

នៅត្រឹមព្រឹកថ្ងៃទី១៨ ធ្នូ នេះ យោធាថៃបន្តវាយប្រហារឈ្លានពានកម្ពុជា ដោយមិនអើពើនឹងសំណើសហភាពអឺរ៉ុបឱ្យមានបទឈប់បាញ់ និងផែនការរបស់ចិនដែលកំពុងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកអន្តរាគមន៍បញ្ចប់ជម្លោះតាមព្រំដែនយ៉ាងណាក្ដី។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៨ ធ្នូ ថា យោធាថៃនៅតែវាយប្រហារមុន ដោយបន្តបាញ់ប្លោងចូលភូមិសាស្ត្រ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។
នេះជាថ្ងៃទី១២ហើយ ដែលយោធាថៃឈ្លានពានផ្លោងគ្រាប់បែកគ្រប់រូបភាព និងវាយប្រហារមិនរើសទីតាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរបស់កម្ពុជា និងចូលជ្រៅក្នុងដីខ្មែរ និងធ្វើឱ្យពលរដ្ឋស៊ីវិលស្លាប់និងរបួសជិត ១០០នាក់ និងពលរដ្ឋភៀសសឹកជិត កន្លះលាននាក់។
អ្នកស្រី ម៉ាលី សុជាតា អះអាងថា កងកម្លាំងកម្ពុជានៅតែបន្តឈរជើងការពារបូរណភាពទឹកដីគ្រប់សមរភូមិយ៉ាងរឹងមាំទល់នឹងការឈ្លានពានរបស់ថៃ។
កាលម្សិលមិញសហភាពអឺរ៉ុបបានចេញមុខអំពាវនាវឱ្យកម្ពុជានិងថៃបញ្ឈប់ការវាយប្រហារគ្នា ដោយត្រូវគោរពបទឈប់បាញ់ និងមិនត្រូវអូសបន្លាយការវាយប្រហារគ្នាឡើយ ព្រមទាំងសន្យាផ្ដល់រូបភាពផ្កាយរណបតាមសំណើកម្ពុជា ដើម្បីដឹងថា ប្រទេសណាវាយប្រហារមុន។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងវិញក៏បានប្រកាសបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា និងថៃ ដើម្បីអន្តរាគមន៍បញ្ចប់ជម្លោះតាមព្រំដែនផង។
ក្រសួងការពារជាតិរយៈកំណត់ហេតុរបស់ខ្លួននៅថ្ងៃទី១៨ ធ្នូ រៀបរាប់ថា៖
ម៉ោង ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។
ម៉ោង ៨:១០នាទី យោធាថៃបានចល័តនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។
ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។
ម៉ោង ៩:៤៥នាទី យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទ តាក្របី។
ម៉ោង ០៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ភ្នំខ្មោច។ នៅម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ពាក់ស្បែក។
ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។









