ថៃ​រៀបចំ​កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន GBC ជាមួយ​កម្ពុជា​លើ​ទឹកដី​ខ្លួន ក្រោយ​បដិសេធ​ទៅ​ប្រជុំ​នៅ​ម៉ាឡេស៊ី

0
28
កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នៅ​ច្រក​អន្តរជាតិ​ព្រំ​-​ផាក​កាត ក្នុង​ទឹកដី​ខេត្ត​ច័ន្ទបុរី (Chanthaburi) ប្រទេស​ថៃ ទល់​នឹង​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ធ្នូ ២០២៥។ រូប៖ ក្រសួងការពារជាតិ
កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នៅ​ច្រក​អន្តរជាតិ​ព្រំ​-​ផាក​កាត ក្នុង​ទឹកដី​ខេត្ត​ច័ន្ទបុរី (Chanthaburi) ប្រទេស​ថៃ ទល់​នឹង​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ធ្នូ ២០២៥។ រូប៖ បណ្ដាញ​សង្គម

កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បានចាប់ផ្តើម​នៅ​ម៉ោង​៤​កន្លះ​រសៀល​នេះ នៅ​ច្រក​អន្តរជាតិ​ព្រំ​-​ផាក​កាត ក្នុង​ទឹកដី​ខេត្ត​ច័ន្ទបុរី (Chanthaburi) ប្រទេស​ថៃ​ទល់​នឹង​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​ថា នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​នឹង​ពិភាក្សា​លើ​ខ្លឹមសារ និង​ផ្លាស់ប្ដូរ​ឯកសារ​គ្នា​ទៅវិញទៅមក សម្រាប់​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) រវាង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ទាំងពីរ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែធ្នូ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម និង​វិលត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើងវិញ។

កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ធ្វើឡើង​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែធ្នូ ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ខណៈ​ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ទោ ញ៉ែម បូរ៉ាដែន និង​ភាគី​ថៃ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ។

កាលពី​ថ្ងៃទី​២៣ ខែធ្នូ មន្ត្រី​ក្រសួងការពារជាតិ​ថៃ​បាន​លើកឡើង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នឹង​ធ្វើ​ឡើង​ក្នុង​ខេត្ត​ច័ន្ទ​បុរី ដោយ​គ្មាន​ការ​ប្ដូរ​ទីតាំង​ទៅ​ប្រទេស​ទី​៣​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ