

យោធាថៃនៅតែបន្តវាយប្រហារឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោល និងកាន់តែខ្លាំងក្លា ដោយមិនគោរពបទឈប់បាញ់តាមការអន្តរាគមន៍របស់មេដឹកនាំអាមេរិក និងម៉ាឡេស៊ីនេះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា អះអាងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៤ ធ្នូ ថា យោធាថៃបន្តបាញ់ប្រហារមុនមកលើកម្ពុជា តាំងពីយប់រំលងអាធ្រាត្រ ថ្ងៃទី១៤ ធ្នូ ដោយប្រើផ្សែងពុល កាំភ្លើងធំ និងគ្រាប់បែកចង្កោម។
អ្នកស្រីបន្តថា នៅម៉ោង ៨:១៥នាទីព្រឹកយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោធាថៃវាយប្រហារចូលទឹកដីកម្ពុជាកាន់តែខ្លាំង និងឃោរឃៅដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាគ្រប់ បែបយ៉ាង ខណៈមេដឹកនាំប្រទេសថៃប្រកាសមិនទទួលយកបទឈប់បាញ់ និងបន្តទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទបុរណ អគារកាស៊ីណូ ស្ពានមេទឹក ផ្ទះសម្បែង វត្តអារាម មន្ទីរពេទ្យ និងសាលារៀន ដោយឃោរឃៅ និងអមនុស្សធម៌។
របាយការណ៍ក្រសួងមហាផ្ទៃឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ធ្នូ ពលរដ្ឋស៊ីវិលខ្មែរបានស្លាប់ ១១នាក់ និងរបួស ៥៩នាក់។ ចំណែកជនភៀសសឹកកើនដល់ ១១២.៦៤៨គ្រួសារ សរុប ៣៧៩.០៤៧នាក់។ ចំនួននេះកើនបន្ថែម ៦.០៩០គ្រួសារ និង ២២.០៩៩នាក់ បើប្រៀបធៀបនឹងថ្ងៃទី១២ ធ្នូ ក្រោយយោធាថៃបើកការវាយប្រហារនៅខេត្តកោះកុង កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៣ ធ្នូ៕









