាន​ជះក្លិន​ស្អុយ​។ ទន្ទឹមគ្នា​នេះ ព្រះសង្ឃ​ថៃ ដែល​ចូលរួម​កសាង​រូប​បដិមា និង​ចាក់​ផ្លូវ​បេតុង នៅ​លើ​ប្រាសាទ​តា​ក្របី ក៏បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​បង្ហាញ​ពី​ការ​រើស​ឆ្អឹង ដែល​ពួកគេ​អះអាង​ថា ជា​បំណែក​សព​ទាហាន​ខ្មែរ យក​ទៅ​បូជា​ផង​ដែរ។

មេបញ្ជាការ​កងទ័ព​ថៃ​ម្នាក់ ប្រចាំ​នៅ​តំបន់​ប្រាសាទ​តា​ក្របី បាន​អះអាង​ថា ក្រោយ​វាយ​កាន់កាប់​តំបន់​ប្រាសាទ​រួចមក ក្រុម​ទាហាន​ថៃ បាន​ធ្វើ​ការកំណត់​អំពី​ចំនួន​សព​ទាហាន​ខ្មែរ​ចំនួន ១៦​នាក់ ដែល​បាន​កប់​នៅក្នុង​តួ​ប្រាសាទ ក្រោម​គំនរ​ថ្ម​បាក់បែក ដែល​យោធា​ថៃ​បាន​បាញ់​ផ្លោង​ដាក់។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វ​ឌ្ឍី មាន​ប្រសាសន៍​ថា ជាទូទៅ​គេ​អាច​កំណត់​អត្តសញ្ញាណ​ទាហាន​ដែល​ពលី​បាន តាមរយៈ​ឈ្មោះ​របស់​យោធិន ដែល​ប៉ាក់​នៅ​ជាប់​ឯកសណ្ឋាន ឬ​រូបថត និង​សម្ភារៈ ដែល​ជាប់​នឹង​ខ្លួន​។ លោក​បន្ត​ថា ចំពោះ​សព​ដែល​រលួយ ឬ​បែក​ទៅជា​បំណែក គេ​អាច​កំណត់​ពី​អត្តសញ្ញាណ​បាន តាមរយៈ​ការ​ធ្វើ​កោសលវិច័យ ឬ​ពិនិត្យ​DNA​។ ទោះ​យ៉ាងណា លោក​បន្ត​ថា ចំពោះ​ការ​បាត់​ដំណឹង​របស់​យោធិន​មួយ​ចំនួន បញ្ហា​នេះ នឹង​ធ្វើ​ឱ្យ​គ្រួសារ​ពួកគេ មាន​វិបត្តិ​ផ្លូវចិត្ត​រយៈពេល​យូរអង្វែង។

លោក អ៊ូច វុឌ្ឍី៖ «​ដើម្បី​យក​សាកសព​ដែល​ស្លាប់​នៅក្នុង​សមរភូមិ​ទាំងអស់​ហ្នឹង ទៅ​ធ្វើ​កោសលវិច័យ លុះត្រាតែ​សាកសព​ទាំងអស់​ហ្នឹង យើង​បាន​ទាំងមូល ឬ​ថ្មីថ្មោង វា​មិន​លើស​ពី ៤៨​ម៉ោង ឬ​មួយ​ក៏​២​យប់ ឬមួយ​ក៏​សាកសព​ហ្នឹង មិន​ខ្ទេច មិន​បំបែក​បំណែក​សាកសព​អត់​បែក​ខ្ទេចខ្ទី​ទេ»។

ថៃ​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​កម្ពុជា​នៅ​តាម​ព្រំដែន ចំនួន​២​លើក​មក​ហើយ​។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ យោធា​ថៃ បាន​អះអាង​ពី​ចំនួន​ទាហាន​ពលី​របស់​ខ្លួន​ថា មាន​ចំនួន​សរុប ៤៣​នាក់ ខណៈ​ភាគី​កម្ពុជា មិនបាន​បង្ហាញ​ពី​ចំនួន​ទាហាន​ដែល​ពលី និង​បាត់​ខ្លួន​ជា​សាធារណៈ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា ទាហាន​ជួរមុខ​កម្ពុជា ធ្លាប់​អះអាង​ថា ទាហាន​ខ្មែរ ដែល​បាន​ពលី​នៅក្នុង​សមរភូមិ មាន​យ៉ាង​ហោច​ណាស់​ជាង ១៤០​នាក់។

យោធិន​ខ្មែរ​លើកឡើង​ថា ការ​ទុក​សព​ទាហាន ដែល​បាន​ពលី​ចោល​នៅក្នុង​សមរភូមិ ដូច​សត្វ​ធាតុ​បែប​នេះ គឺជា​រឿង​ដែល​អគុណ​ធម៌​របស់​ថ្នាក់លើ និង​មេដឹកនាំ ដែល​មិន​ឱ្យ​តម្លៃ ចំពោះ​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ របស់​ទាហាន ហើយ​កត្តា​នេះ នឹង​ធ្វើ​ឱ្យ​ទាហាន​បាក់​ទឹកចិត្ត និង​ធ្វើ​ឱ្យ​វិស័យ​ការពារ​ជាតិ បាត់បង់​កិត្យានុភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ