មន្ត្រី​ការបរទេស និង​អ្នកនយោបាយ​ថៃ​ព្រមាន​កម្ពុជា​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ថៃ

0
142
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ រូប៖ បណ្ដាញសង្គម
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ រូប៖ បណ្ដាញសង្គម

មន្ត្រី​ការបរទេស និង​អ្នកនយោបាយ​ថៃ​បាន​ព្រមាន​កម្ពុជា​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ និង​រឿង​បោះឆ្នោត​របស់​ថៃ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ និង​បទ​ឈប់​បាញ់ ដែល​មាន​ភាព​ផុយស្រួយ។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី មេ​ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ធ្វើ​អត្ថាធិប្បាយ​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចានវីរៈគុល (Anutin Chanvirarkul) ចាញ់ឆ្នោត នោះ​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ នឹង​ថយ​ចុះ។

រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ព្រមាន​ដោយ​សម្ដី​ធ្ងន់ៗ មក​កាន់​កម្ពុជា​ថា ប្រសិនបើ​កម្ពុជា ចង់​បន្ត​ទំនាក់ទំនង ជាមួយ​ថៃ​បន្ត​ទៀត មន្ត្រី​កម្ពុជា​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង ក្នុង​ការ​ប្រើប្រាស់​ពាក្យសម្ដី ជាពិសេស​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​របស់​ប្រទេស​ថៃ។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែ​មករា លោក ស៊ីហាសាក់ បាន​ចាត់​ទុក ការ​ធ្វើ​អត្ថាធិប្បាយ​របស់​មេ​ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា ថា ជា​ការ​ញុះញង់ និង​ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ថៃ។

ក្រៅពី​ព្រមាន​កម្ពុជា​ហើយ​នោះ លោក ស៊ីហាសាក់ បាន​រម្លឹក​ឡើងវិញ ចំពោះ​ការ​លួច​ថត​សំឡេង​ថ្នាក់ដឹកនាំ​ថៃ​កន្លងមក ពី​សំណាក់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដែល​លោក​ចោទ​ថា គឺជា​ទង្វើ​ខុសច្បាប់ និង​មាន​ចេតនា​ញុះញង់ ហែកហួរ ឱ្យ​អ្នកនយោបាយ​ថៃ​បែកបាក់​គ្នា។

ការ​ព្រមាន​របស់​ភាគី​ថៃ​នេះ ធ្វើឡើង​បន្ទាប់​ពី​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​៨ ខែ​មករា ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ លោក អានុទីន ចាន់វីរៈគុល ចាញ់ឆ្នោត នោះ​ការ​ផ្ទុះ​សង្គ្រាម​ព្រំដែន​លើក​ទី​៣ នឹង​មាន​កម្រិត​ទាប ដោយ​លោក​លើកឡើង​ថា យោធា​ថៃ​បាន​ឈ្លានពាន​កម្ពុជា គឺ​ដោយសារ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​របស់​លោក អានុទីន។

លោក កែវ រ៉េមី បន្ត​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​ថៃ ឬ​គណបក្ស​ភឿថៃ បាន​ឈ្នះ​ឆ្នោត ពួកគេ​នឹង​មិន​លេង​ល្បែង​សង្គ្រាម​នោះ​ទេ ពីព្រោះ​គណបក្ស​ទាំងពីរ​នេះ ផ្ដោត​ទៅ​លើ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​អន្តរជាតិ ជាជាង​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ លោក អានុទីន ដែល​ជា​មេ​បក្ស​ភូមិ​ចៃ​ថៃ បាន​លើកឡើង​ថា មន្ត្រី​កម្ពុជា​គ្មាន​សិទ្ធិ​មក​ប្រាប់​ពលរដ្ឋ​ថៃ ថា ត្រូវ​បោះឆ្នោត​ឱ្យ​គណបក្ស​ណាមួយ​នោះ​ឡើយ។ លោក​បាន​អះអាង​ថា ចំពោះ​ការ​ចោទប្រកាន់​របស់​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា មក​កាន់​លោក​បែប​នេះ គឺ​មកពី​កម្ពុជា​ខ្លាច​វត្តមាន​របស់​លោក និង​បារម្ភ​អំពី​ការ​ទាមទារ​ទឹកដី ដែល​យោធា​ថៃ​កំពុង​ឈរជើង​នោះ មក​វិញ​មិន​បាន។

នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

ដោយឡែក បេក្ខជន​ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​មួយចំនួន មកពី​គណបក្ស​ប្រជាជន​ថៃ និង​គណបក្ស​ភឿ​ថៃ បាន​បញ្ចេញ​ប្រតិកម្ម​ស្រដៀង​គ្នា ដោយ​ពួកគេ​បាន​ប្រាប់​ពលរដ្ឋ​ថៃ កុំឱ្យ​ស្ដាប់​តាម​ការណែនាំ​របស់​មេ​ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា គឺ​លោក កែវ រ៉េមី។ ក្រុម​តំណាងរាស្ត្រ​ថៃ បាន​អះអាង​ថា គណបក្ស​របស់​ពួកគេ គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ ហើយ​ចំពោះ​រឿង​បញ្ហា​បូរណភាព​ទឹកដី​វិញ គណបក្ស​នីមួយៗ សុទ្ធ​តែ​មាន​គោលនយោបាយ​ការពារ​ជាតិ​ដូចៗ​គ្នា​។​

ក្នុង​នោះ​សមាជិកសភា​របស់​ថៃ បាន​ចាត់​ទុក​ការ​អត្ថាធិប្បាយ​របស់​លោក កែវ រ៉េមី គឺជា «យុទ្ធសាស្ត្រ​នយោបាយ​ថោកទាប» របស់​បក្ស​កាន់អំណាច​កម្ពុជា ដែល​ព្យាយាម​បង្កើត «សម្ព័ន្ធភាព​បញ្ច្រាស» សម្រាប់​ក្រុម​របស់​លោក ហ៊ុន សែន នៅក្នុង​ប្រទេស​ថៃ។

ពួកគេ​លើកឡើង​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​ចំពោះ​គណបក្ស​នយោបាយ​របស់​ថៃ​ណាមួយ នោះ​នឹង​នាំ​ភាព​ចង្រៃ​ទៅដល់​គណបក្ស​នោះ​ដោយសារ​ប្រជាពលរដ្ឋ​ថៃ លែង​គាំទ្រ និង​ងាក​មក​គាំទ្រ​ក្រុម​នយោបាយ​ផ្សេង​ទៀត ដែល​អាច​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​លោក ហ៊ុន សែន។

កាលពី​ឆ្នាំ២០២៣ លោក ហ៊ុន សែន បាន​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​នៅ​លើ​បណ្ដាញ​សង្គម​ថា ប្រសិនបើ​លោក ភីថា លិមចារើនរ៉ាត (Pita Limjaroenrat) ក្លាយជា​នាយករដ្ឋមន្ត្រី ពលករ​ខ្មែរ​ទាំងអស់ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ក្រោយ​ការប្រកាស​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ថៃ ទៅលើ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward) នៅ​ពេល​នោះ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កែវ រ៉េមី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៣ ខែ​មករា។

ក្រោយ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ប្រទេស​ថៃ បាន​ព្រមាន​មក​កម្ពុជា ជាច្រើនលើក​មក​ហើយ មាន​ដូចជា ការព្រមាន ដោយ​ចោទ​ថា កម្ពុជា​បាន​បង្ហោះ​ដ្រូន​ចូលក្នុង​ទឹកដី​ថៃ ការព្រមាន​ក្រោយ​ហេតុការណ៍​ផ្ទុះ​គ្រាប់ នៅ​តំបន់​មុំ​បី ការព្រមាន​មិន​ឱ្យ​កម្ពុជា​ទាមទារ​តំបន់​ដែល​យោធា​ថៃ​កំពុង​ឈរជើង និង​ការព្រមាន​មិន​ឱ្យ​កម្ពុជា​ប្រើប្រាស់​ពាក្យ «​ថៃ​ឈ្លានពាន​កម្ពុជា​» ជាដើម។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់ឃើញ​ថា ការ​លើកឡើង​របស់​លោក កែវ រ៉េមី អាច​នឹង​នាំ​ផលវិបាក​មក​ឱ្យ​កម្ពុជា​កាន់តែ​ច្រើន ព្រោះ​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន បាន​កំណត់​មិន​ឱ្យ​រដ្ឋ​ជា​សមាជិក លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​រដ្ឋ​ជា​សមាជិក​ដទៃទៀត​នោះ​ឡើយ​។ លោក​បន្ត​ថា នៅក្នុង​កាលៈទេសៈ ដែល​កម្ពុជា និង​ថៃ កំពុង​មាន​ជម្លោះព្រំដែន លោក កែវ រ៉េមី មិន​គួរ​លើកឡើង​បែបនេះ​ឡើយ ព្រោះ​ជារឿយៗ​ជម្លោះ​រឿង​នយោបាយ បាន​ឈាន​ដល់​អារម្មណ៍​ជាតិនិយម របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​២។

លោក សេង វណ្ណលី៖ «សម្រាប់​បុគ្គល ដែល​មាន​តួនាទី​ជា​មន្ត្រី​សាធារណៈ ការ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម ក៏​មិនមែន​ជា​រឿង​ឯកជន​ទាំងស្រុង​នោះ​ទេ​។ រាល់​ពាក្យសម្ដី ដែល​គេ​សរសេរ​ចេញទៅ ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​តួនាទី​ផ្លូវការ​របស់​បុគ្គល​នោះ ដែល​អាច​ប៉ះពាល់​ដល់​ប្រទេសជាតិ​ទាំងមូល​។ លោក អានុទីន ចាន់វីរៈគុល គឺជា​អ្នកនយោបាយ ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅក្នុង​ប្រទេស​ថៃ ដូច្នេះ​ការរិះគន់​ចំៗ មក​លើ​រូបលោក ពី​សំណាក់​មន្ត្រី​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​វាយប្រហារ​លើ​អធិបតេយ្យភាព លើ​ការសម្រេចចិត្ត​របស់​ម្ចាស់​ឆ្នោត​ថៃ»។

ប្រទេស​ថៃ គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ខាងមុខនេះ​។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថៃ បាន​លើកឡើង​ថា ការបោះឆ្នោត​របស់​ថៃ នៅ​ពេល​នេះ គឺជា​ឱកាស​សំខាន់ ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ដែល​អាច​គ្រប់គ្រង​ប្រទេស​រហូតដល់​ចប់​អាណត្តិ​ពេញលេញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដ៏​រ៉ាំរ៉ៃ និង​សេដ្ឋកិច្ច ដែល​កំពុងតែ​ចុះ​ដុនដាប​។ ក៏ប៉ុន្តែ ប្រសិនបើ​ការបោះឆ្នោត​នេះ នឹង​មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ នោះ​ក្រុម​យោធា​ថៃ អាច​នឹង​ឡើង​មក​ក្ដោប​ក្ដាប់​ប្រទេស​ម្ដង​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ