
អឹមស៊ី៖ ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួន ត្រូវបានប៉ូលិសឈុតខ្មៅថៃ បង្កើនការធ្វើទុក្ខបុកម្នេញ និង ច្បាប់ខ្លួនដាក់គុក ជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលថៃប្រកាសលែងផ្ដល់ទិដ្ឋាការការងារ និង លិខិតស្នាក់នៅ ដល់ពលករខ្មែរជាង១០ម៉ឺននាក់ ដែលកំពុងរស់នៅប្រទេសថៃ។ អ្នកការពារសិទ្ធិពលករចំណាកស្រុកថា សកម្មភាពរបស់អាជ្ញាធរថៃនេះ គឺជាក្ដីបារម្ភខ្លាំង ខណៈពលករខ្មែរ ភាគច្រើន កំពុងតែ ប្រឈមបញ្ហាជីវភាពខ្វះខាត។
ខណៈដែល យោធាថៃ កំពុងតែបង្កើនការឈ្លានពានទឹកដីកម្ពុជា យ៉ាងគឃ្លើន និងឃោរឃៅ តាមរយៈការបាញ់ប្រហារ សម្លាប់ជនស៊ីវិលខ្មែរជាច្រើននាក់ក្នុងរយៈពេលជិតកន្លះខែមកនេះ អាជ្ញាធរថៃ ក៏បង្កើនការធ្វើទុក្ខបុកម្នេញជាថ្មីទៀត ដល់ពលករខ្មែរជាជាបន្តបន្ទាប់ដែលកំពុងតែធ្វើការនៅប្រទេសថៃ ជាពិសេស ពលករខ្មែរ ដែលធ្វើការ ដោយពុំមានឯកសារគ្រប់គ្រាន់ដូចជា ទិដ្ឋាការការងារ និង លិខិតស្នាក់នៅ ស្របច្បាប់ ជាដើម។
ពលករខ្មែរធ្វើការនៅប្រទេសថៃ លោកស្រី សឿន ដាវីន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែធ្នូថា ថ្មីៗនេះ ពួកប៉ូលិសឈុតខ្មៅ ជាច្រើននាក់ ប្រដាប់ដោយកាំភ្លើង បានសម្រុកចាប់ពលករខ្មែរ រាប់សិបនាក់ ដែលកំពុងធ្វើការ ដោយខុសច្បាប់ នៅជាយក្រុងបាងកក។ លោកស្រីថា ប៉ូលិសថៃ បានជំរិតទារលុយពលករខ្មែរ ក្នុង១នាក់ចំនួន១សែនបាត ឬជាង៣ពាន់ដុល្លារ ដើម្បីជាថ្នូរនឹងការដោះលែងឱ្យមកកម្ពុជាវិញ។ ប៉ុន្តែ ក្រោយមកអាជ្ញាធរថៃ បញ្ជាក់ថា មិនដោះលែងពលរដ្ឋទាំងនោះឡើយ ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅប្រទេសថៃវិញ។
ក្រោយហេតុការណ៍នេះកើតឡើង លោកស្រី មានក្ដីបារម្ភជាខ្លាំង ខណៈពលករខ្លះពុំហ៊ានស្នាក់នៅតាម បន្ទប់ជួលនោះទេ ពួកគាត់មករស់នៅតាមការដ្ឋានសាសង ដែលជា កន្លែងធ្វើការ បណ្ដោះអាសន្ន ព្រោះ មានថៅកែចាំជួយការពារ។ បន្ថែមពីនោះ លោកស្រីថា ចាប់តាំងពី រដ្ឋាភិបាលថៃបានប្រកាសលែងផ្ដល់ទិដ្ឋាការការងារ និងលិខិតស្នាក់នៅ ដល់ពលករខ្មែរមក គេតែងឃើញប៉ូលិសថៃ ធ្វើទុក្ខបុកម្នេញ និងដើរចាប់ពលករខ្មែរខុសច្បាប់កាន់តែខ្លាំង។
ខ្ញុំមកដេកជុំថៅកែ។ ថៅកែដេកនៅនេះដែរ អ៊ីចឹងទៅបានធ្ងន់ខ្លួនគ្រាន់ ចំណែកអ្នកនៅ កិបម៊ូ (កន្លែងដែលពលកររស់នៅ) មានពួកប៉ូលិស និង[ប៉ូលិសឈុតខ្មៅ] គេចុះចាប់ហើយ។ បើខ្ញុំដេកនៅកន្លែងការងារជុំថៅកែហ្នឹង មិនសូវអីទេ។ចាំមើលតែថៅកែ ប្រសិនបើគាត់ថា មិនធានា[សុវត្ថិភាព] ឱ្យយើងទេ មានតែទៅផ្ទះនោះឯង។ ប៉ុន្តែបើថៅកែនៅតែធានាឱ្យ មានតែនៅធ្វើការនៅនេះសិន។
អ្នកនាំពាក្យទីស្ដីការនាយករដ្ឋមន្ត្រីថៃ លោក ស៊ីរីពង្ស អង់កាសាគុលគៀត (Siripong Angkasakulkiat) បានលើកឡើងកាលពីដើមខែធ្នូ ថា រដ្ឋាភិបាលថៃ លែងផ្ដល់ទិដ្ឋាការការងារ និងលិខិតស្នាក់នៅ ដល់ពលករខ្មែរ ព្រោះប្រទេសទាំងពីកំពុងមានជម្លោះព្រំដែន។ រដ្ឋាភិបាលថៃថា ការសម្រេចនេះនឹង អនុវត្ត ចាប់ពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៦ខាងមុខ។
ទោះជាយ៉ាងណា សម្រាប់ពលករខ្មែរ ដែលកាន់លិខិតអនុញ្ញាតធ្វើការនៅប្រទេសថៃ បានផុតកំណត់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ពួកគាត់នៅតែ អាចបន្តធ្វើការ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ចំណែក ពលរដ្ឋខ្មែរ ដែលបានបន្តលិខិតអនុញ្ញាតរួចហើយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ហើយនោះ អាចបន្ត ធ្វើការ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៧ជាដើម។
ដោយឡែក សម្រាប់ពលករខ្មែរ ដែល ធ្វើការដោយខុសច្បាប់ តាំងពីយូរហើយ ឬអ្នកដែលទើបនឹងឡើងមកប្រទេសថៃ ដោយខុសច្បាប់ថ្មីៗនោះ ពុំអាចស្នើសុំ ទិដ្ឋាការការងារ និង លិខិតស្នាក់នៅ ក្នុងប្រទេសថៃ បាននោះទេ។ ករណីនេះ ពួកគាត់ មានការព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាព ខណៈប៉ូលិសថៃចុះចាប់ជាបន្តបន្ទាប់ ប្រសិនបើ គ្មាន ថៅកែ ចាំធានាសុវត្ថិភាពទេនោះ។
ពលករខ្មែរ ម្នាក់ទៀត លោក វ៉ាន់ យឿន លើកឡើងថា ចាប់តាំងពីថៃបានបើកការឈ្លានពានទ្រង់ទ្រាយធំមកលើកម្ពុជាជាលើកទី២នេះ ពលករខ្មែរ ពុំមានសេរីភាពក្នុងការដើរហើរ និងការធ្វើការងារ នោះទេ ព្រោះបារម្ភពីសុវត្ថិភាព។ ទន្ទឹមគ្នានោះ លោកថា ពលរដ្ឋខ្មែរខ្លះ ដែលគ្មានឯកសារការងារគ្រប់គ្រាន់ គឺជាមុខសញ្ញាដែលពួកប៉ូលិសថៃតាមរក និង ចាប់ខ្លួន ដោយពិន័យ ជាប្រាក់ខ្លះ និង ដាក់ពន្ធនាគារខ្លះ។ បន្ថែមពីនោះលោកថា ជម្លោះព្រំដែននេះ បានក្លាយជាជម្លោះរើសអើងពូជសាសន៍ របស់ពលរដ្ឋថៃ មកលើពលករខ្មែរ យ៉ាងធ្ងន់ធ្ងរ។
មួយរយៈពេលចុងក្រោយនេះ វាលែងជាបញ្ហាព្រំដែនរវាំងថៃខ្មែរទៀតហើយ វាទៅជាបញ្ហាជាតិសាសន៍ហើយ។ ពលរដ្ឋថៃបានឱ្យពលរដ្ឋខ្លួននឹង ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងសន្តិសុខផ្សេងៗ។ ដូចឃើញមានវីដេអូ ដើរស្វែងរកខ្មែរនៅកន្លែងណា ដើរគោះទ្វាដល់បន្ទាប់ ។ល។ ហើយតំបន់ដែលបារម្ភជាងគេនោះ គឺតំបន់ ចាន់បូរី រ៉ាក់យ៉ង ព្រោះម្ដុំនោះ ការដ្ឋានសំណង់ផ្សេងៗ និងចម្ការជាដើម មានខ្មែរនៅច្រើន។
ពលករខ្មែរស្នើឱ្យរដ្ឋាភិបាលខ្មែរ គួរតែស្នើទៅកាន់ស្ថាប័នអន្តរជាតិ ដែលធ្វើការការការពារសិទ្ធិពលករចំណាកស្រុក ឱ្យជួយ អន្តរាគមន៍ដល់អាជ្ញាធរថៃ ត្រូវបញ្ឈប់ ការធ្វើទុក្ខបុកម្នេញ មកលើពលករខ្មែរ និងទទូចឱ្យ រដ្ឋាភិបាលថៃគួរតែផ្ដល់ទិដ្ឋាការការងារ និងលិខិតស្នាក់នៅជូនពួកគាត់វិញ បើទោះបីប្រទេសទាំងពីកំពុងមានជម្លោះនឹងគ្នាក្ដី។ បន្ថែមពីនោះ ពួកគាត់ ស្នើសុំឱ្យ ជួយអន្តរាគមន៍ដល់ក្រុមជ្រុលនិយមជនជាតិថៃខ្លះ គួរតែ បញ្ឈប់រាល់ការរើសអើងពូជសាសន៍ និងអំពើហិង្សានានាមកលើពលករខ្មែរ ព្រោះពុំពាក់ព័ន្ធ បញ្ហានយោបាយនោះទេ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៤ ខែធ្នូ។
យ៉ាងណា លោក ស៊ុន មេសា បានប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃដដែលនេះថា បើទោះជារដ្ឋាភិបាលថៃ ប្រកាសលែងផ្ដល់ទិដ្ឋាការការងារ និងលិខិតស្នាក់នៅ ដល់ពលរដ្ឋខ្មែរចំនួន១០ម៉ឺននាក់ ដែលនឹងផុតសុពលភាពត្រឹមថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៦ ក្ដី រដ្ឋាភិបាលថៃ ពុំបាន ចាប់បញ្ជូនពលករខ្មែរដែលស្របច្បាប់ បញ្ជូនមកកម្ពុជាវិញ ភ្លាមៗនោះទេ។ លោកទទូចឱ្យពលករខ្មែរ រក្សាភាពស្ងប់ស្ងាត់ និង ត្រូវរាយការណ៍ ទៅកាន់ឯកអគ្គរាជទូតខ្មែរ ប្រចាំក្រុងបាងកក និងស្ថាប័នអន្តជាតិ ប្រសិនបើ រងការធ្វើ ទុក្ខបុកម្នេញ និង ការគំរាមកំហែងពីអាជ្ញាធរ និង ជនជាតិថៃ។
ជុំវិញរឿងនេះ មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា រយៈពេលចុងក្រោយនេះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃសឹងតែគ្រប់កន្លែង ត្រូវបានអាជ្ញាធរថៃ ដើរពិនិត្យមើលឯកសារ និងលិខិតឆ្លងដែន ក្រែងលោ មានអ្នកធ្វើការខុសច្បាប់ នឹងត្រូវចាប់ខ្លួន។ ទន្ទឹមគ្នានោះ លោកថា បើទោះជាពេលនេះ ក្រសួងការងារកម្ពុជា ប្រកាសថា អាជ្ញាធរ មិនចាប់បញ្ជូនពលរដ្ឋខ្មែរ ដែលនឹងផុតសុពលភាព ទិដ្ឋាការការងារ នៅដើមឆ្នាំ២០២៦ក្ដី ពលករទាំងនោះ ក៏ត្រូវត្រឡប់ទៅប្រទេសកម្ពុជាវិញដែរ បើពុំដូច្នោះទេ ប្រាកដណាស់ អាជ្ញាធរថៃ នឹងចាប់ខ្លួន។ លោកថាករណីនេះ ធ្វើឱ្យពលករខ្មែរ កាន់តែព្រួយបារម្ភពីសុវត្ថិភាពទ្វេដង ខណៈពួកគាត់កំពុងមានជីវភាពខ្វះខាត។
គេកំពុងតែរឹតបន្តឹង គេកំពុងតែត្រួតពិនិត្យមើល អ្នកណាដាច់វិសារ(Visa) អ្នកណាដាច់ប័ណ្ណការងារ ហើយការមើលឯកសាររបស់ពួកគាត់នេះ គឺសឹងគ្រប់កន្លែងក្នុងនៅប្រទេសថៃ បច្ចុប្បន្ន។ អ៊ីចឹង ហើយពួកគាត់ខ្លាច ពីការរស់នៅផង។ មួយទៀត យើងដឹងហើយថា ប្រជាជនខ្មែរ ដែលកំពុងធ្វើការនៅថៃ អ្នកដែលមិនទាន់មានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាមច្បាប់ គឺមានច្រើនដែរ។
អង្គការសង់ត្រាល់ (Central) កាលពីថ្ងៃទី៨ ខែធ្នូ បានចេញរបាយការណ៍ស្រាវជ្រាវ ដោយ សម្ភាសន៍ ពលរដ្ឋចំនួន ៥២៧នាក់ ក្នុងចំណោមពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃវិញ ជាង៩០ម៉ឺននាក់។ ក្នុងនោះអង្គការ សង់ត្រាល់ បានរកឃើញថា មានពលករចំនួន ៧៨% ចង់វិលត្រឡប់ ទៅធ្វើការនៅប្រទេសថៃ ព្រោះ នៅក្នុងស្រុក ពិបាករកការងារធ្វើ និង មិនមានប្រាក់ចំណូលសមរម្យ។ ចំណែក ពលករ៧១% ជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យពួកគាត់មានជីវភាពកាន់តែលំបាក។
អ្នកតាមដានបញ្ហាសង្គមលើកឡើងថា បញ្ហាទាំងនេះ គឺជាមូលហេតុធ្វើឱ្យពលករខ្មែរមួយចំនួន នៅតែក្រាញននៀល បន្តធ្វើការនៅប្រទេសថៃ ដោយប្រថុយប្រថាន ទាំងខុសច្បាប់ខ្លះ និងស្របច្បាប់ខ្លះ ព្រោះពួកគាត់បារម្ភថា ប្រសិនបើត្រឡប់ទៅស្រុកវិញ មិនដឹង រកការងារអ្វីធ្វើ ដើម្បីចិញ្ចឹមជីវិត បើទោះជា ពេលនេះ គេឃើញថា ពលករខ្មែរខ្លះ ត្រូវបាន អាជ្ញាធរថៃ ចាប់ខ្លួន និងពិន័យជាប្រាក់ រាប់ពាន់ដុល្លារជាហូរហែក្ដី ក៏ពួកគាត់ថា មានតែខាំធ្មេញ សង្កត់ចិត្ត ទ្រាំធ្វើការ ដើម្បីបានលុយផ្ញើទៅស្រុកកំណើត៕










