ថៃ​បន្ត​ឈ្លានពាន​កម្ពុជា​ ទោះបី​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា

0
58
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន​កម្ពុជា ទោះ​នៅក្នុង​អំឡុង​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ ដោយ​អ្នក​ជាតិនិយម និង​ក្រុម​យោធា​ថៃ បាន​តម្រៀប​ទូ​កុងទឺន័រ រាប់​រយ​ម៉ែត្រ​នៅ​តំបន់​ថ្មដា ព័ទ្ធ​យក​ទីតាំង​ជន​ស៊ីវិល​របស់​កម្ពុជា​។ មន្ត្រី​បក្ស​ប្រឆាំង​ថា ករណីនេះ បាន​បង្ហាញ​ពី​ភាព​កម្សោយ និង​ជំហរ​ទន់ជ្រាយ​របស់​មេ​ដឹកនាំ​កម្ពុជា ដែល​បណ្ដោយ​ឱ្យ​ថៃ​ចូល​ឈ្លានពាន​កម្ពុជា ទោះបីជា​ថៃ​ជាប់រវល់​បោះឆ្នោត​យ៉ាងណាក្ដី។

ទោះបីជា​ការបោះឆ្នោត​សភា គឺជា​ព្រឹត្តិការណ៍​សំខាន់​យ៉ាងណាក្ដី ក៏​ក្រុម​យោធា និង​អ្នក​ជាតិនិយម​ថៃ នៅតែ​ឆ្លៀត​ពេល​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​គ្មាន​ចន្លោះ​ពេលវេលា​នោះ​ឡើយ។

ជាក់ស្ដែង នៅ​តំបន់​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់ នៅ​ពេល​នេះ ត្រូវ​ក្រុម​អ្នក​ជាតិនិយម និង​យោធា​ថៃ បាន​ដាក់​តម្រៀប​ទូ​កុងតឺន័រ​រួចរាល់​ហើយ ដោយ​បិទ​ផ្លូវជាតិ​លេខ​៥៥ និង​ព័ទ្ធ​យក​ទាំង​ហាង​ខ្មែរ និង​ហាង​ចិន។ ភាគី​ថៃ​បាន​ប្រើប្រាស់​ឡាន​ស្ទូច និង​រថយន្ត​លើក​ទំនិញ​មក​ស្ទូច និង​លើក​ទូ​កុងតឺន័រ ជាង ៥០​ទូ តម្រៀប​ជា​ជួរ ដូច​មហាកំពែង​ចិន តាំងពី​ថ្ងៃទី​៦ ខែ​កុម្ភៈ មក​ម្ល៉េះ ដោយ​នៅក្នុង​សកម្មភាព​ឈ្លានពាន​នេះ ភាគី​ថៃ បាន​ឈ្លោះប្រកែក​គ្នា ជាមួយ​ទាហាន​ខ្មែរ និង​អាជីវករ​ជនជាតិ​ចិន រហូតដល់​មានការ​គំរាម​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​ជេរប្រមាថ ពី​សំណាក់​អ្នក​ជាតិនិយម​របស់​ថៃ មក​លើ​ពាណិជ្ជករ​ចិន​ទៀត​ផង។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ យោធា​ថៃ បាន​ត​បណ្ដាញ​អគ្គិសនី ភ្ជាប់​ទៅ​បន្លា​លួស និង​ទូ​កុងតឺន័រ​ដែក ដើម្បី​រារាំង​ភាគី​កម្ពុជា មិន​ឱ្យ​ចូល​ទៅ​ក្បែរ​ទីតាំង​ទាំង​នោះ​ឡើយ។

ចំណែក​នៅ​តំបន់​ប្រាសាទព្រះវិហារ​វិញ ថៃ​បាន​ចាក់​បេតុង​មកដល់​ខ្លោងទ្វារ​ផ្លូវ​ឡើង​ទៅ​ប្រាសាទ ដែល​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ខណៈ​ទាហាន​ខ្មែរ ដែល​កំពុង​ឈរជើង​នៅ​ទីនោះ បាន​ត្រឹម​តែ​ថត​បង្ហោះ​វីដេអូ ដោយ​បង្ហាញ​ពី​ក្ដី​ឈឺចាប់ ដោយសារ​ពួកគេ​មិនអាច​ធ្វើ​អ្វី​បាន​នោះ​ឡើយ ក្រៅពី​ឈរ​សម្លឹង​មើល​សកម្មភាព​ឈ្លានពាន និង​ការ​ឌឺដង​របស់​ភាគី​ថៃ​។ ដោយឡែក នៅ​តំបន់​ភ្នំ​ទ្រព្យ ថៃ​ដាក់​ទូរ​កុងតឺន័រ ធ្វើជា​របង​ព្រំដែន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ជាច្រើន​ម៉ែត្រ។

រីឯ​នៅ​តំបន់​មុំ​បី ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​បន្ត​ប៉ះ​សម្ដី និង​តឹង​សរសៃ​ក​ដាក់គ្នា ដោយសារ​ទាហាន​ថៃ បាន​ដេញ​ទាហាន​ខ្មែរ​ឱ្យ​ចេញពី​ទីតាំង​ឈរជើង​របស់​កម្ពុជា ប៉ុន្តែ​ទាហាន​ខ្មែរ​បាន​ប្រកែក និង​ស្នើ​ឱ្យ​មេបញ្ជាការ​ភាគី​ទាំង​២ មក​ជួប​ដើម្បី​សម្របសម្រួល​គ្នា។ ចំពោះ​ខេត្ត​ឧត្តរមានជ័យ​វិញ ទាហាន​ថៃ បាន​បើក​ប្រតិបត្តិការ​ឈូស​ឆាយ​សំណង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ភូមិ​អូរ​ខ្លាឃ្មុំ និង​ភូមិ​រួត​ចំប៉ី ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់ ស្ទើរតែ​អស់ទាំង​ស្រុង​ទៅ​ហើយ​។ ក្នុង​នោះ ថៃ​បាន​សាងសង់​ផ្លូវ​មួយ​ខ្សែ ចេញពី​ទីតាំង​ទូ​កុងតឺន័រ​បិទផ្លូវ ចេញពី​ភូមិ​អូរ​ខ្លាឃ្មុំ ថែម​ទៀត​ផង។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ នៅ​ថ្ងៃនេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើង អំពី​ការ​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​រំលោភបំពាន​របស់​ថៃ ដែល​ដាក់​របាំង​កុងតឺន័រ និង​ការសាងសង់​ផ្លូវ​ចូល​ទៅ​តំបន់​មួយចំនួន​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ពោធិ៍សាត់​។ រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ទីតាំង​ដែល​ថៃ បាន​ដាក់​ទូរ​កុងតឺន័រ​ទាំងនោះ គឺ​ស្ថិត​នៅក្នុង​ទឹកដី​កម្ពុជា ដែល​កំណត់​ក្នុង​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ហើយ​សកម្មភាព​នេះ គឺ​ផ្ទុយ​នឹង​វិធានការ កាត់បន្ថយ​ភាព​តានតឹង ដែល​ភាគី​ទាំង​២ បាន​ព្រមព្រៀងគ្នា នា​ពេល​កន្លង​មក។

ទន្ទឹមគ្នា​នេះ​ដែរ ក្រសួង​វប្បធម៌​កម្ពុជា កាល​ពី​ម្សិលមិញ ក៏បាន​ប្រកាស​បដិសេធ ចំពោះ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ ដែល​បាន​អះអាង​ថា ប្រាសាទ​តាក្របី និង​តំបន់​ប្រាសាទ​តាមាន់ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ថៃ​។ ក្រសួង​វប្បធម៌​កម្ពុជា បញ្ជាក់​ថា ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងនេះ គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដែល​កំណត់​ច្បាស់ នៅ​ក្នុង​អនុសញ្ញា និង​សន្ធិសញ្ញា​បារាំង​-​សៀម និង​ជា​មូលដ្ឋាន​ផ្លូវច្បាប់​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ប្រើ​កាលពី​ឆ្នាំ​១៩៦២ ដើម្បី​កាត់ក្ដី​សំណុំរឿង​ប្រាសាទព្រះវិហារ​ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍ និង​ថ្កោល​ទោស​របស់​រដ្ឋាភិបាល​កម្ពុជា គឺជា​វិធី​ការទូត ដែល​មាន​ភាព​ទន់ជ្រាយ និង​មិនអាច​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា​បាន​ឡើយ។

លោក អ៊ុំ សំអាន៖ «ក្រៅពី​វិធី​ការទូត​ដ៏​ទន់ជ្រាយ​របស់​ត្រកូល​ហ៊ុន គ្រានតែ​ថ្កោលទោស និង​ចេញ​សេចក្ដីថ្លែងការណ៍​នេះ ជម្រើស​ដ៏​ល្អ​បំផុត រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រញាប់​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ប្ដឹង​ទៅ​សហប្រធាន នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​អាច​ការពារ​ទឹកដី​យើង​បាន និង​អាច​យក​ទឹកដី​ពី​ថៃ​មកវិញ​បាន»។

លោក អ៊ុំ សំអាន អះអាង​ថា គិត​មកដល់ពេលនេះ ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​បាន​ឈ្លានពាន និង​ដណ្ដើមយក ទាំង​មុន និង​ក្រោយ​សង្គ្រាម គឺ​មាន​ទំហំ​ជិត​ស្មើនឹង​ផ្ទៃក្រឡា​របស់​ខេត្ត​តាកែវ មួយ​ទៅ​ហើយ​។ លោក​បន្ត​ថា ក្រោយ​សម័យ​អាណានិគម​បារាំង គ្មាន​សម័យ​ណា ដែល​កម្ពុជា បាត់បង់​ទឹកដី​ច្រើន​ជាងគេ ដូច​ក្នុង​សម័យ​តេជោ​ធិបតី របស់​គ្រួសារ​ត្រកូល​ហ៊ុន នេះ​ឡើយ។

ចំណែក​ពី​ខាង​ភាគី​ថៃ ឯណោះ​វិញ កាសែត​ថៃ ឈ្មោះ The Nation Thailand បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ថា ក្រុម​មន្ត្រី​សន្តិសុខ​ថៃ បាន​ចេញ​សេចក្តី​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ជុំ​ទី​៣ នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។ សារព័ត៌មាន​ថៃ​មួយ​នេះ បាន​អះអាង​ថា ពួកគេ​បាន​ទទួល​ប្រភព​ពី​របាយការណ៍​សម្ងាត់​មួយ​ចេញពី​មន្ត្រី​សន្តិសុខ​ថៃ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​អះអាង​ថា កម្ពុជា​កំពុង​ទិញ​សព្វាវុធ​ទំនើប ដើម្បី​ប្រឆាំង​យន្តហោះ ហើយ​កម្ពុជា​ក៏​ទទួល​បាន​សព្វាវុធ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ ដែល​ជា​ការ​គំរាម​ដល់​សន្តិសុខ​របស់​ថៃ។

ទោះជា​យ៉ាងណា សេចក្ដីរាយការណ៍​របស់​កាសែត​ថៃ​មួយ​នេះ មិន​បាន​យោង​លើ​ប្រភព​ផ្លូវការ​ណាមួយ​ពី​ស្ថាប័ន​រដ្ឋាភិបាល​នោះ​ទេ ដោយ​យោង​តែ​តាម​ប្រភព ដែល​គេ​អះអាង​ថា ជា​ចារកម្ម និង​មន្ត្រី​សន្តិសុខ​ថៃ ដែល​មិន​បង្ហាញ​អត្តសញ្ញាណ។

ចំណែក នាយករដ្ឋមន្ត្រី​ថៃ ចាំផ្ទះ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​នេះ​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា កំពុង​មាន​ស្ថិរភាព ហើយ​មិន​ចាំបាច់​សួរ​ជីក​កកាយ​ឡើងវិញ​នោះ​ឡើយ។ ក្នុង​នោះ លោក អានុទីន បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ ដែល​សួរ​ថា លោក​បាន​ឈ្នះ​ការបោះឆ្នោត ដោយសារតែ​ធ្វើសង្គ្រាម​ជាមួយ​កម្ពុជា​ឬ​អត់​នោះ​ទេ។

ទោះជា​យ៉ាងណា អ្នកវិភាគ​មើល​ឃើញ​ថា ការ​ឈ្នះ​ឆ្នោត​របស់​លោក អានុទីន នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​គំនិត​ជាតិនិយម​ជ្រាលជ្រៅ​របស់​ពលរដ្ឋ​ថៃ​ពោរពេញ​ដោយ​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ ទើប​ពួកគេ​បោះឆ្នោត​ឱ្យ​គណបក្ស​ភូមិ​ចៃ​ថៃ ដែល​ជា​បក្សនយោបាយ​បាន​យក​បញ្ហា​ការពារ​ជាតិ និង​បូរណភាព​ទឹកដី​ធ្វើជា​គោលនយោបាយ​ស្នូល ក្នុង​ការ​ឃោសនា​រក​សំឡេងឆ្នោត​។ អ្នកវិភាគ​ក៏​មើលឃើញ​ដែរ​ថា ជ័យជំនះ​របស់​លោក អានុទីន ក៏​អាច​ជា​ឧបសគ្គ​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​កម្ពុជា ហើយ​សង្គ្រាម​ឈ្លានពាន​លើក​ទី​៣ របស់​ថៃ​មក​លើ​កម្ពុជា ក៏​អាច​មាន​លទ្ធភាព​កើតឡើង​ច្រើន ដោយសារតែ​ទំនាក់ទំនង​ល្អ​រវាង​លោក អានុទីន ជាមួយ​ក្រុម​យោធា និង​រាជវាំង​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ