កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

លោក យ៉ែម ឡាម ​កងទ័ព​ឈរជើង​នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ​ ដែលកំពុងឈឺដោយសារផ្សែងពុល និងខូច​ក្រលៀន។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
លោក យ៉ែម ឡាម ​កងទ័ព​ឈរជើង​នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ​ ដែលកំពុងឈឺដោយសារផ្សែងពុល និងខូច​ក្រលៀន។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​បាន​លុយ​ព្យាបាល​ជំងឺ​ក្រោយពី​រង​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ពី​ការ​បាញ់​ផ្សែង​ពុល​របស់​យោធា​ថៃ ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​ចំនួន​ពីរ​លើក។ ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។

បើ​ទោះបី​ជា​សង្គ្រាម ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា បាន​ផ្អាក​ការ​បាញ់​ផ្លោង ដាក់គ្នា​ជាង​២​ខែ មក​ហើយ​ក្ដី កងទ័ព​ខ្មែរ​ខ្លះ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​នេះ ខ្លះ​បាន​បាត់​បង់ជីវិត ខ្លះ​មាន​ជំងឺ​ស្គម​រ៉ាំរ៉ៃ ពិការ​ដៃជើង និង​ខ្លះទៀត​កំពុង​លាង​ឈាម ដោយសារតែ រង​ឥទ្ធិពល​ផ្សែង​ពុល ដែល​យោធា​ថៃ​បាន បាញ់​ស្រោច មក​កងទ័ព​ខ្មែរ។ កងទ័ព​ខ្លះ សឹងតែ​គ្មាន​សង្ឃឹម​សោះ​ថា នឹង​មាន​ជីវិត​អាច​រស់នៅ​បន្ត​ទៀត ព្រោះតែ​គ្មាន​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ។

ប្រពន្ធ​កងទ័ព​ម្នាក់ លោកស្រី សុទ្ធ ខោន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែមីនា ថា​ប្ដី លោកស្រី ឈ្មោះ យ៉ែម ឡាម ជា​កងទ័ព​ឈរជើង​នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ​។ ប្ដី​លោកស្រី​ចូល​ធ្វើ​កងទ័ព ជាង​២០​ឆ្នាំ​ហើយ​។ អំឡុង​ពេល​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ ចំនួន​២​លើក ប្ដី​លោកស្រី​នៅតែ​ជួរ​មុខ រហូត​ដល់​ថ្ងៃ​ដួលសន្លប់ ព្រោះតែ​សុខភាព​ទ្រុឌទ្រោម ក្រោយពី​រង​ផល​ប៉ះពាល់​ផ្លូវដង្ហើម​ខ្លាំងពេក ដោយសារ​ផ្សែង​ពុល យោធា​ថៃ បាន​បាញ់​ស្រោច។

បច្ចុប្បន្ន​ប្ដី លោកស្រី​កំពុង​ស្នាក់​នៅ បន្ទប់​ជួល​មួយ​កន្លែង​នៅ​ភ្នំពេញ ពុំ​ទាន់​អាច​ត្រឡប់​ទៅ​ស្រុកកំណើត វិញ​បាន​នៅឡើយ ព្រោះ​ត្រូវ​លាង​ឈាម នៅ​មន្ទីរពេទ្យ​កេតុមាលា ឬ​ហៅថា​ពេទ្យ​ទាហាន ។ ថ្វី​ត្បិត​ថា មន្ទីរពេទ្យ​នេះ ពុំ​អស់​ថ្លៃ​ព្យាបាល​ក្ដី លោកស្រី​ថា នៅតែ​ចំណាយ​ថ្លៃ​ទិញ​ថ្នាំ​ជំនួយ​កម្លាំង​ខ្លះ ពី​ខាងក្រៅ ដោយ​ខ្លួនឯង។ ទន្ទឹមគ្នា​នោះ លោកស្រី​ក៏​ត្រូវ​ចំណាយ​ថ្លៃ ជួល​បន្ទប់​ស្នាក់នៅ​ខាងក្រៅ ព្រោះ​គេ​មិន​ឱ្យ​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​នោះ​ឡើយ។

កាន់តែ​លំបាក​ទៀត​នោះ ប្ដី​លោកស្រី បាន​ខូច​ក្រលៀន​អស់ ដែល​ត្រូវ​ឱ្យ​ដូរ​ក្រលៀន​ថ្មី​។ លោកស្រី​ថា ប្រសិនបើ​ដូរ​អាច​ចំណាយ​ចន្លោះ​ពី ៣​ទៅ​៤​ម៉ឺន ដុល្លារ ដូច្នេះ​លោកស្រី​ត្រូវ​បង្ខំចិត្ត​លក់​ផ្ទះ នៅ​ឯ​ស្រុក​កំណើត ដើម្បី​បាន​លុយ​យក​មក​ព្យាបាល​ប្ដី ព្រោះថា ការ​ដូរ​ក្រលៀន គឺ​តម្រូវ​ឱ្យ​បង់ថ្លៃ​ដោយ​ខ្លួនឯង។ លោកស្រី​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​លោកស្រី​ពុំដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ​ទេ គឺ ធ្លាប់​បាន​ជំនួយ​ម្ដង​គត់ ពី​ព្រះមហាក្សត្រ ចំនួន ៦​លាន​រៀល និង​ពី​សប្បុរសជន​ខ្លះ។

លោកស្រី សុទ្ធ ខោន៖ «សម្បូរ​ណាស់ អ្នក​រង​ប៉ះពាល់​ផ្សែង​ពុល​។ ខ្លះ​ត្រូវ​ធ្ងន់ ខ្លះ​ស្រាល​។ ប្ដី​ខ្ញុំ​ត្រូវ​ធ្ងន់ រហូតដល់​លាង​ឈាម​។ អ្នកខ្លះ​គេ​អត់​ធ្ងន់ អត់​លាង​ឈាម​ទេ គ្រាន់តែ​ដាក់​សារ៉ូ ១​ខែ ឬ​កន្លះ​ខែ ចេញ​បាន​។ ជីវភាព ទៅមុខ​ទៀត មិនដឹង​ម៉េច​ទេ ខ្ញុំ​បាន​ដាក់​លក់​ផ្ទះ ប៉ុន្តែ​លក់​មិន​ដាច់ ហើយ​មិនដឹង​ធ្វើការ​អី​កើត​ទៀត ព្រោះ​គ្មាន​អ្នកមើល​ប្ដី​ខ្ញុំ​ទេ​។ សុខ​គាត់​ឧស្សាហ៍​ធ្វើទុក្ខ ពេលយប់​ព្រលប់​ណាស់​បង​អើយ​!..។»

ស្រដៀង​គ្នា​នេះ នៅ​លើ​បណ្ដាញ​សង្គម​វិញ គេ​តែង​ឃើញ គ្រួសារ​កងទ័ព​ខ្លះ​បង្ហោះ​វីដេអូ និង​រូបភាព រក​ជំនួយ​ពី​សប្បុរសជន ដើម្បី​យក​លុយ ព្យាបាល​កងទ័ព ដែល​រង​ផល​ប៉ះពាល់ ក្រោយ​សង្គ្រាម​។ ក្នុង​នោះ កងទ័ព​ខ្លះ មាន​អាការៈ​ស្គមស្គាំង បាត់បង់​សតិ និង​ខ្លះទៀត ពិការ​ដៃជើង និង​មាន​ស្នាម​របួស​ពេញ​រាងកាយ​។ បញ្ហា​នេះ តម្រូវ​ឱ្យ​គ្រួសារ មើលថែ ដិត​ដល់​ជាប្រចាំ។

ចំណែក កងទ័ព​ខ្លះទៀត ពុំ​មាន​គ្រួសារ​មើលថែ ពួកគាត់ ត្រូវធ្វើ​ដំណើរ តែម្នាក់​ឯង មក​ព្យាបាល​ជំងឺ នៅ​មន្ទីរ​យោធា រាជធានី​ភ្នំពេញ។ លោកស្រី សុទ្ធ ខោន ថា អាការៈ​អ្នក​កើត​ជំងឺ​លាង​ឈាម ឬ អ្នក​ដែល រង​ផល​ប៉ះពាល់ ដោយសារ​ផ្សែង​ពុល ភាគច្រើន ប្រកាច់​បាត់បង់​ស្មារតី និង​ថប់ដង្ហើម ធ្វើ​ឱ្យ​កងទ័ព​ខ្លះ ជួប​ការ​លំបាក​ជា​ខ្លាំង បើ​គ្មាន​គ្រួសារ​មើលថែ​បាន​ត្រឹមត្រូវ​។ ក្នុង​នោះ លោកស្រី​សង្កេត​ឃើញ​ថា កងទ័ព​ដែល​រង​ផល​ប៉ះពាល់​ពី​ផ្សែង​ពុល ដូច​ប្ដី​លោកស្រី មាន​ច្រើន​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យកេតុមាលាភ្នំពេញ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១១ ខែមីនា​។​

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ដែល​កងទ័ព​ខ្លះ គ្មាន​ថវិកា​ព្យាបាល​ជំងឺ រហូតដល់​លក់​ផ្ទះ​។ លោក​ថា ករណី​នេះ គួរតែ​រដ្ឋាភិបាល ជា​អ្នកទទួលខុសត្រូវ ក្នុង​ការ​ចំណាយ​ថ្លៃ ព្យាបាល​ទាំងអស់ ព្រោះថា កងទ័ព​បាន​លះបង់​ច្រើនណាស់ ដើម្បី​ការពារ​ជាតិ។ លោក​បន្ត​ថា ប្រសិនបើ កងទ័ព​ពិតជា​មាន​ជំងឺ ដោយសារតែ​ផ្សែង​ពុល ដែល​យោធា​ថៃ បាន​បាញ់​ស្រោច​អំឡុង​ពេល​សង្គ្រាម​មែន​នោះ រដ្ឋាភិបាល ត្រូវ​ប្រមូល​ភស្តុតាង​ដើម្បី​ប្ដឹង​ថៃ​ទៅកាន់ តុលាការអន្តរជាតិ ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក នី សុខា៖ «មាន​ពាក្យ​ថា ប្រឹង​ការពារ​ជាតិ​ហើយ ពេល​មាន​ជំងឺ​ដង្កាត់ បែរជា​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់ ។ នេះ​ជា​រឿង​មួយ​ជះឥទ្ធិពល​មិនល្អ​ទេ ប្រសិនបើ​មានរឿង​នេះ​កើតឡើង​មែន វា​ជា​រូបភាព​មួយ ធ្វើ​ឱ្យ​ប៉ះពាល់​រដ្ឋាភិបាល​ធ្ងន់ធ្ងរ​។ សម្រាប់​ខ្ញុំ​ស្នើ​ឱ្យ​ស្រាវជ្រាវ​ជាបន្ទាន់ នៅ​ព័ត៌មាន​ទាំងអស់​ហ្នឹង ដែល​មាន​ផល​ប៉ះពាល់​ហ្នឹង​។ ទី​១.​មួយ​ដើម្បី​ដោះស្រាយ ឆ្លើយ​ទៅ​នឹង​ស្ថានភាព សុខភាព​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​សុខភាព​របស់​កងទ័ព​ដែល​នៅ​ជួរមុខ»។

សង្គម​ស៊ីវិល និង​គ្រួសារ​កងទ័ព ជំរុញ​ឱ្យ​រដ្ឋាភិបាល គួរតែ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ជីវភាព​កងទ័ព និង​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព ដោយ​ឥត​ថ្លៃ និង​ត្រូវ ផ្ដល់​ទីជម្រក​សម្រាប់ សម្រាក​ព្យាបាល​ជំងឺ ឱ្យ​បាន សមរម្យ ព្រោះថា ចាប់តាំងពី កម្ពុជា​មាន​ជម្លោះ​ប្រដាប់​អាវុធ ជាមួយ​ថៃ​មក គេ​ឃើញថា​កងទ័ព​ខ្មែរ​ខ្លះ ដែល​រង​របួស ឬ មាន​ជំងឺ ប្រចាំ​កាយ​ក្រោយ​ចប់​សង្គ្រាម ហាក់​ពុំ​សូវ​ឃើញ រដ្ឋាភិបាល យកចិត្តទុកដាក់​លើ​ពួកគាត់​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​កងទ័ព​ខ្លះ មាន​អារម្មណ៍​តែលតោល និង​អស់សង្ឃឹម​ក្នុង​ការ​លះបង់ ដើម្បី​ការពារ​ទឹកដី​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ