យោធា​ថៃបន្ត​វាយ​ប្រហារ​ខ្លាំងៗ​និង​​​ទម្លាក់​ ​៤០​គ្រាប់​លើ​ភូមិ​ជោគជ័យ ទោះបន្ត​ប្រជុំ ​GBC ​ជាមួយ​កម្ពុជា

0
30
(រូបឆ្វេង)ទិដ្ឋភាព​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៅថ្ងៃទី២៦ ធ្នូ (រូបស្ដាំ) ទិដ្ឋភាព​ផ្ទះគ្រាប់​ដែលយោធាថៃ​ទម្លាក់ពីលើអាកាស​លើដីខ្មែរ។ រូប៖ ក្រសួងការពារជាតិ
(រូបឆ្វេង)ទិដ្ឋភាព​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៅថ្ងៃទី២៦ ធ្នូ (រូបស្ដាំ) ទិដ្ឋភាព​ផ្ទះគ្រាប់​ដែលយោធាថៃ​ទម្លាក់ពីលើអាកាស​លើដីខ្មែរ។ រូប៖ ក្រសួងការពារជាតិ


យោធា​ថៃ​​វាយ​ប្រហារ​កាន់តែ​ខ្លាំង​ឡើងៗ ដោយ​​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​ពី​លើ​អាកាស ចំនួន ៤០​គ្រាប់​លើ​ភូមិ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៦ ធ្នូ បន្ទាប់​ពី​កម្ពុជា​ពុំ​ព្រម​តាម​សំណើ​លក្ខខណ្ឌ ទាំង​៣ ក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុម​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) រយៈពេល​២​ថ្ងៃ​នេះ។

ក្រសួង​ការពារ​ជាតិ​អះអាង​ថា នៅ​ម៉ោង ៦ និង ៧​ព្រឹក​ថ្ងៃ​នេះ យោធា​ថៃ​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់ ៤០​គ្រាប់​​កម្ទេច​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ។ ក្រៅ​ពី​នេះ​យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ប្រភេទ ១៥៥ម.ម ចូល​ភូមិសាស្ត្រ​ភូមិស្ទឹងបត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ចំណែក​តំបន់​ផ្សេង​ទៀត យោធា​ថៃ​បន្ត​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

យ៉ាងណាក៏ដោយ ក្រសួង​ការពារជាតិ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ឡើយ ខណៈ​ភាគី​ថៃ​នៅ​តែ​អះអាង​ថា កម្ពុជា​ពុំ​ព្រម​លើ​លក្ខខណ្ឌ​ ៣​ចំណុច​ដែល​ថៃ​ចង់​បាន ដូចជា​ឱ្យ​កម្ពុជា​ប្រកាស​បទ​ឈប់​បាញ់​មុន ដែល​ប្រៀប​ដូច​ឱ្យ​កម្ពុជា​ប្រកាស​ចុះចាញ់​ជាដើម។

នៅ​ព្រឹក​នេះ កិច្ច​ប្រជុំ​នៃ​ក្រុម​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ឈាន​ចូល​​ថ្ងៃទី៣ នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ទល់​នឹងច្រក​ផាកកាត ខេត្ត​ចន្ទបុរី ប្រទេស​ថៃ។
ក្រសួង​ការពារ​ជាតិ​អះអាង​ថា កិច្ចប្រជុំ​នេះ​បន្ត​ពិភាក្សា​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បញ្ឈប់​អរិភាព និង​ស្វែងរក​នូវ​ដំណោះស្រាយ ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ការ​វិលត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ