

ភាគីថៃបាននាំភ្នាក់ងារ (FBI) ចុះស៊ើបអង្កេតតំបន់អូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ និងអះអាងថា តំបន់នេះគឺជាមូលដ្ឋាននៃឧក្រិដ្ឋកម្មជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។ ទន្ទឹមគ្នានេះ តំបន់អូរស្មាច់ក៏កំពុងត្រូវបានយោធាថៃចូលគ្រប់គ្រងបន្ទាប់ពីប្រើកម្លាំងយោធាឈ្លានពានបានពីកម្ពុជា។ មន្ត្រីជាន់ខ្ពស់កម្ពុជាច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ភាគីថៃយកលេសរឿងឧក្រិដ្ឋកម្ម ដើម្បីឈ្លានពានទឹកដីកម្ពុជា។
ភាគីថៃបានបង្ហាញភស្តុតាងជាច្រើនដែលប្រមូលបានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតំបន់រមណីយដ្ឋានអូរស្មាច់របស់លោក លី យ៉ុងផាត់ ក្រោយយោធាថៃបានឈ្លានពានកម្ពុជា និងកំពុងកាន់កាប់តំបន់នេះ។
ភស្តុតាងទាំងនេះរួមមាន លិខិតឆ្លងដែននៃជនបរទេសដែលត្រូវបានគេដកហូត ស៊ីមកាតទូរស័ព្ទសម្រាប់ទាក់ទងជាលក្ខណៈអន្តជាតិចំនួនជាង ៨រយស៊ីមកាត (៨៧១) ឯកសារនៃអត្ថបទសម្រាប់ឆបោកតាមអនឡាញ ទូរស័ព្ទដៃរាប់រយគ្រឿង រួមទាំងស្លាកសញ្ញា និងឯកសណ្ឋានប៉ូលិសក្លែងក្លាយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានចារកម្មនៃកងទ័ពភូមិន្ទថៃលោក ធីរ៉ាណាន ណាន់ហាក់វ៉ាង (Teeranan Nandhakwang) ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២ ខែកុម្ភៈថា អគារនៅតំបន់អូរស្មាច់បានផ្ទុកមនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនរងគ្រោះពីការជួញដូរមនុស្សនៃអំពើឆបោកតាមអនឡាញ និងរងការធ្វើទារុណកម្មនៅក្នុងអគារ។
ទាក់ទងការលើកឡើងនេះ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ថ្លែងប្រាប់សារព័ត៌មានរ៉យទរស៍ (Reuters) ថា ប្រទេសថៃបានប្រើលេសរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីវាយប្រហារឈ្លានពានកម្ពុជា។ លោកអះអាងទៀតថា រដ្ឋាភិបាលកម្ពុជាក៏កំពុងកម្ចាត់ឧក្រិដ្ឋកម្មនេះដែរ។
តំបន់រមណីយដ្ឋានអូរស្មាច់ដែលបច្ចុប្បន្នគ្រប់គ្រងដោយយោធាថៃគឺជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាបក្សកាន់អំណាចគឺលោក លី យ៉ុងផាត់ ដែលល្បីល្បាញជុំវិញពិភពលោកថា ជាទីកន្លែងសម្បុកឧក្រិដ្ឋជនប្រតិបត្តិការឆបោកតាមអនឡាញ និងត្រូវបានអាមេរិកដាក់ទណ្ឌកម្មផងដែរ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា ប្រទេសកម្ពុជាខ្ទេចខ្ទាំ និងរងការប្រមាថដោយសង្គ្រាមថៃឈ្លានពានកន្លងមកដោយសារតែមេដឹកនាំនៃក្រុមគ្រួសារត្រកូល ហ៊ុន គ្មានជំហរនយោបាយរួមរួបជាតិ និងដឹកនាំបែបឧក្រិដ្ឋកម្ម។ អ្នកស្រីបន្តថា អំពើឆបោកតាមអនឡាញគឺជារបរបែបឧក្រិដ្ឋកម្មខ្មៅងងឹតរបស់ឧក្រិដ្ឋជនដែលបានរំលោភសិទ្ធិមនុស្សជុំវិញពិភពលោកយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រីថា គួរដល់ពេលដែលរដ្ឋាភិបាលត្រកូល ហ៊ុន មានស្មារតីភ្ញាក់រលឹកតម្កល់ផលប្រយោជន៍ជាតិជាធំតាមរយៈការបើកលំហប្រជាធិបតេយ្យ ផ្ដល់សំឡេងដល់គ្រប់ភាគី និងសហការជាមួយអន្តរជាតិ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
អ្នកស្រី មូរ សុខហួរ៖ «យើងអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសកម្ពុជា សហការជាមួយអន្តរជាតិទៅ ពេលនេះសហការជាមួយអន្តរជាតិមិនមែនថៃទេ ដើម្បីលាងសម្អាតមុខមាត់នៃប្រទេសជាតិយើង ដើម្បីឱ្យ បានស្ដារមកនូវសេដ្ឋកិច្ចចូលក្នុងប្រព័ន្ធត្រឹមត្រូវមកវិញ កុំឱ្យប្រទេសកម្ពុជាយើងនៅក្នុងប្រព័ន្ធខ្មៅងងឹត ព្រោះអ្នកវិនិយោគអន្តរជាតិគេអត់ចូលមកប្រទេសកម្ពុជាយើងបានទេ គេមិនមកវិនិយោគនៅប្រទេសកម្ពុជាទេ បើយើងមិនលាងសម្អាតនៅពេលនេះ។ ហើយឈប់ទៅក្នុងការបិទបាំងការពិតគិតពីការស្ដារសេដ្ឋកិច្ច ស្ដារមុខមាត់ប្រទេសជាតិយើងវិញ»។
ក្នុងសង្គ្រាមឈ្លានពានថៃវាយប្រហារកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានវាយប្រហារអគារកាស៊ីណូជាច្រើនទីតាំងក្នុងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ និងទីតាំងអគារកាស៊ីណូក្នុងខេត្តពោធិ៍សាត់ជាដើម ដែលភាគីថៃអះអាងថា ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលបង្កឱ្យជនជាតិរបស់ខ្លួនរងគ្រោះ។
អ្នកឃ្លាំមើលលើកឡើងថា ការណ៍ដែលភាគីថៃមានលេសមិនសមហេតុផល ដើម្បីសម្រេចមហិច្ឆតាឈ្លានពានកម្ពុជានេះ គឺដោយសារតែរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ដឹកនាំប្រទេសបែបឧក្រិដ្ឋកម្មឃុបឃិតជាមួយឧក្រិដ្ឋជន ដើម្បីពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញ៕









