មន្ត្រី​ការបរទេស​ថៃ​ថា នឹង​បើក​កិច្ចប្រជុំ​កំណត់ព្រំដែន JBC ជាមួយ​កម្ពុជា ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី

0
32

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លើកឡើង​ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) កម្ពុជា​-​ថៃ នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ចូលកាន់​តំណែង ដើម្បី​បង្កើត​គណៈកម្មាធិការ​ថ្មី​។ អ្នកឃ្លាំមើល​ថា ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់លាស់​បែបនេះ កម្ពុជា​ត្រូវ​មាន​ផែនការ​ត្រៀម​ផ្សេងទៀត ដើម្បី​តតាំង​ជាមួយ​ថៃ​ក្នុង​ផ្លូវ​ការទូត ក្រៅពី​វិធី​ចរចា​ទ្វេភាគី។

មក​ដល់​ពេល​នេះ ប្រទេស​ថៃ​នៅ​មិនទាន់​កំណត់ពេល​កិច្ចប្រជុំ​(JBC)​ដើម្បី​កំណត់ព្រំដែន​ជាមួយ​កម្ពុជា ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ ខណៈ​យោធា​ថៃ​កំពុង​សង់​លេណដ្ឋាន និង​សំណង់​រឹងមាំ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា ជាច្រើន​ទីតាំង។

ថ្លែង​នៅ​វិមាន​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១០ ខែមីនា នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួង​កេតកែវ (Sihasak Phuangketkeow) លើកឡើង​ថា កិច្ចចរចា​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) រវាង​កម្ពុជា​-​ថៃ មិនអាច​ធ្វើ​ទៅ​តាម​សំណើ​របស់​កម្ពុជា ដោយ​កំណត់ពេល​ជាក់លាក់​ណាមួយ​នោះ​ឡើយ​។ លោក​អះអាង​ថា ដំណើរការ​រៀបចំ​កិច្ចប្រជុំ JBC នេះ​គឺ​ត្រូវ​រង់ចាំ​រហូតដល់​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ចូលកាន់​តំណែង ដោយ​ការពិភាក្សា​អំពី​ការ​បោះបង្គោល​ព្រំដែន និង​ការ​ឈរជើង​របស់​យោធា​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ក្រោយ​សង្គ្រាម​នៅ​តាម​ព្រំដែន គឺ​ស្ថិតនៅ​ក្នុង​តួនាទី និង​ការសម្រេច​របស់​រដ្ឋាភិបាល​ថ្មី​ទាំងស្រុង។

លោក ស៊ីហាសាក់ បញ្ជាក់​ថា ដើម្បី​ឈាន​ដល់​កិច្ចប្រជុំ JBC ភាគី​កម្ពុជា ត្រូវ​ចូលរួម​បោសសម្អាត​មីន​នៅ​តាម​ព្រំដែន និង​បោក​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ ជាមុន​សិន ព្រោះ​បញ្ហា​ទាំងនេះ គឺជា​កាតព្វកិច្ច​ដែល​កម្ពុជា​ត្រូវ​អនុវត្ត​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ។

កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ស្នើ​ទៅ​កាន់​ភាគី​ថៃ ដើម្បី​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) កម្ពុជា​-​ថៃ ក្នុង​អំឡុង​សប្ដាហ៍​ទី​២ នៃ​ខែមីនា និង​កិច្ចប្រជុំ​អនុគណៈកម្មការ​បច្ចេកទេស​ចម្រុះ​ព្រំដែន​(JTSC) កម្ពុជា​-​ថៃ ក្នុង​អំឡុង​សប្ដាហ៍​ទី​១ ក្នុង​ខែ​ដដែល។ ក៏ប៉ុន្តែ​សំណើ​នេះ មិន​ទទួល​បាន​ការ​ឆ្លើយតប​ពី​ភាគី​ថៃ​នោះ​ឡើយ។

ក្រៅពី​រឿង​កិច្ចប្រជុំ JBC ប្រមុខ​ការទូត​ថៃ​រូប​នេះ ក៏បាន​លើកឡើង​ពី​គម្រោង​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ឬ MOU 44 ស្ដីពី​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​សមុទ្រ និង​ការរុករក​ប្រេងកាត​នៅ​តំបន់​ដែល​អះអាង​ថា ត្រួតស៊ីគ្នា​(OCA) ផង​ដែរ​។ លោក ស៊ីហាសាក់ លើកឡើង​ថា ការលុបចោល MOU 44 នេះ ត្រូវ​រង់ចាំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​សេចក្ដីថ្លែងការណ៍ ទៅ​កាន់​សភា ដើម្បី​ពិភាក្សា​លើ​ការលុបចោល នៅពេល​រដ្ឋាភិបាល​ថៃ​ថ្មី​បង្កើត​ឡើង។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែមីនា។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ភាគី​ថៃ​កំពុង​ប្រើ​លេស ដើម្បី​បដិសេធ​ចូល​តុ​ចរចា​ជាមួយ​កម្ពុជា ដោយសារ​ភាគី​ថៃ បាន​ដឹង​ហើយ​ថា កម្ពុជា​នឹង​លើកយក​សកម្មភាព​ឈ្លានពាន​ទឹកដី​ខ្មែរ របស់​យោធា​ថៃ លើស​ពី​តំបន់​ទាមទារ មក​និយាយ​នៅក្នុង​កិច្ចពិភាក្សា​។ លោក​បន្ត​ថា ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់លាស់​បែបនេះ កម្ពុជា​ត្រូវ​មាន​ផែនការ​ត្រៀម​ផ្សេងទៀត ដើម្បី​តតាំង​ជាមួយ​ថៃ​ក្នុង​ផ្លូវ​ការទូត។

លោក ម៉ែន ណាត៖ «ក្នុង​របាយការណ៍​ចរចា វា​ប្រាកដ​ជា​មាន​លេចឮ​ទៅដល់​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ AOT និង​អ្នកការទូត​អន្តរជាតិ​។​ដូច្នេះ​ភាគី​ថៃ​មានតែ​ត្រូវ​រក​មធ្យោបាយ​ពន្យារពេល ដើម្បី​បង្កើត​លេស​ខ្លួនឯង កុំឱ្យ​មានការ​ជជែក​ផ្ទាល់​មុខ​គ្នា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ជាមួយ​កម្ពុជា»។

ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​នេះ​ដែរ អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​នេះ ដោយ​អះអាង​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ មិនទាន់​ជា​មូលហេតុ​នៃ​ការ​ព្រួយបារម្ភ​នៅឡើយ ហើយ​មិនទាន់​មាន​សញ្ញា​ណាមួយ នៃ​ការ​កើនឡើង​នៃ​ជម្លោះ​នោះ​ដែរ។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន បាន​អះអាង​ថា ស្ថានការណ៍​នៅ​តំបន់​ព្រំដែន នៅតែ​មាន​ភាព​តានតឹង ដោយ​ទាហាន​ថៃ​បាន​បង្កើន​សកម្មភាព​ចូល​ឈ្លានពាន​ក្នុង​ទឹកដី​ខ្មែរ​កាន់តែ​ជ្រៅ ដោយ​យោធា​ខ្មែរ​បាន​ចូល​ទៅ​ហាមឃាត់ រហូត​បណ្ដាល​ឱ្យ​មាន​កា​រ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ដោយពេល​ខ្លះ​ទាហាន​ថៃ​បាន​គំរាម​បាញ់សម្លាប់​ទាហាន​ខ្មែរ​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ