កងទ័ពថៃអះអាងថាវាយឈ្លានពានបានតំបន់ផ្ទះ៣ខ្នងក្នុងខេត្តពោធិ៍សាត់ជាប់ខេត្តត្រាត

0
150
រូបភាព​ដែល​កងទ័ព​ជើង​ទឹក​ថៃ​ចោទ​ថា កង​ទ័ព​កម្ពុជា​ដាក់​ពង្រាយ​កងទ័ព​ចូល​ក្នុង​ដី​ថៃ នៅ​ខេត្ត​ត្រាត នៅ​ថ្ងៃ​ទី៩ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក Army Military Force
រូបភាព​ដែល​កងទ័ព​ជើង​ទឹក​ថៃ​ចោទ​ថា កង​ទ័ព​កម្ពុជា​ដាក់​ពង្រាយ​កងទ័ព​ចូល​ក្នុង​ដី​ថៃ នៅ​ខេត្ត​ត្រាត នៅ​ថ្ងៃ​ទី៩ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក Army Military Force

កងទ័ពជើងទឹក​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃទី​៩ ខែធ្នូ ថា មានការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​កម្ពុជា ជាមួយនឹង​ទាហាន​ម៉ា​រី​ន​ថៃ នៅ​ព្រំប្រទល់​តំបន់​អូរ​ភ្លុក​ដំរី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ភូមិ​ចំរេះ (Ban Cham Rak) ដែល​ស្ថិត​នៅ​ជាប់​ខេត្ត​ត្រាត (Trat)​។

​យោធា​ថៃ​អះអាង​ថា ក្រោយ​ការ​ច្បាំង​គ្នា​នេះ ពួកគេ​បាន​ចូលកាន់​កាប់​ផ្ទះ​ចំនួន​៣​ខ្នង ដែល​ពួកគេ​អះអាង​ថា ជា​មូលដ្ឋាន​របស់​យោធា​កម្ពុជា បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា នៅ​វេលា​ម៉ោង ៥​ទៀបភ្លឺ ដោយ​កង​ម៉ា​រី​ន​ថៃ បាន​បាញ់​គ្រាប់​ភ្លើង​បំភ្លឺ​នៅ​លើ​អាកាស ធ្វើជា​សញ្ញា​ដើម្បី​ឱ្យ​កងកាំភ្លើងធំ បាញ់​ចំ​ទីតាំង​ឈរជើង​របស់​ទាហាន​ខ្មែរ​។

​ទោះជា​យ៉ាងណា នៅមុន​ការ​ផ្ទុះអាវុធ​នេះ ថៃ​បាន​ធ្វើ​ផ្លូវ​ទៅកាន់​ផ្ទះ​បី​ខ្នង​នេះ នៅ​ក្បែរ​តំបន់​អូរ​ភ្លុក​ដំរី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ រួចហើយ និង​បាន​បើក​ប្រតិបត្តិការ​រាវ​មីន​នៅ​តំបន់​នោះ ដោយ​រក​ឃើញ​គ្រឿងផ្ទុះ​ចាស់ៗ ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាមស៊ីវិល​របស់​ខ្មែរ​។ កន្លងមក ថៃ​ធ្លាប់​បាន​ទាមទារ​កាន់កាប់​ទីតាំង​ផ្ទះ​ទាំង​បី​ខ្នង​នេះ ជា​ច្រើនដង​មក​ហើយ ខណៈ​ដែល​តំបន់​នេះ គឺជា​ទីតាំង​ឈរជើង​របស់​យោធា​ខ្មែរ តាំងពី​ទសវត្ស​ឆ្នាំ​៨០ មក​ម្ល៉េះ។

តាម​សេចក្ដីរាយការណ៍​ពី​ទីតាំង​ផ្ទាល់​របស់​កាសែត​ក្នុងស្រុក​នៅ​តំបន់​ថ្មដា ខេត្តពោធិ៍សាត់ បាន​ឱ្យ​ដឹងថា យោធា​ថៃ​បាន​បាញ់​ស្រោច​ដោយ​កាំភ្លើង​ធំ​លើ​គ្រប់​ទីតាំង​ដោយ​មិន​គិត​ពី​គោលដៅ​ឡើយ​។ ចំណែក​ភាគី​កម្ពុជា​ក៏បាន​បាញ់​តបត​វិញ ដើម្បី​ការពារ​ដែន​អធិបតេយ្យ ក្រោយ​មាន​បញ្ជា​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ