កងទ័ព​ជើង​អាកាស​ថៃ​ថា បន្ត​វាយប្រហារ​រហូត​កម្ពុជា​យល់ព្រម​ទទួល​យក​លក្ខខណ្ឌ​៣​ចំណុច

0
24
ទិដ្ឋភាព​ស្ពាន​អូរជីក​នៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដែល​ត្រូវ​កងទ័ពអាកាសទម្លាក់គ្រាប់ផ្ដាច់ស្ពាន កាល​ពីយប់ថ្ងៃទី១៩ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
ទិដ្ឋភាព​ស្ពាន​អូរជីក​នៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដែល​ត្រូវ​កងទ័ពអាកាសទម្លាក់គ្រាប់ផ្ដាច់ស្ពាន កាល​ពីយប់ថ្ងៃទី១៩ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

កងទ័ព​ជើង​អាកាស​ថៃ​ព្រមាន​ថា នឹង​មិន​បង្អង់​ដៃ​វាយប្រហារ​តាម​ដែនអាកាស​លើ​កម្ពុជា​ឡើយ ដរាបណា​កម្ពុជា​មិន​ព្រម​ទទួលយក​លក្ខខណ្ឌ​៣​ចំណុច​របស់​ខ្លួន ហើយ​ថា ការ​បន្ត​ប្រតិបត្តិការ​យោធា​នេះ ដើម្បី​ស្វែងរក​សន្តិភាព​ដ៏​យូរ​អង្វែង​មួយ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​កាសែត Khaosod ដែល​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ពអាកាស​ថៃ​លោក ចាក់ក្រិត ថាំវីឆ័យ (Jakkrit Tham-wichai)។

ការ​ព្រមាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​យន្តហោះ​ចម្បាំង​ថៃ F-16 បន្ត​ហោះ​ចូល​រំលោភ​ដែនអាកាស​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​៨​គ្រាប់​កាលពី​យប់​ថ្ងៃទី​១៩​ធ្នូ និង​ព្រឹក​ថ្ងៃទី​២០​ធ្នូ កម្ទេច​ស្ពាន​អូរ​ជីក ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប និង​ការ​ទម្លាក់​គ្រាប់​កម្ទេច​សាលារៀន​បឋមសិក្សា នៅ​ក្បែរ​ច្រកព្រំដែន​ថ្មដា និង​អាគារ​កាស៊ីណូ នៅ​ជិត​ច្រក​ជ័យជំនះ ក្នុង​ខេត្តពោធិ៍សាត់ រួម​ទាំង​កា​របញ្ជួន​កម្លាំង​ទ័ព​ថ្មើរ អម​ដោយ​រថក្រោះ​ចំនួន​៥​គ្រឿង ចូល​ឆែកឆេរ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​តំបន់​ទាំងនោះ និង​ការ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី។ សកម្មភាព​ចូល​មក​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា​នេះ ស្របពេល​កងទ័ព​ខ្មែរ​ហាក់​បាន​ដកថយ​ចេញពី​តាម​លេណដ្ឋាន​ដើម្បី​ការពារ​ព្រំដែន​របស់​ខ្លួន។

កងទ័ព​ថៃ​បាន​បញ្ជាក់​ថា ការ​បើក​ប្រតិបត្តិ​តាម​ដែនអាកាស​កម្ទេច​អគារ​របស់​កម្ពុជា​នៅ​តាម​ព្រំដែន និង​ការ​រុលចូល​ឆែកឆេរ​ក្នុងផ្ទះ​សម្បែង​ពលរដ្ឋ​ខ្មែរ ដោយសារ​ជាទី​តាំង​លាក់ខ្លួន​របស់​កងទ័ព​ខ្មែរ និង​បាន​ព្រមាន​ទៀត​ថា ចំពោះ​ស្ពាន​ចំនួន​២ គឺ​ស្ពាន​មេទឹក និង​ស្ពាន​អូរ​ជីក ដែល​ទើប​រង​ការ​បំផ្ទុះ​បំផ្លាញ​ដោយ​យន្តហោះ​ចម្បាំង F-16 នឹង​អាច​ទទួលរង​ការវាយប្រហារ​ជាថ្មី ប្រសិន​កម្ពុជា​ជួល​ជុល​ស្ពាន​ទាំងនោះ សម្រាប់​ដឹកជញ្ជូន​អាវុធ និង​ស្បៀង​អាហារ​ទៅ​ឱ្យ​កងទ័ព​នៅ​ជួរមុខ។

ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ចេញ​ប្រកាស​ថា ទង្វើ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​លើ​ទីតាំង​ដែល​កំពុង​មាន​ជន​ស៊ីវិល​រស់នៅ​របស់​ក្រុម​កងទ័ព​ថៃ​នេះ ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ឈ្លានពាន​យ៉ាង​កំរោល​មក​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។

កងទ័ព​ថៃ​បាន​ចាត់ទុក​ថា ជា​ព័ត៌មាន​មិន​ពិត ចំពោះ​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ថា មាន​ជន​ស៊ីវិល​ស្លាប់ ១៨​នាក់​ស្លាប់ និង​របួស​ជិត ៩០​នាក់ ដោយសារតែ​ការវាយប្រហារ​របស់​កង​ទ័ព​ថៃ។ ទោះជា​កងទ័ព​ថៃ​បដិសេធ​យ៉ាងនេះ​ក្ដី សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉លគើ ទើក (Volker Türk) កាលពី​ថ្ងៃទី​១៨ ខែធ្នូ បាន​បញ្ជាក់​ថា ការវាយប្រហារ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង F-16 គឺ​ពិតជា​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​បាន​ទទូច​ឱ្យ​កងទ័ព​ថៃ​បញ្ឈប់​ការវាយប្រហារ​លើ​ជន​ស៊ីវិល​ក្នុង​ទឹកដី​កម្ពុជា និង​ត្រូវ​ងាក​ទៅ​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​ចុះហត្ថលេខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែតុលា​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ