ពលរដ្ឋ​ខ្មែរ​ចោទ​ថា ទាហាន​ថៃ​បាន​ដេញ​បាញ់​គំរាម​អ្នកស្រុក​អូរស្មាច់ ២​នាក់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ជាច្រើន​គ្រួសារ

0
139
(រូប​ឆ្វេង) ក្រសួង​មហាផ្ទៃ​បង្ហាញ​ពី​សកម្មភាព​យោធា​ថៃ​ផ្លោង​គ្រាប់​បែក​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​អូរស្មាច់ កាល​ពី​ថ្ងៃ​ទី១០ ធ្នូ ២០២៥ និង​(រូប​ស្ដាំ) សកម្មភាព​យោធា​ថៃ​ឆ្មក់​ចូល​ផ្ទះ​ពលរដ្ឋ កាល​ពី​ថ្ងៃទី១២ ធ្នូ ២០២៥។ រូប៖ ក្រសួង​មហាផ្ទៃ និង​កាមេរ៉ា​សុវត្ថិភាព​ពលរដ្ឋ​ម្ចាស់ផ្ទះ
(រូប​ឆ្វេង) ក្រសួង​មហាផ្ទៃ​បង្ហាញ​ពី​សកម្មភាព​យោធា​ថៃ​ផ្លោង​គ្រាប់​បែក​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​អូរស្មាច់ កាល​ពី​ថ្ងៃ​ទី១០ ធ្នូ ២០២៥ និង​(រូប​ស្ដាំ) សកម្មភាព​យោធា​ថៃ​ឆ្មក់​ចូល​ផ្ទះ​ពលរដ្ឋ កាល​ពី​ថ្ងៃទី១២ ធ្នូ ២០២៥។ រូប៖ ក្រសួង​មហាផ្ទៃ និង​កាមេរ៉ា​សុវត្ថិភាព​ពលរដ្ឋ​ម្ចាស់ផ្ទះ

ពលរដ្ឋ​អះអាង​ថា ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ប្រើ​កាំភ្លើង​ម៉ាក់អឹមសី (M16) ដេញ​បាញ់​គំរាម​ពលរដ្ឋ​ខ្មែរ ២​នាក់​រស់នៅ​តំបន់​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ ដើម្បី​ប្លន់​យក​ម៉ូតូ​។ ជាមួយ​គ្នា​នេះ ក្រុម​ទាហាន​ថៃ​ក៏​បន្ត​សម្រុកចូល​បំផ្លាញ និង​រុះរើ​ផ្ទះសម្បែង​របស់​ក្រុម​អាជីវករ​ខ្មែរ​ជាច្រើន​គ្រួសារ​នៅ​អគារ​អូរបីជាន់ ដើម្បី​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ​មានតម្លៃ​ដែរ។

ក្រុម​ទាហាន​ថៃ​ជិត ១០​នាក់ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ជិះ​ម៉ូតូ ៣​គ្រឿង និង​រថយន្ត​កង់​១០​មួយ​គ្រឿង​ចូល​ល្បាត​នៅ​តំបន់​អូរ​ស្មាច់ និង​បាន​ប្រើ​កាំភ្លើង​អឹមសី (M16) ដេញ​បាញ់រះ​ជាច្រើន​គ្រាប់​លើ​ពលរដ្ឋ​ខ្មែរ ២​នាក់​គឺ​លោក លឹម ហៃ និង​លោក ស្រ៊ុន សុភាព ដើម្បី​ប្លន់​យក​ម៉ូតូ គ្រឿង​សង្ហារិម និង​ទ្រព្យសម្បត្តិ​មានតម្លៃ​នៅ​ខាងក្នុង​ផ្ទះ​ជាច្រើន​ទៀត។

ជនរងគ្រោះ​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ដេញ​បាញ់​គំរាម​ប្លន់​គឺ​លោក លឹម ហៃ មាន​វ័យ​ជាង ៦០​ឆ្នាំ​រៀបរាប់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០១ ខែ​មករា​ថា មុន​ហេតុការណ៍​ដែល​ទាហាន​ថៃ​ចុះ​មក​ប្លន់​ម៉ូតូ និង​ទ្រព្យសម្បត្តិ​លោក​នោះ ទាហាន​ថៃ​បាន​ភ្ជង់​មិត្ត​ភ័ក្ដិ​លោក​ឈ្មោះ ស្រ៊ុន សុភាព ដែល​កំពុង​ធ្វើ​ដំណើរ​ជិត​មកដល់​ផ្ទះ​លោក​ស្ថិតនៅ​ចុង​ភូមិ​អូរស្មាច់ ហើយ​ទាហាន​ថៃ​ទាំង​នោះ​បាន​បាញ់រះ​គំរាម​ជាច្រើន​គ្រាប់។ ក្រោយមក​លោក​បានឮ​សំឡេង​មិត្ត​ភ័ក្ដិ​ស្រែក​ប្រាប់​ពី​ក្រុម​ទាហាន​ថៃ​សំដៅ​មក​ដល់​ផ្ទះ​លោក ហើយ​លោក​ព្យាយាម​រត់គេច​ខ្លួន​ចូលក្នុង​ព្រៃ​សំងំ​លាក់ខ្លួន​មួយសន្ទុះ​ធំ ដោយសារតែ​ក្រុម​ទាហាន​ថៃ​បន្ត​ដេញ​បាញ់​គំរាម​។ លោក​ថា ក្នុង​ពេល​រត់​ចូល​ព្រៃ​លាក់ខ្លួន​នោះ ទាហាន​ថៃ​បាន​ចូល​ផ្ទះ​ប្លន់​ម៉ូតូ ៥​គ្រឿង គ្រឿងសង្ហារិម និង​សម្ភារៈ​ជាច្រើន​ទៀត។

ចំណែក ជនរងគ្រោះ​ម្នាក់ទៀត​គឺ​លោក ស្រ៊ុន សុភាព មាន​អាយុ ៥៧​ឆ្នាំ បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ទាហាន​ថៃ​ចូល​រុះរើ​ផ្ទះ​ប្លន់​ទ្រព្យសម្បត្តិ​លោក លឹម ហៃ នោះ​ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​ភ្ជង់​មិន​រត់​នៅ​ណា​ឡើយ ហើយ​ពួក​ក្រុម​ទាហាន​ថៃ​ក៏បាន​ចែក​កម្លាំង ដើម្បី​តាម​ស្វែងរក​លោក លឹម ហៃ ដែល​កំពុង​សំងំ​លាក់ខ្លួន​ក្នុង​ព្រៃ​ទៀត​ផង។ ក្រោយ​មក​ទាហាន​ថៃ​ក៏បាន​ដោះលែង​លោក ហើយក៏​ជិះ​ម៉ូតូ​ស្វែងរក​លោក លឹម ហៃ ដើម្បី​ទៅ​ពិនិត្យ​មើល​ផ្ទះសម្បែង។

លោក ស្រ៊ុន សុភាព៖ «​ខ្ញុំ​បានឃើញ​ឡាន​កង ១០ ពី​ច្រកព្រំដែន ៧៧៨ ហ៊ុយ​ដី​ទ្រលោម​ខ្ញុំ​ក៏​មិន​នឹកស្មាន​ថា ឡាន​ថៃ គិតថា ឡាន​ហ្នឹង​ឡាន​ខ្មែរ​ទេ​បាន​ហ៊ាន​បើក​មក តែ​ខ្ញុំ​មើល​យូរៗ​ទៅកាន់​តែ​ពិនិត្យ​ទៅ​ស្រាប់តែ​ម៉ូតូ​វា វ៉ា​ឡាន [​កង​១០] សម្រុក​មក​រក​ខ្ញុំ​តែម្ដង វា​ស្ពាយ​អឹមសី ខ្ញុំ​ដឹង​ថា ថៃ ខ្ញុំ​ស្រែក​ប្រាប់​គាត់ [​លោក លឹម ហៃ​] ថា ឱ្យ​គេច​ពួក​ថៃ​វា​មក ៣​ម៉ូតូ​ហើយ​។ ខ្ញុំ​ស្មាន​តែ​ពួកវា​ទៅ​បាត់​ខ្ញុំ​បើក​ម៉ូតូ​គេចៗ ស្ថានការណ៍​របស់​គាត់​ស្រាប់តែ​វា​ចេញពី​ដើម​ស្វាយព្រៃ​មក ភ្ជង់​ខ្ញុំ​បណ្ដោយ​ប្រហែល ៣០​ម៉ែត្រ។ វា​បក់​និយាយ​ថៃ​ដាក់​ខ្ញុំ​ថា កាប់ កាប់ កាប់ ខ្ញុំ​ក៏​លើកដៃ​អរគុណ​វា​ដែរ ខ្ញុំ​ត្រឡប់​ទៅវិញ​ទៅ​។ មក​វិញ​ខ្ញុំ​ក៏​មិន​ចោល​គាត់ [​លោក លឹម ហៃ​] ទៀត ខ្ញុំ​នឹក​ឃើញថា វា​យក​ម៉ូតូ​បាត់​ហើយ​មិន​ដឹង​ថា មាន​ម៉ូតូ​ឯណា​ជិះ​ទេ ខ្ញុំ​ក៏​បើក​រ៉េះៗ ជុំវិញ​ភូមិ​ដើររក​គាត់»។

មក​ដល់​ពេល​នេះ ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​មាន​ផ្ទះសម្បែង និង​អាជីវកម្ម​នៅ​តំបន់​អគារ​អូរ៣ជាន់​ស្ថិត​ក្នុងភូមិ​អូរស្មាច់ ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ មិន​ហ៊ាន​ចូល​ផ្ទះសម្បែង​របស់​ខ្លួន​នោះ ព្រោះ​ខ្លាច​ទាហាន​ថៃ​បាញ់ ហើយ​តំបន់​នោះ​ក៏​ត្រូវ​បាន​កម្លាំង​ទាហាន​ថៃ​ចុះ​ល្បាត​ជាប្រចាំ​។ លើស​ពី​នេះ​ទៀត ផ្ទះសម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​អគារអូរ៣​ជាន់​នោះ ក៏​ត្រូវ​ទាហាន​ថៃ​វាយកម្ទេច និង​ចូល​រុះរើ​សម្ភារៈ​ប្លន់​យក​ទ្រព្យសម្បត្តិ​មានតម្លៃ​ផង​ដែរ។

ពលរដ្ឋ​ម្នាក់​ដែល​មាន​ផ្ទះ​នៅ​តំបន់​អូរ៣ជាន់ ថ្លែង​សុំ​លាក់​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ដែរ​ថា ផ្ទះ​របស់​លោក​ត្រូវ​បាន​ទាហាន​ថៃ​ចូល​រុះរើ​វាយកម្ទេច ហើយ​ទ្រព្យសម្បត្តិ​មានតម្លៃ​មួយ​ចំនួន​ធំ​ដូចជា​គ្រឿងអលង្ការ​ជាដើម ក៏​ត្រូវ​បាន​ទាហាន​ថៃ​គាស់​ទូដែក​ប្លន់​យក​ទៅ​អស់​ដែរ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «និយាយ​ឱ្យ​ចំ​ខ្ញុំ​អត់​នៅក្នុង​ហេតុការណ៍​ហ្នឹង​ទេ ប៉ុន្តែ​ខ្ញុំ​ពឹង​អ្នក​ស្គាល់គ្នា​ឱ្យ​ចូល​យក​អីវ៉ាន់​នៅផ្ទះ​ខ្ញុំ ចូល​ទៅ​វា​រើ​អស់រលីង វា​រើ​ខោអាវ​យើង​ពេញ​ហ្នឹង​ទាំងអស់ ហើយ​ទូដែក​អី​វា​វាយ​យក​អស់ កុំព្យូទ័រ (Laptop) ខ្ញុំ​ម៉ាស៊ីន​ព្រីនស៍​របស់ខ្ញុំ កង្ហារ​ដាក់​ទឹក​ត្រជាក់ និយាយ​ទៅ​របស់​មានតម្លៃ​ក្នុង​ហ្នឹង​វា​យក​ទៅ​ទាំងអស់​រលីង​។ បើ​ទូទឹកកក​នៅ​ខាងក្រៅ​ដូចជា​អត់​អី​ទេ អស់​ខាងក្នុង​ទេ​ទូដែក​មាន​លុយ មាន​គ្រឿងអលង្ការ​ប្រពន្ធ​មួយចំនួន យក​ទាំងអស់​ដូចជា​ខ្សែដៃ ខ្សែក តែ​វា​អត់​យក​ចិញ្ចៀន វា​យក​តែ​ខ្សែក ខ្សែដៃ​។ ចិត្ត​ខ្ញុំ​វិញ​ចាត់ទុក​វា​ជា​ចោរ​ហ្មង វា​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើង​ហើយ​វា​បំពាន​បទ​ឈប់​បាញ់ ហើយ​វា​នៅតែ​ដើរ​បំពាន​យើង»។

កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ក្រុម​ទាហាន​ថៃ​ប្រមាណ ៣០​នាក់​បាន​បាញ់សម្លាប់​មន្ត្រី​ម្នាក់​ពេល​ចុះ​ល្បាត និង​ចាប់ចង​ពលរដ្ឋ​ខ្មែរ ៣​នាក់​ទៀត​ធ្វើ​ទារុណកម្ម និង​បាញ់​គំរាម​បង្ខំ​ឱ្យ​ប្រាប់​ពី​ទីតាំង​យោធា​ខ្មែរ ក្នុង​ពេល​ដែល​ពួកគាត់​ទៅ​មើល​ផ្ទះសម្បែង​នៅ​តំបន់​អូរស្មាច់ ដែល​យោធា​ថៃ​ទម្លាប់​គ្រាប់​នៅ​អំឡុង​សង្គ្រាម។

ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​ក្នុង​រយៈពេល​ជាង ២០​កន្លង​ទៅ​នេះ​អ្នកស្រុក​អូរស្មាច់​ឱ្យ​ដឹង​ថា ភូមិសាស្ត្រ​ក្នុង​សង្កាត់​អូរស្មាច់​ដូចជា ភូមិ​វត្ត​អូរខ្លាឃ្មុំ តំបន់​អូរទីពីរ ភ្នំ​ប៉ោយ ជួរ​ភ្នំ​ដងរែក តំបន់​ស្វាយចន្ទី ទីស្នាក់ការ​កងវរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧០២ ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អន្តោប្រវេសន៍ រួម​ទាំង​តំបន់​កាស៊ីណូ​ទាំងពីរ​របស់​លោក លឹម ហេង និង​លោក លី យ៉ុងផាត់ ត្រូវ​បាន​ទាហាន​ថៃ​ចូល​កាន់កាប់​ព័ទ្ធ​បន្លា​លួស និង​ចុះ​ល្បាត​ជាប្រចាំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ