ថៃ​កំពុង​ពន្លឿន​កសាង​សំណង់​នៅ​លើ​ទឹកដី​ខ្មែរ​តាម​ព្រំដែន ខណៈ​ក្រុងភ្នំពេញ​​នាំគ្នា​ទះដៃ​សម្ពោធ​រូបគំនូរ

0
78
ពិធីសម្ពោធរូបគំនូរ​ដែលដឹកនាំដោយ​លោក ហ៊ុន ម៉ានី នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសសយក
ពិធីសម្ពោធរូបគំនូរ​ដែលដឹកនាំដោយ​លោក ហ៊ុន ម៉ានី នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសសយក

ថៃ​កំពុង​ពន្លឿន​ការ​កសាង​សំណង់​រឹង​នៅ​លើ​ទឹកដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​ទីតាំង ដោយ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ថៃ បាន​ប្រមូល​កម្លាំង​គ្នា បង្កើត​ការដ្ឋាន​សាងសង់​នៅ​នឹង​កន្លែង​។ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ នៅ​ខាង​កម្ពុជា ចំ​កណ្ដាល​រាជធានី​ភ្នំពេញវិញ កូនប្រុស​ពៅ​របស់​​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​ប្រមូល​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មក​សម្ពោធ​រូបគំនូរ​ដែល​បង្ហាញ​ពី​សោកនាដកម្ម​ដោយសារ​សង្គ្រាម​ថៃ​ឈ្លានពាន​អម​ដោយ​ស្នូរ​ទះដៃ។ មន្ត្រី​បក្ស​ប្រឆាំង​ថា សកម្មភាព​នេះ គ្មាន​ប្រយោជន៍​ផ្នែក​យុទ្ធសាស្ត្រ​សម្រាប់​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ថៃ​នោះ​ឡើយ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ មាន​អារម្មណ៍​កម្សត់។

ក្រោយ​សង្គ្រាម​ឈ្លានពាន និង​ចូល​កាន់កាប់​ទឹកដី​ខ្មែរ តាម​បណ្ដោយ​ព្រំដែន​អស់​រយៈពេល​ជាង ២​ខែ​មក​នេះ យោធា​ថៃ​បាន​សម្រុក​សាងសង់​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទឹកដី​ខ្មែរ បានជា​ច្រើន​ទីតាំង។

នៅ​លើ​ភ្នំ​២២៥ ជិត​តំបន់​ប្រាសាទ​តាក្របី ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ពលរដ្ឋ​ថៃ​ប្រុស​ស្រី រួម​ទាំង​ព្រះសង្ឃ បាន​សាងសង់​ទីកន្លែង​តម្កល់​ព្រះ​ពុទ្ធរូប និង​ហេដ្ឋារចនាសម្ពន្ធ័​ផ្សេងៗ​ទៀត ដោយ​ពួកគេ​បាន​ដំឡើង​ប្រព័ន្ធ​អគ្គិសនី និង​រៀបចំ​ធ្វើ​គ្រោង​ដែក​ជាច្រើន សម្រាប់​ធ្វើ​លេណដ្ឋាន​។ នៅ​ជិត​គ្នា​នេះ​ដែរ ក្នុង​តំបន់​ភ្នំ​៣៥០ ថៃ​កំពុង​សាងសង់​ស្តូប​អនុស្សាវរីយ៍ សម្រាប់​រម្លឹក​ដល់​ទាហាន​ថៃ​ដែល​ពលី នៅ​លើ​ច្រាំង​ថ្ម។

រីឯ​នៅ​ខេត្តព្រះវិហារ នៅក្នុង​តំបន់​តាថាវ នៅ​លើ​កំពូលភ្នំ​តាស៊ឹម និង​ភ្នំ​៤០០ ពលរដ្ឋ​ថៃ​រាប់​រយ​នាក់ បាន​នាំគ្នា​រៀប​ឥដ្ឋ ចាក់​បេតុង ខណៈ​ក្រុម​ព្រះសង្ឃ បាន​នាំគ្នា​ចង​គ្រោង​ដែក និង​ស្វាន​ទម្លុះ​ថ្ម ដើម្បី​សាងសង់​លេណដ្ឋាន កន្លែង​តម្កល់​ព្រះ​ពុទ្ធរូប និង​ផ្លូវថ្នល់​។ ក្នុង​នោះ នៅ​ភ្នំ​៦៧៧ ក្នុង​តំបន់​អានសេះ យោធា​ថៃ​បាន​សម្រុក​ធ្វើ​ជណ្ដើរ​ឡើង​ទៅ​កាន់​កំពូលភ្នំ។

ចំណែក​នៅ​តំបន់​បឹង​ត្រកួន ក្នុង​ខេត្ត​បន្ទាយមានជ័យ សភាពការណ៍​កាន់តែ​អាក្រក់ ដោយ​ទាហាន​ថៃ​បាន​បន្តសកម្មភាព​ឈ្លានពាន ដោត​ទង់ជាតិ និង​រាយ​បន្លា​លួស នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ទឹកដី​ខ្មែរ​។ ដោយឡែក​នៅ តំបន់​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់ ទាហាន​ថៃ​បាន​សាងសង់​ប៉ម​នៅ​ពីលើ​ទូ​កុងតឺន័រ និង​ដាក់​កាមេរ៉ា​សុវត្ថិភាព ជាច្រើន​ទីតាំង។

ក្រឡេក​មក​មើល​ទីតាំង​ឈរជើង​នៅ​ខាង​ភាគី​កម្ពុជា​ឯនេះ​វិញ ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង នៅ​តាម​តំបន់​មួយចំនួន បាន​បន្ត​សាងសង់​លេណដ្ឋាន​ដោយ​ប្រើប្រាស់​ចបកាប់ និង​កម្លាំង​ទាហាន​សែង​បង្គោល​ថ្ម​។ ក្រៅ​តែ​ពី​ការងារ​ជីកដី និង​លីសែង ទាហាន​ខ្មែរ​នៅតែ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​សម្ភារៈ​ផ្សេងទៀត មាន​ដូចជា​វិទ្យុទាក់ទង ឬ​អាយកូម និង​សំពត់​តង់​កៅស៊ូ​ជាដើម រហូត​ទាហាន​មួយចំនួន បាន​ថត​វីដេអូ ដោយ​លើកដៃ​សំពះ ស្នើសុំ​ជំនួយ​ពី​សប្បុរសជន​ទៀត​ផង។

ខណៈ​ក្រុម​យោធា និង​ប្រជាពលរដ្ឋ​ថៃ កំពុង​បង្កើន​ល្បឿន​កសាង​សំណង់​នៅក្នុង​ទឹកដី​កម្ពុជា​តាម​ព្រំដែន​នោះ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ គឺ​លោក ហ៊ុន ម៉ានី បាន​កៀរគរ​មន្ត្រីរាជការ ពលរដ្ឋ និង​ព្រះសង្ឃ មក​សម្ពោធ​រូបគំនូរ​មួយ ដែល​គេ​ដាក់​ឈ្មោះ​ថា «​សិល្បៈ​ដើម្បី​សន្តិភាព»។

ផ្ទាំងគំនូរ​ដែល​មាន​ទំហំ ១៧៥​ម៉ែត្រការ៉េ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ បេតិកភណ្ឌ​របស់​កម្ពុ​ជា នៅក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ និង​រំលេច​ដោយ​រូបភាព​សមាជិកគ្រួសារ​របស់​មេដឹកនាំ​កម្ពុជា។

ទោះបីជា​អត្ថន័យ​នៅក្នុង​រូបគំនូរ​នេះ បង្កប់​នូវ​ភាព​សោកសៅ​យ៉ាងណាក្ដី ក៏​ទិដ្ឋភាព​នៃ​ការ​សម្ពោធ​នេះ​ហាក់​មិន​ស៊ីគ្នា​ទៅ​នឹង​ខ្លឹមសារ​នោះ​ឡើយ ដោយមាន​ការប្រកាស​អប​អរសាទរ លាយឡំ​នឹង​ស្នូរ​ទះដៃ​ជាដើម។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា សកម្មភាព​នេះ គ្មាន​ប្រយោជន៍​ផ្នែក​យុទ្ធសាស្ត្រ​សម្រាប់​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ថៃ​នោះ​ឡើយ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ មាន​អារម្មណ៍​កម្សត់ និង​ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍​របស់​មហាជន។

លោក អ៊ុំ សំអាន៖ «​ខ្ញុំ​យល់​ថា គួរតែ​បង្ហាញ​ពី​អានុភាព​របស់​ខ្លួន​វិញ ល្អ​ជាង​។ គួរតែ​បង្រួបបង្រួម​ជាតិ​ឱ្យ​ខ្មែរ​ខ្លាំង​ទៅ​។ បង្ហាញ​សាច់ដុំ​តាមរយៈ​ការ​ពង្រឹង​វិស័យ​យោធា មាន​អាវុធ​ទំនើប ទើប​ប្រទេសជិតខាង​គេ​ខ្លាចញញើត ហើយ​សហគមន៍​អន្តរជាតិ គេ​នៅ​ខាងយើង ហើយ​នៅពេល​យើង​ទន់ខ្សោយ គ្មាន​នរណា​នៅ​ខាងយើង​នោះ​ទេ ព្រោះ​យើង​កាន់អំណាច​ផ្ដាច់ការ»។

មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ បាន​ព្រមាន​ថា ប្រសិនបើ​កម្ពុជា នៅតែ​អែអង់​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ច្បាប់ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​យោធា​ថៃ នោះ​កម្ពុជា​នឹង​បាត់បង់​ទឹកដី​កាន់តែ​ច្រើន ហើយ​ទឹកដី​ទាំងអស់​នោះ នឹង​ត្រូវ​ថៃ​គ្រប់គ្រង​ជា​អចិន្ត្រៃយ៍ តាមរយៈ​ការ​ដាក់​តាំង​រដ្ឋបាល​គ្រប់គ្រង ដូច​ករណី​កោះ​គជ់ ជា​មិនខាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ