យោធា​ថៃ​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​ដល់​ទឹកដី​ខេត្តសៀមរាប

0
48
យន្តហោះចម្បាំង​របស់​កងទ័ព​អាកាស​ថៃ។ រូបភាពពីហ្វេសប៊ុកទ័ពជើងអាកាសថៃ
យន្តហោះចម្បាំង​របស់​កងទ័ព​អាកាស​ថៃ។ រូបភាពពីហ្វេសប៊ុកទ័ពជើងអាកាសថៃ

ក្រសួង​ការពារជាតិ​កម្ពុជា​ថា យោធា​ថៃ​ពង្រីក​ការវាយប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា​កាន់តែ​ខ្លាំងក្លា ដោយ​បាន​ទម្លាក់​គ្រាប់​ចូល​កាន់​តែ​ជ្រៅ​រហូត​ដល់​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។

ក្រសួងការពារជាតិ​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៥ ធ្នូ ថា យោធា​ថៃ​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក ២​គ្រាប់ លើ​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ក្បែរ​ជំរុំ​ជនភៀសសឹក នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក និង​២​គ្រាប់​ទៀត លើ​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​ម៉ោង ១១:២៨​នាទី។

ភ្លាមៗ​នេះ សិស្សានុសិស្ស​កំពុង​រៀន​នៅ​ក្បែរ​កន្លែង​ទម្លាក់​គ្រាប់​បាន​នាំគ្នា​រត់​ចេញ​ពី​បន្ទប់រៀន​ស្រែក​យំ​ប្រសេចប្រសាច​ពេញទី​ធ្លា​សាលា​ដោយ​ក្ដី​ភ័យខ្លាច។ ចំណែក ជនភៀសសឹក​បាន​នាំគ្នា​រត់​ភ្លាមៗ​ទៅកាន់​ទីកន្លែង​ផ្សេងទៀត​ដើម្បី​សុវត្ថិភាព។

ក្រសួង​ការពារជាតិ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​របស់​យោធា​ថៃ ដែល​បន្ត​ទម្លាក់​គ្រាប់​ចូលកាន់​តែ​ជ្រៅ​ក្នុង​ដី​ខ្មែរ។ ទោះជា​យ៉ាងណា នៅ​មិនទាន់​មាន​របាយការណ៍​បញ្ជាក់​ថា មាន​ពលរដ្ឋ​ស៊ីវិល​រងគ្រោះថ្នាក់​ដោយសារ​ការ​ទម្លាក់​គ្រាប់​ធុន​ធ្ងន់​នៅ​តំបន់​ទាំងពីរ​នេះ​នៅ​ឡើយ​ទេ។

គិត​ត្រឹម​ម៉ោង ២​រសៀល​​ថ្ងៃ​ទី១៥ ធ្នូ ពលរដ្ឋ​ស៊ីវិល​កម្ពុជា​ស្លាប់​កើន​ដល់ ១៥ នាក់ និង​របួស ៧៣នាក់ ខណៈ​ជនភៀសសឹក​លើស ៤០​ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ