យោធា​ថៃ​​យក​លេស​ចោទ​កម្ពុជា​ចង់​ឈ្លានពាន​ថៃ​ដើម្បី​ទម្លាក់​គ្រាប់​នៅ​ក្រុង​ប៉ោយប៉ែត

0
262
យន្តហោះចម្បាំងអាមេរិក​ប្រភេទេ F-16 ដែល​យោធាថៃ​ប្រើ​ទម្លាក់គ្រាប់​បែក​លើទីកដីខ្មែរ។​ ​រូប៖ កាសែតថៃ PBS World
យន្តហោះចម្បាំងអាមេរិក​ប្រភេទេ F-16 ដែល​យោធាថៃ​ប្រើ​ទម្លាក់គ្រាប់​បែក​លើទីកដីខ្មែរ។​ ​រូប៖ កាសែតថៃ PBS World

យោធា​ថៃ​​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​លើ​ក្រុង​ប៉ោយប៉ែត ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ខណៈ​មាន​ពលរដ្ឋ​ស៊ីវិល​ជាច្រើន​​រស់​នៅ និង​ប្រកប​អាជីវកម្ម​ដូច​សព្វ​ដង។ យោធា​ថៃ​​យក​លេស​ចោទ​កម្ពុជា​ថា ចល័ត​ទ័ព​និង​សព្វាវុធ​ចង់​ឈ្លានពាន​ថៃ។

កាសែត​ថៃ​ខៅសុត រាយការណ៍​ដោយ​ស្រង់​សំណេរ​ពី​ហ្វេសប៊ុក​​កងទ័ព​ជើងគោក​ថៃ នៅ​រសៀល​ថ្ងៃទី១៨ ធ្នូ ថា យោធា​ថៃ​បាន​ទម្លាក់​គ្រាប់​ពី​លើ​អាកាស​បំផ្លាញ​ទីតាំង​មួយ​កន្លែង​នៅ​តំបន់​ភូមិភាគ​៥​របស់​កម្ពុជា។

ក្រសួង​ការពារជាតិ​កម្ពុជា​អះអាង​ថា នៅ​ម៉ោង ១១:០៦នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់គ្រាប់​បែក​ចំនួន ២គ្រាប់​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ក្រសួងការពារជាតិ​កម្ពុជា​​មិនទាន់​ចេញ​ប្រតិកម្ម​នឹង​ចោទ​ប្រកាន់​នេះ​ទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ កម្ពុជា​តែងតែ​បញ្ជាក់​ថា ខ្លួន​ពុំ​ឈ្លានពាន​ទឹកដី​ថៃ​ឡើយ ដោយ​រក្សា​ជំហ​​វាយបក​ការពារខ្លួនពីការ​ឈ្លានពាន​ប៉ុណ្ណោះ។

ទិដ្ឋភាពបង្ហាញ​ពីកន្លែងដែលយោធាថៃ​ទម្លាក់គ្រាប់​នៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅថ្ងៃទី១៨ ធ្នូ ២០២៥។ រូប៖ បណ្ដាញសង្គម


តាមរយៈ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​ពលរដ្ឋ​នៅ​ទីនោះ​បាន​អះអាង​ថា ទីតាំង​ដែល​រង​ការ​វាយ​ប្រហារ​នៅ​ចំណុច​រង្វង់មូល៥៨ ខណៈ​មាន​ពលរដ្ឋ​ជាច្រើន​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ឡើយ។ វីដេអូ​នេះ​បង្ហាញ​ថា ពលរដ្ឋ​ខ្លះ​កំពុង​ធ្វើ​ដំណើរ និង​នៅ​ប្រកប​មុខរបរ​អាជីវកម្ម​ធម្មតា។ ពលរដ្ឋ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ក្រោយ​សំឡេង​គ្រាប់​បាន​លាន់​លឺ​កងរំពង និង​ផ្សែង​ហុយ​ទ្រលោម។

ទិដ្ឋភាពទីតាំង​ដែលយោធាថៃទម្លាក់គ្រាប់ចំ នៅ​ចំណុច​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅថ្ងៃទី១៨ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទូច សុឃៈ

នៅ​រសៀល​ថ្ងៃ​ដដែលនេះ អ្នកនាំពាក្យរង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ សរសេរ​លើ​ហ្វេសប៊ុក​បញ្ជាក់​ថា យោធា​ថៃ​បាន​​ទម្លាក់​គ្រាប់​បែក​ចំនួន ៣គ្រាប់ ចូល​តំបន់​ទី​ប្រជុំជន​ស៊ីវិល ដែលជា​ឃ្លាំង​របស់​ឧកញ៉ា វង្ស ដួង នៅ​ចំណុច​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត។ ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​ខូចខាត​អគារ​ ១ខ្នង ​សម្ភារៈ​មួយ​ចំនួន និង​​អ្នក​រង​របួស​ស្រាល ២នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ