អាជ្ញាធរ​ខេត្ត​តាកែវ​មិន​ឲ្យ​គណបក្ស​កម្លាំងជាតិ​ជួបជុំ​សមាជិក និង​លើក​ស្លាក​នៅ​មូលដ្ឋាន

0
20
សកម្មភាពក្រុម​ការងារ​គណបក្ស​កម្លាំង​ជាតិ​​ ​លើក​ស្លាក​គណបក្ស​កម្លាំង​ជាតិ​ឃុំ​អង្គរ​បូរី​ ខេត្ត​តាកែវ កាលពីថ្ងៃទី​១៨ ខែ​មករា ​ឆ្នាំ​២០២៦។ រូប៖ គណបក្សកម្លាំងជាតិ
សកម្មភាពក្រុម​ការងារ​គណបក្ស​កម្លាំង​ជាតិ​​ ​លើក​ស្លាក​គណបក្ស​កម្លាំង​ជាតិ​ឃុំ​អង្គរ​បូរី​ ខេត្ត​តាកែវ កាលពីថ្ងៃទី​១៨ ខែ​មករា ​ឆ្នាំ​២០២៦។ រូប៖ គណបក្សកម្លាំងជាតិ

អាជ្ញាធរ​ខេត្តតាកែវ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​កម្លាំង​ជាតិ ជួបជុំ​សមាជិក និង​លើក​ស្លាក​នៅ​តាម​មូលដ្ឋាន​ឡើយ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ចាត់ទុក​ការ​ហាមឃាត់​នេះ ថា​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​មិន​ស្រប​ទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

គណបក្ស​កម្លាំង​ជាតិ​បាន​ប្រកាស​ផ្អាក​ការ​ជួបជុំ​សមាជិក​របស់​ខ្លួន នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ក្រោយ​អាជ្ញាធរ​ខេត្ត​តាកែវ បាន​ហាមឃាត់​មិន​ឲ្យ​គណបក្ស​មួយ​នេះ ជួបជុំ​សមាជិក និង​ធ្វើ​ការ​លើក​ស្លាក នៅ​តាម​មូលដ្ឋាន ក្នុង​សង្កាត់​រកាក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយ​អាជ្ញាធរ​មិន​ប្រាប់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​។ នេះ​បើ​តាម​លិខិត​ជូនដំណឹង​របស់​គណបក្ស​កម្លាំង​ជាតិ ចេញផ្សាយ​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ កន្លង​ទៅ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ថា គណបក្ស​កម្លាំង​ជាតិ​បាន​ជូនដំណឹង​អាជ្ញាធរ​មូលដ្ឋាន ស្ដី​អំពី​ការ​ជួបជុំ​សមាជិក និង​លើកស្លាក​នៅ​កន្លែង​សាធារណៈ ស្រប​ទៅ​តាម​ច្បាប់​នយោបាយ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ដូន​កែវ មិន​អនុញ្ញាត​ឲ្យ​ជួបជុំ​សមាជិក និង​លើក​ស្លាក​នោះ​ទេ ហើយ​អាជ្ញាធរ​ក៏​មិនបាន​ប្រាប់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ដែរ។ លោក​ថា ក្រសួងមហាផ្ទៃ​គួរតែ​ពិនិត្យមើល​អាជ្ញាធរ​ថ្នាក់​ក្រោយ​ជាតិ កុំ​ឲ្យ​មាន​សកម្មភាព​ការ​រឹតត្បិត​សេរីភាព​ទៅលើ​បក្សនយោបាយ​បែបនេះ​តទៅ​ទៀត។

លោក រ៉ុង ឈុន៖ «ក្រសួងមហាផ្ទៃ​គួរ​មើល​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ធ្វើ​យ៉ាងម៉េច​ត្រូវតែ​ផ្ដល់​ឲ្យ​គណបក្ស​នីមួយៗ​ស្មើភាព​គ្នា ក្នុង​ការ​ប្រើប្រាស់​ទី​សាធារណៈ ក្នុង​ការ​លើក​ស្លាក​របស់​គណបក្ស​ខ្លួន កុំ​ថា​ដាក់​សម្ពាធ​តែ​គណបក្ស​កម្លាំង​ជាតិ ប៉ុន្តែ​គណបក្ស​ផ្សេងៗ​មាន​សេរី​ភាព​មិន​ស្មើភាព​គ្នា»។

លោក រ៉ុង ឈុន អះអាង​ទៀត​ថា ចាប់តាំងពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក សកម្មភាព​នយោបាយ​នៅ​កម្ពុជា មានការ​រឹតត្បិត ធ្វើទុក្ខបុកម្នេញ​ទៅ​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អាក្រក់​កាន់តែ​ខ្លាំង​ឡើង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ក្នុង​ការ​ជួបជុំ​សេរីភាព បញ្ចេញមតិ និង​សេរីភាព​ធ្វើ​នយោបាយ​។ លោក​បន្ថែម​ថា អាជ្ញាធរ​គួរតែ​អនុវត្ត​ច្បាប់ ឲ្យ​បាន​ស្មើភាព​គ្នា ដោយ​មិន​ត្រូវ​លំអៀង​ទៅកាន់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ មិន​បាន​ឆ្លើយតប​សំណួរ​របស់​អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីសេរី តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram) នោះ​ទេ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ដោយ​លោក​ចូល​មើល​សំណួរ​ហើយ​តែ​មិន​ឆ្លើយតប​។ ចំណែក​អភិបាល​ខេត្តតាកែវ លោក វី សំណាង ក៏​ទូរទស្សន៍​អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើៗ​គ្នា និង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ស្រប​ទៅ​តាម​ច្បាប់​។ លោក​ថា ប្រសិនបើ​មាន​សកម្មភាព​រារាំង គំរាមកំហែង និង​បំភិតបំភ័យ ទៅលើ​សកម្មភាព និង​អ្នកនយោបាយ​ណាមួយ គឺជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

លោក នី សុខា៖ «អាជ្ញាធរ​គប្បី​បើក​សិទ្ធិ​សេរីភាព​ឲ្យ​ទូលំទូលាយ​គ្រប់​អ្នកនយោបាយ គ្រប់​សកម្មភាព​គណបក្ស​នយោបាយ​ទាំងអស់ ជៀសវាង​កុំ​ឲ្យ​មានការ​បង្ហាញ​រូបភាព​ណាមួយ កត់សម្គាល់​ឃើញ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព បើ​ពុំ​នោះ​ទេ អាជ្ញាធរ​នៅតែ​ទទួលរង​នូវ​ការរិះគន់​ពី​បណ្ដា​មតិ​ជាតិ និង​អន្តរជាតិ»។

គណបក្ស​កម្លាំង​ជាតិ លើកឡើង​ថា អាជ្ញាធរ តែងតែ​ហាមឃាត់ និង​ធ្វើទុក្ខបុកម្នេញ ទៅលើ​គណបក្ស​កម្លាំង​ជាតិ ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ និង​សកម្មភាព​ជួយ​សង្គមជាតិ ក្នុង​នោះ ប្រធាន​គណបក្ស លោក ស៊ុន ចន្ធី ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ស្លាក​សញ្ញា​នៅ​តាម​ទីសាធារណៈ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ហែក និង​បំផ្លាញ​ចោល​។ ដោយឡែក កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​កំពង់ចាម ក៏បាន​រារាំង​មិន​ឲ្យ​សកម្មជន​គណបក្ស​កម្លាំង​ជាតិ ធ្វើ​សកម្មភាព និង ហៅ​ទៅ​សាកសួរ​ដំណើររឿង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដើម្បី​ដាក់​បណ្ដឹង​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ថែម​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ