

ក្រសួងការបរទេសថៃបានព្រមានឱ្យកម្ពុជា ឈប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងករណីយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជា នៅតំបន់ព្រំដែន។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលថា ភាគីថៃកំពុងប្រើកម្លាំងយោធា បង្ខំឱ្យភាគីកម្ពុជាគោរពបទឈប់បាញ់តែម្នាក់ឯង។
ទោះបីជាបន្លាលួស និងទូកុងតឺន័ររបស់យោធាថៃ បានខណ្ឌព័ទ្ធយកទឹកដី និងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ អស់ជាច្រើនខ្នង រហូតធ្វើឱ្យពួកគាត់រស់នៅតែលតោល យ៉ាងណាក្ដី ក៏ភាគីថៃ នៅតែបដិសេធ និងបិទផ្លូវមិនឱ្យកម្ពុជាទាមទារថែមទៀត។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេត ផ្លាំងគូន (Nikorndej Balankura) បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ថា ការចោទប្រកាន់របស់កម្ពុជា ដែលថាប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ គឺគ្មានមូលដ្ឋាននោះឡើយ ហើយលោកទាមទារឱ្យកម្ពុជាបញ្ឈប់ការផ្សព្វផ្សាយការអះអាងបែបនេះជាបន្ទាន់ ដោយលោកព្រមានថា ការទាមទារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់បរិយាកាសអំណោយផលដល់ការចរចាដោយសន្តិវិធី។
លោក នីកនដេត បានអះអាងថា ក្នុងករណីយោធាថៃចូលកាន់កាប់ក្នុងតំបន់នៅតាមបណ្ដោយព្រំដែនកម្ពុជានោះ គឺធ្វើឡើងស្របទៅតាមចំណុចទី២ ក្នុងលក្ខខណ្ឌបទឈប់បាញ់ ដែលជាវិធានការកាត់បន្ថយភាពតានតឹង ហើយករណីនេះ មិនមែនជាការកាន់កាប់ទឹកដីនោះទេ។
លក្ខខណ្ឌទី២ នៃបទឈប់បាញ់ ដែលភាគីថៃ បានយកមកអះអាងនោះ បានតម្រូវឱ្យភាគីទាំង២ រក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួន នៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវចល័តទ័ពបន្ថែម ឬល្បាតចូលក្នុងទីតាំងភាគីម្ខាងទៀតនោះឡើយ។
ក៏ប៉ុន្តែ ផ្ទុយពីខ្លឹមសារនេះ បន្ទាប់ពីការកំណត់បទឈប់បាញ់មកដល់ យោធាថៃ បានធ្វើសកម្មភាពរាយបន្លាលួស និងដំឡើងទូកុងតឺន័រព័ទ្ធយកទឹកដីកម្ពុជាមួយផ្នែក និងឈូសកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរអស់ជាច្រើនខ្នង ហើយកាន់តែធ្ងន់ធ្ងរជាងនេះ ភាគីថៃ បានប្រកាសដាក់បញ្ចូលទឹកដី ដែលឈ្លានពានបានពីកម្ពុជាទាំងអស់នោះ ទៅក្នុងបូរណភាពទឹកដីថៃ ថែមទៀតផង។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រកាសនោះថ្ងៃទី៩ ខែមករា នេះថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងខ្សែបន្ទាត់ព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ក្រៅពីព្រមានមិនឱ្យកម្ពុជាទាមទារទឹកដីហើយនោះ ក្រសួងការបរទេសថៃ ក៏បានប្រកាសថ្កោលទោស និងចោទប្រកាន់មកលើកម្ពុជា ថាបានបាញ់ផ្លោងចូលក្នុងទឹកដីថៃ កាលពីដើមខែមករា នោះផងដែរ។ ភាគីថៃ ទាមទារឱ្យភាគីកម្ពុជាទទួលខុសត្រូវ និងសុំទោសចំពោះឧប្បត្តិហេតុនេះ បើទោះបីជា ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាករណីផ្ទុះគ្រាប់នៅក្នុងគំនរសំរាមក៏ដោយ។
ជុំវិញរឿនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា បទឈប់បាញ់ ដែលភាគីកម្ពុជា នឹងថៃ បានព្រមព្រៀងគ្នានោះ មានការអនុវត្តមិនស្មើភាពគ្នានោះឡើយ ដោយសារតែភាគីថៃ បានប្រើប្រាស់ឥទ្ធិពលកម្លាំងយោធា មកដាក់សម្ពាធឱ្យភាគីកម្ពុជា គោរពបទឈប់បាញ់តែម្នាក់ឯង និងរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។
លោក ម៉ែន ណាត៖ «ហើយមិនឱ្យរដ្ឋាភិបាលកម្ពុជានិយាយយ៉ាងម៉េច បើថៃឈរជើងនៅក្នុងទឹកដីខ្មែរមែន រដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជាក់គោលជំហរយ៉ាងម៉ឺងម៉ាត់ ឱ្យលម្អិតជាងសេចក្ដីថ្លែងការណ៍កាលពីលើកមុនផង បើមែនទែនទៅ។ ត្រូវបញ្ជូនសេចក្ដីថ្លែងការណ៍ហ្នឹងទៅគ្រប់ស្ថានទូត និងស្ថាប័នអន្តរជាតិទាំងអស់ ដើម្បីឱ្យគេបានដឹង»។
ក្រោយកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក ភាគីថៃបានចោទប្រកាន់មកលើកម្ពុជា ថា បានរំលោភលើកិច្ចព្រមព្រៀងជាច្រើនលើក ដូចជាការបង្ហោះដ្រូននៅតាមព្រំដែន ការចល័តទ័ព សព្វាវុធ និងសងលេណដ្ឋានថ្មី ជាដើម។
ក៏ប៉ុន្តែ ក្រសួងមហាផ្ទៃកម្ពុជាបានរកឃើញថា កាលពីយប់ថ្ងៃទី៧ ខែមករា ថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអាកាស ក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំនួន២៧គ្រឿង ក្នុងនោះបង្ហោះចូលខេត្តព្រះវិហារ ២៥គ្រឿង និងខេត្តពោធិ៍សាត់ ២គ្រឿង៕









