

ទាហានខ្មែរដែលកំពុងឈរជើងនៅតំបន់ជាំតែ ខេត្តព្រះវិហារ បានអះអាងថា ទាហានថៃនៅតែព្យាយាមធ្វើសកម្មភាពចូលឈ្លានពានទឹកដីកម្ពុជាគ្រប់រូបភាព បណ្ដាលឱ្យប៉ះទង្គិចពាក្យសម្ដីគ្នាជាញឹកញាប់ រហូតមានការគំរាមផ្ទុះអាវុធពីសំណាក់ទាហានថៃទៀតផង។ មន្ត្រីបក្សប្រឆាំងថា កម្ពុជាកាន់តែបាត់បង់លទ្ធភាពក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួន ដោយសារការរក្សាភាពស្ងៀមស្ងាត់ របស់មេដឹកនាំកម្ពុជា។
ស្របពេលរដ្ឋាភិបាលបន្តលើកឡើងពីស្ថានភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែនថៃ ទាហានខ្មែរនៅជួរមុខ បានអះអាងថា ពួកគាត់បានទទួលរងការប្រមាថមើលងាយ និងការគំរាមកំហែងពីសំណាក់ទាហានថៃ ស្ទើរតែរាល់ថ្ងៃ នៅពេលប៉ះទង្គិចសម្ដីជាមួយគ្នាម្ដងៗ។
ទាហានខ្មែរម្នាក់ កំពុងឈរជើងនៅតំបន់ជាំតែ ខេត្តព្រះវិហារ ជាប់នឹងខេត្តស៊ីសាកេត របស់ថៃ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ទាហានថៃបានព្យាយាមរាយបន្លាលួសចូលមកក្នុងទឹកដីខ្មែរជាច្រើនទីតាំង ដែលធ្វើឱ្យទាហានខ្មែរត្រូវចូលទៅហាមឃាត់ជាច្រើនដង បណ្ដាលឱ្យមានជម្លោះពាក្យសម្ដី និងរុញច្រានគ្នាជាញឹកញាប់។ លោកបន្តថា ថ្មីៗនេះ ទាហានថៃបានយកគ្រឿងចក្រកាយកាត់ទទឹងផ្លូវ នៅក្នុងទឹកដីកម្ពុជា ហើយនៅពេលទាហានខ្មែរបានទៅហាមឃាត់ បែរជាត្រូវទាហានថៃបណ្ដេញចេញ និងចោទទាហានខ្មែរថាមកបង្ករឿងជាមួយពួកគេ។
យោធិនខ្មែររូបនេះអះអាងទៀតថា ក្នុងជម្លោះពាក្យសម្ដី ទាហានថៃបានគំរាមមកកាន់ទាហានខ្មែរថា បើនៅតែមកហាមឃាត់សកម្មភាពរបស់ពួកគេទៀត ពួកគេនឹងបាញ់សម្លាប់ទាហានខ្មែរ ឱ្យស្លាប់ក្លាយជាជីនៅលើដីក្នុងតំបន់នោះ។ ប្រភពបន្តថា ក្រោយពីគំរាមដោយពាក្យសម្ដី ទាហានថៃបានសង់លេណដ្ឋាននៅក្បែរនោះ និងបំពាក់កាំភ្លើងយន្ត ដែលធ្វើឱ្យទាហានខ្មែរមិនអាចចូលទៅក្បែរតំបន់នោះបានឡើយ។
ប្រភពពីយោធាខ្មែរបានបន្ថែមថា ក្រៅពីជីកផ្ដាច់ផ្លូវ និងរាយបន្លាលួស ក្រុមយោធា និងព្រះសង្ឃថៃ បានសាងសង់ព្រះពុទ្ធរូប នៅក្នុងដីចម្ការរបស់ពលរដ្ឋខ្មែរ ទោះបីជាទាហានខ្មែរបានចូលទៅហាមឃាត់ជាច្រើនដង រហូតទាហានថៃ បានផ្ទុះអាវុធមួយគ្រាប់គំរាមទាហានខ្មែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៩ ខែមីនា។ ចំណែកនៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃនេះ ក៏មិនបានលើកឡើងពីបច្ចុប្បន្នភាពនៅតាមព្រំដែននោះដែរ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា យោធាថៃ បានប្រែក្លាយតំបន់ភ្នំ និងតំបន់មួយចំនួន ដែលដណ្ដើមបានពីកម្ពុជា ក្លាយទៅជាតំបន់យុទ្ធសាស្ត្រការពាររឹងមាំ ដែលធ្វើឱ្យកម្ពុជា បាត់បង់លទ្ធភាព ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនផ្នែកយោធា ស្ទើរតែទាំងស្រុងទៅហើយ។
លោក អ៊ុំ សំអាន៖ «អ៊ីចឹងកាលណាយើងអត់ទប់ស្កាត់ អត់ប្រើប្រាស់សិទ្ធិស្វ័យការពារ ហើយនៅពេលយោធាថៃ ចូលយកទឹកដីកម្ពុជាកាន់តែច្រើន គឺពិបាកហើយ ក្នុងការដោះស្រាយសម្រាប់ការចរចាគ្នា ឬក៏ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ កាលណាយើងបាត់ច្រើនតំបន់ពេល ការប្ដឹងនឹងកាន់តែពិបាក»។
ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះដែរ កាលពីថ្ងៃទី៥ ខែមីនា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បានចេញសេចក្ដីថ្លែងការណ៍ ដោយតវ៉ាចំពោះការអះអាងរបស់កម្ពុជា ដែលបានប្រាប់ទៅគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ចំនួន១២ប្រទេស អំពីសកម្មភាពឈ្លានពានរបស់យោធាថៃ ក្នុងពេលចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់បឹងត្រកួន និងតំបន់ស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ។
យោធាថៃចោទថា ភាគីកម្ពុជា មានចេតនាញុះញង់ និងបង្ខូចឈ្មោះប្រទេសថៃ និងអះអាងថា តំបន់ទាំងនោះ គឺជាទឹកដីថៃ ដែលកម្ពុជាបានទន្ទ្រានយកក្នុងអំឡុងសង្គ្រាមស៊ីវិល។ ទន្ទឹមគ្នានេះ កងទ័ពអាកាសថៃ បានចេញមកបដិសេធការអះអាងរបស់កម្ពុជា ប្រាប់ទៅគណៈប្រតិភូអនុព័ន្ធយោធាបរទេស អំពីការវាយប្រហាររបស់ទ័ពអាកាសថៃ មកលើប្រាសាទព្រះវិហារ បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរ ដោយភាគីថៃចោទថា គឺបណ្ដាលមកពីយោធាខ្មែរ បានតាំងមូលដ្ឋានទ័ព នៅក្នុងតំបន់ប្រាសាទ។
យ៉ាងណាក៏ដោយចុះ យោធាខ្មែរ ដែលឈរជើងនៅតំបន់ព្រំដែន បានអះអាងថា យោធាថៃបានធ្វើសកម្មភាពឈ្លានពានមកក្នុងទឹកដីកម្ពុជា កាន់តែជ្រៅទៅ តាមដែលអាចធ្វើបាន បន្ទាប់ពីយោធាថៃ បានសាងសង់លេណដ្ឋានរឹងមាំនៅតាមព្រំដែន និងគំរាមវាយប្រហារមកលើយោធាខ្មែរជាច្រើនលើក ខណៈយោធាខ្មែរ នៅតែរក្សាការអត់ធ្មត់ និងរង់ចាំបញ្ជាពីថ្នាក់លើ៕








