ទាហាន​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ ៣នាក់​វាយ​សួរ​ចម្លើយ​ពី​ទីតាំង​យោធា​កម្ពុជា និង​បាញ់​សម្លាប់​មន្ត្រី​នគរបាល​ម្នាក់​នៅ​អូរស្មាច់

0
39

ទាហាន​ថៃ​បាន​ចាប់​ពលរដ្ឋ​ខ្មែរ ៣នាក់​ចង់​ស្លាប​សេក​វាយ​ដំ​ធ្វើ​ទារុណកម្ម​សួរ​រក​ទីតាំង​យោធា​កម្ពុជា និង​បាន​បាញ់​សម្លាប់​មន្ត្រី​នគរបាល​ម្នាក់​ពេល​ចុះ​ល្បាត​នៅ​តំបន់​រមណីយដ្ឋាន​អូរស្មាច់​ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះ និង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ទង្វើ​របស់​ទាហាន​ថៃ​ថា ឃោរឃៅ​អមនុស្សធម៌ និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ។ ពួកគាត់​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​មាន​វិធានការ​ទប់ស្កាត់​ការ​វាយ​ប្រហារ​ឈ្លានពាន​យោធា​ថៃ​មក​លើ​ទឹកដី​កម្ពុជា។

ពលរដ្ឋខ្មែរ ៣នាក់​ដែល​រង​ការ​ធ្វើ​ទារុណកម្ម​ដោយ​ក្រុម​ទាហាន​ថៃ​កំពុង​តាម​ដាន​សុខភាព​ពី​សំណាក់​គ្រូពេទ្យ​ក្រោយ​ក្រុម​ទាហាន​ថៃ​បាន​ដោះលែង​ពួកគាត់​វិញ​កាល​ពី​ថ្ងៃ​ទី២៣ ខែធ្នូ។ ចំណែក មន្ត្រី​នគរបាល​ម្នាក់​ដែល​ទាហាន​ថៃ​បាន​បាញ់​សម្លាប់​ពេល​ចុះ​ល្បាត​សាច់​ញាតិ​បាន​រៀបចំ​ពិធី​បុណ្យ​សព​នៅ​ខេត្តឧត្តរមានជ័យ​នៅ​ថ្ងៃ​ទី២៥ ខែធ្នូ។

ទោះ​ជា​យ៉ាងណា ជនស៊ីវិល​ខ្មែរ ៣នាក់​ដោយ​អ្នក​ខ្លះ​នៅ​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​នៅ​ឡើយ ហើយ​ទ្រព្យ​សម្ភារៈ​មាន​តម្លៃ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​ប្លន់​យក​ក្រោយ​ពេល​ដោះលែង​មក​វិញ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៣នាក់​ដែល​ក្រុម​ទាហាន​ថៃ​ចាប់​វាយ​ដោយ​ហិង្សា​គឺ​លោក រ៉ុន សុខហេង រៀបរាប់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៥ ខែធ្នូ​ថា ក្រុម​ទាហាន​ថៃ​បាន​ចាប់​លោក និង​ពលរដ្ឋ ២នាក់​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣ ខែធ្នូ ស្ថិត​នៅ​តំបន់​អូរស្មាច់។ លោក រ៉ុន សុខហេង ចាក​ចេញ​ពី​កន្លែង​មាន​សុវត្ថិភាព​ហើយ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ចង​ដោយ​សារ​តែ​ចង់​ទៅ​យក​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន និង​មើល​ផ្ទះ​សម្បែង​ផង​នៅ​តំបន់​អូរស្មាច់។

លោក រ៉ុន សុខហេង បញ្ជាក់​ថា ក្រុម​ទាហាន​ថៃ​មាន​គ្នា​ប្រហែល ៣០នាក់។ លោក​ថា ភ្លាមៗ​ក្រោយ​ទាហាន​ឃើញ​រូប​លោក និង​ពលរដ្ឋ ២នាក់​ផ្សេង​ទៀត​ក្រុម​ទាហាន​ថៃ​បាន​ដក​កាំភ្លើង​ភ្ជង់​ក្បាល​យក​ក្រណាត់​ខ្មៅ​រុំ​ភ្នែក និង​ចង់​ស្លាប​សេក​ទាំង ៣នាក់​ឱ្យ​ដេក​ក្រាប​នឹង​គ្រួស។ បន្ទាប់​មក​ក្រុម​ទាហាន​ថៃ​បាន​យក​កាណុង​កាំភ្លើង​វាយ​ក្បាល​លោក និង​វាយ​ដំ​ទាត់​ធាត់​ពលរដ្ឋ ២នាក់​ផ្សេង​ទៀត និង​ស្រែក​សម្លុត រួម​ទាំង​បាញ់​គំរាម ដើម្បី​បង្ខំ​ឱ្យ​ប្រាប់​ពី​ទីតាំង​ឈរ​ជើង​របស់​យោធា​កម្ពុជា។

ទាហាន​ថៃ​បាន​ចាប់ចង​ពលរដ្ឋ​ខ្មែរ ៣នាក់​ជាង ៣ម៉ោង​ទើប​ដោះលែង​វិញ​នៅ​ម៉ោង​ជាង ៥ល្ងាច​ថ្ងៃ​ទី២៣ ខែធ្នូ។ ជនរងគ្រោះ​លោក រ៉ុន សុខហេង ឱ្យ​ដឹង​ថា ក្រោយ​ពេល​ក្រុម​ទាហាន​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ គឺ​ដោយសារ​តែ​ពួកគេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​បើក​មើល​ចូល​ច្រក​អូរស្មាច់ ហើយ​ក្រុម​ទាហានថៃ​ចែក​កម្លាំង​ទៅ​បាញ់​រថយន្ត​នោះ។ លោក រ៉ុន សុខហេង បញ្ជាក់​ថា ក្រុម​ទាហាន​ថៃ​បាន​ប្លន់​ម៉ូតូ​លោក ខ្សែ​ក និង​ទូរស័ព្ទ​ពលរដ្ឋ​រងគ្រោះ ២នាក់​ផ្សេង​ទៀត​ក្រោយ​ពេល​ដោះលែង។

ឪពុក​របស់​មន្ត្រី​នគរបាល​ដែល​យោធា​ថៃ​បាន​បាញ់​សម្លាប់​ពេល​ចុះ​ល្បាត​គឺ​លោក សែម ចាន់មុន្នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣ ខែធ្នូ​នោះ កូនប្រុស​បង្កើត​របស់​លោក​ទាំង​ពីរ​នាក់​ដែល​ជា​មន្ត្រី​នគរបាល​បាន​ស្លៀកពាក់​ស៊ីវិល​បើក​ឡាន​ចុះ​ល្បាត​ក្រោយ​សភាព​ការ​ស្ងប់ស្ងាត់ ប៉ុន្តែ ពេល​ដល់​ច្រក​ចូល​អូរស្មាច់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​កូន​ប្រុស​ច្បង​ចំ​ក្បាល​បណ្ដាល​ឱ្យ​ហូរ​ឈាម​ស្រោច​ពេញ​រថយន្ត ហើយ​ប្អូនប្រុស​របស់​ជនរងគ្រោះ​ក៏​បាន​បើក​ឡាន​រត់​គេច​ភ្លាមៗ។ មន្ត្រី​នគរបាល​ដែល​បាន​ទាហាន​ថៃ​បាញ់​បណ្ដាល​ឱ្យ​ស្លាប់​ឈ្មោះ រ័ត្ន មុន្នី ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរស្មាច់។ ឪពុក​ជនរងគ្រោះ​បន្ត​ថា កម្ពុជា​មិន​បាន​រំលោភ​បំពាន​ដី​ថៃ​ឡើយ ហើយ​ចាត់​ទុក​ទង្វើ​ទាហាន​ថៃ​ថា កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ និង​អំពាវនាវ​ឱ្យ​អន្តជាតិ​ថ្កោលទោស​អំពើ​ឃោរឃៅ​របស់​ទាហាន​ថៃ។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ហៅ​ទង្វើ​ទាហាន​ថៃ​ថា ឃោរឃៅ​អមនុស្សធម៌។ លោក​បន្ថែម​ថា ច្បាប់​ក្នុង​សង្គ្រាម​ពលរដ្ឋ​ស៊ីវិល​ត្រូវ​បាន​ការពារ​ពី​ការ​បាញ់​ប្រហារ​ដោយ​កម្លាំង​យោធា ហើយ​ការ​ចាប់​ចង់​ពលរដ្ឋ​ស៊ីវិល​ខ្មែរ​វាយ​ដំ​បង្ខំ​ឱ្យ​សារភាព គឺ​ប្រទេស​ថៃ​បាន​រំលោភបំពាន​ច្បាប់​អន្តរជាតិ​ទាំង​ស្រុង។ លោក​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ទាហាន​ថៃ​ដែល​វាយប្រហារ និង​ចាប់​ចង់​ជនស៊ីវិល ដើម្បី​ទប់ស្កាត់​ការ​ឈឺចាប់ និង​ការ​ស្លាប់​ប្រជាជន​ស្លូតត្រង់ និង​បញ្ឈប់​មហិច្ឆតា​ថៃ​ដែល​កំពុង​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា។

គិត​ត្រឹម​ថ្ងៃ​ទី២៥ ខែធ្នូ មាន​ពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់​កម្ពុជា​បាត់បង់​ជីវិត​ចំនួន ៣១នាក់ និង​រង​របួស​ជិត ១០០នាក់ ដោយសារ​តែ​សង្គ្រាម​ថៃ​វាយប្រហារ​ឈ្លានពាន​លើ​កម្ពុជា។ ក្រៅ​ពី​នេះ ក៏​មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​ថៃ​ទម្លាក់​នៅ​តំបន់​អូរស្មាច់ និង​ជនជាតិ​ចិន​ម្នាក់​ទៀត​រង​របួស​ដោយសារ​តែ​ត្រូវ​អំបែង​គ្រាប់​នៅ​ខេត្តបាត់ដំបង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ