

ជាថ្មីម្តងទៀត ថៃប្រាប់កម្ពុជាឱ្យប្រកាសឈប់បាញ់មុន ដើម្បីបញ្ចប់ការវាយប្រហារគ្នាតាមព្រំដែន បន្ទាប់ពីយោធាថៃវាយប្រហារឈ្លានទឹកដីកម្ពុជាជិត ១០ថៃ្ង និងសម្លាប់ពលរដ្ឋស៊ីវិលកម្ពុជា ១៥នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនកន្លែង តែទោះជាយ៉ាងណាកម្ពុជាអះអាងថា ថៃជាអ្នកបាញ់មុន។
កាសែត The Nation ថៃចុះផ្សាយស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនតេជ ប៉ាឡាំងគូរ៉ា (Nikorndej Balankura) នៅថ្ងៃទី១៥ ធ្នូ ថា រដ្ឋាភិបាលថៃបានកំណត់លក្ខខណ្ឌចំនួន ៣ ដើម្បីបញ្ចប់ការវាយប្រហារគ្នាតាមព្រំដែនជាមួយកម្ពុជា។
លក្ខខណ្ឌទាំងនោះរួមមាន កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ហើយត្រូវតែអនុវត្តបទឈប់បាញ់ជាក់ស្ដែង និងចុងក្រោយថៃឱ្យកម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។
ទូរទស្សន៍អាស៊ីសេរីពុំទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ពីលក្ខខណ្ឌរបស់ភាគីថៃបានកំណត់នោះទេ នៅយប់ថ្ងៃទី១៥ ធ្នូ។ ប៉ុន្តែយ៉ាងណា កម្ពុជាតែងបង្ហាញពីជំហររក្សាភាពអត់ធ្មត់ និងពុំបានតបតវាយបកទៅថៃឡើយ កាលពីយោធាថៃបើកការប្រហារជាថ្មី កាលពីថ្ងៃទី៧ ធ្នូ។ រហូត ២៤ម៉ោងក្រោយមក ទើបកម្ពុជាសម្រេចវាយបកដើម្បីការពារខ្លួន និងបន្តវាយប្រយុទ្ធគ្នា ដល់ថ្ងៃទី៩នេះ។
ទោះជាយ៉ាងណា យោធាថៃវាយប្រហារកាន់តែខ្លាំងឡើង និងប្រើអាវុធធន់ធ្ងន់គ្រប់ប្រភេទចូលទឹកដីកម្ពុជា និងរំលោភដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅ ដោយទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្ទះពលរដ្ឋស៊ីវិល ប្រាសាទបុរាណ វត្តអារាម សាលារៀនជាដើម។ មិនថែមតែប៉ុណ្ណោះ ការឈ្លានពានរបស់យោធាថៃបានសម្លាប់ពលរដ្ឋស៊ីវិលកម្ពុជាអស់ ១៥នាក់ របួសធ្ងន់ជិត ១០០នាក់ និងបង្កការភ័យខ្លាចធ្វើឱ្យពលរដ្ឋភៀសសឹក ជាង ៤០ម៉ឺននាក់៕








