យោធា​ថៃ​បន្ត​វាយប្រហារ​ឈ្លានពាន​កម្ពុជា បើ​ទោះជា​មាន​ជំនួប​ប្រជុំ GBC នៅ​លើ​ទឹកដី​ថៃ

0
47
​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៅខាងដីថៃ ជាប់ខេត្ត​ប៉ៃលិន នៅថ្ងៃទី២៥ ធ្នូ ២០២៥។រូប៖ ក្រសួង​ការពារជាតិ
​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៅខាងដីថៃ ជាប់ខេត្ត​ប៉ៃលិន នៅថ្ងៃទី២៥ ធ្នូ ២០២៥។រូប៖ ក្រសួង​ការពារជាតិ

ក្រសួងការពារជាតិ​កម្ពុជា​អះអាង​ថា យោធា​ថៃ​នៅតែ​បន្ត​វាយប្រហារ​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​ដដែល បើ​ទោះ​បីជា​ភាគី​ទាំងពីរ​ព្រមព្រៀង​បើក​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៅ​លើ​ទឹកដី​ថៃ​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃទី​២៧ ធ្នូ ខាងមុខ តាម​ការ​ចង់បាន​របស់​ថៃ​ក៏ដោយ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ថា យោធា​ថៃ​បាន​បន្ត​វាយប្រហារ​លើ​កម្ពុជា តាំងពី​ល្ងាច​ថ្ងៃទី​២៤ រហូតដល់​ម៉ោង ៨​ព្រឹក​ថ្ងៃទី​២៥ ធ្នូ នេះ​។ អ្នកស្រី​អះអាង​ថា យោធា​ថៃ​បាន​ប្រើប្រាស់​រថគ្រោះ និង​ទ័ពថ្មើរ​ជើង​រុលចូល​ខ្លាំង​នៅ​តំបន់​វាល​ឥន្ទ្រី ចម្ការចេក ៥​មករា និង​សំបុក​ឃ្មុំ ពិសេស​តំបន់​ប្រាសាទព្រះវិហារ ត្រូវ​បាន​យោធា​ថៃ​ប្រើ​ដ្រូន​អត្តឃាត កាំភ្លើង​ធំ​វាយប្រហារ​កាន់តែ​ខ្លាំង។

ទោះជា​យ៉ាងណា អ្នកស្រី ម៉ាលី សុជាតា អះអាងថា កងកម្លាំង​កំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ និង​ឆ្លើយតប​ដោយ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ដើម្បី​ការពារ​បូរណភាព​ទឹកដី ដោយ​សេចក្ដីក្លាហាន និង​មិន​ញញើត​សត្រូវ​ឈ្លានពាន​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ក្រៅពី​តំបន់​ព្រះវិហារ យោធា​ថៃ​ក៏​វាយប្រហារ​លើ​តំបន់​ផ្សេងទៀត​ដែរ ដូចជា តំបន់​បឹង​ត្រកួន ប៉ោយប៉ែត ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ជាដើម។

កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែធ្នូ ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT)។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ខេត្ត​ចន្ទ​បុរី របស់​ថៃ ជាប់​នឹង​ព្រំដែន​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា។

ក្រសួង​ការពារជាតិ​ថា នៅ​ម៉ោង ៨:៤១​នាទី​ព្រឹក ថ្ងៃទី​២៥ ធ្នូ យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ ចូល​ភូមិសាស្ត្រ​ភូមិ​តាឡី ឃុំ​គោករមៀត ស្រុក​ថ្មពួក បណ្តាល​ឱ្យ​ពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់​កម្ពុជា​បាត់បង់​ជីវិត​ចំនួន ១​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​ជន​ស៊ីវិល​កម្ពុជា​ស្លាប់​កើន​សរុប​ដល់ ៣១​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ធ្នូ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ