

យោធាថៃនៅថ្ងៃទី១៩ ខែធ្នូ នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម ដោយអះអាងពីការបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿង ចូលឈូសឆាយ និងកាន់កាប់តំបន់អានសេះ ដែលស្ថិតក្នុងខេត្តព្រះវិហារ។
យោធាថៃ បានអះអាងថា កងវិស្វកររបស់យោធាថៃ បានវាយកម្ទេចរូបសំណាកនៅរង្វង់មូល តាអ៊ុំ ព្រមទាំងឈូសឆាយទីតាំងផ្សារអានសេះ ដែលកាន់កាប់ដោយកម្ពុជា។ យោធាថៃបានអះអាងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានវាយប្រហារមកលើកងទ័ពកម្ពុជា ដែលឈរជើងនៅតំបន់នោះឱ្យដកថយ។
មកដល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ ជុំវិញការប្រកាសរបស់យោធាថៃនេះនៅឡើយ។
ទូរទស្សន៍អាស៊ីសេរីសូមបញ្ជាក់ថា យើងពុំទាន់អាចសុំការឆ្លើយតបពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បានទេមកដល់ត្រឹមព្រឹកថ្ងៃទី២០ ធ្នូ នេះ ទាក់ទងនឹងព័ត៌មានថា យោធាថៃឈូសបំផ្លាញរូបសំណាកតាអ៊ុំលើភ្នំអានសេះ នៃខេត្តព្រះវិហារ
រង្វង់មូល និងរូបសំណាកតាអុំ នៅតំបន់អានសេះនេះ ត្រូវយោធាថៃកម្ទេច កំឡុងពេលប៉ះទង្គិចគ្នានៅព្រំដែនជាមួយកម្ពុជា នៅចន្លោះថ្ងៃទី២៤ ដល់ទី២៨ ខែកក្កដា។ ក្រោយមក យោធាថៃបានចូលរាយបន្លាលួសបំណងគ្រប់គ្រងតំបន់នេះ តែត្រូវកងទ័ពខ្មែរតវ៉ា និងរារាំង មុនពេលផ្ទុះសង្គ្រាមជាលើកទី២៕









