អ្នកឃ្លាំមើល​ថា ថៃ​នឹង​ចូល​ទន្ទ្រាន​ក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ ប្រសិនបើ​កម្ពុជា​យល់ព្រម​ដកទ័ព តាម​ការ​ចង់បាន​របស់​ថៃ

0
41
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា

អ្នកឃ្លាំមើល​លើកឡើង​ថា ទោះបី​កម្ពុជា​អនុវត្ត​បទ​ឈប់​បាញ់ និង​ដកទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នៅ​តាម​ព្រំដែន​យ៉ាងណាក្ដី ក៏​ភាគី​ថៃ​នឹង​នៅតែ​បំពាន ហើយ​បន្ត​ចូល​ឈ្លានពាន​កម្ពុជា​កាន់តែ​ជ្រៅ ដូចដែល​យោធា​ថៃ បាន​ធ្វើ​ក្រោយ​សង្គ្រាម​ព្រំដែន​លើក​ទី​១។ ពួកគាត់​យល់​ថា កងទ័ព​កម្ពុជា​គួរតែ​បន្ត​ឈរជើង​នៅ​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​យោធា​ថៃ និង​ម្ខាង​ទៀត កម្ពុជា​ត្រូវ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​លាតត្រដាង​អំពី​ឧក្រិដ្ឋកម្ម​នៅក្នុង​សង្គ្រាម​របស់​ថៃ​មក​លើ​កម្ពុជា។

ស្រប​ពេល​ដែល​យោធា​ថៃ​បាន​បន្ត​វាយប្រហារ​មក​លើ​កម្ពុជា​ទាំងយប់​ទាំង​ថ្ងៃ​នោះ ភាគី​ថៃ​បាន​ដាក់​សម្ពាធ​ឱ្យ​ភាគី​កម្ពុជា ឱ្យ​ទទួលយក​លក្ខខណ្ឌ ឈប់​បាញ់​ជាមុន និង​ដកថយ ខណៈ​ថៃ​ខ្លួនឯង កំពុង​ចូល​ឈ្លានពាន​មក​ក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែធ្នូ ថា សំណើ​របស់​ភាគី​ថៃ ដែល​ឱ្យ​កម្ពុជា​ត្រូវ​ប្រកាស​បទ​ឈប់​បាញ់​មុន​នោះ គឺជា​ឧបាយកល​របស់​យោធា​ថៃ ដើម្បី​ចូល​ឈ្លានពាន​កម្ពុជា​។ លោក​បន្ត​ថា ប្រសិនបើ​កម្ពុជា​ឯកភាព​លើ​ចំណុច​នេះ នោះ​កម្ពុជា ដែល​ជា​ភាគី​រងគ្រោះ នឹង​ត្រូវ​យោធា​ថៃ​មួលបង្កាច់​ថា ជា​ភាគី​ឈ្លានពាន ហើយ​ទន្ទឹម​គ្នា​នេះ យោធា​ថៃ​នឹង​ចូល​រាយ​បន្លា​លួស​មក​ក្នុង​ទឹកដី​កម្ពុជា កាន់តែ​ជ្រៅ ដូចដែល​យោធា​ថៃ​បាន​ធ្វើ ក្រោយ​ចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា​ដូច្នេះ​ដែរ។

លោក អ៊ុំ សំអាន៖ «ថៃ​គេ​សុខចិត្ត​ចំណាយ​អាយុជីវិត​ទាហាន និង​គ្រាប់កាំភ្លើង​របស់​គេ ដើម្បី​ឈ្លានពាន​ទឹកដី​ខ្មែរ​យើង រឿង​អី​ទឹកដី​ដែល​គេ​ឈ្លានពាន​បាន​ក្នុង​កំឡុង​សង្គ្រាម​ហ្នឹង គេ​ផ្ដល់​មក​ឱ្យ​យើង​វិញ គេ​មិន​ប្រគល់​ដី​មក​ឱ្យ​យើង​វិញ​ទេ ប្រសិនបើ​យើង​មិន​ច្បាំង​យក​មក​វិញ ឬ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ICJ»។

ក្នុង​សង្គ្រាម​តាម​បណ្ដោយ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​ចាប់​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ភាគី​ថៃ​បាន​បំពាន​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា​ម្ដង​រួច​មក​ហើយ បន្ទាប់ពី​ភាគី​ទាំង​២ បាន​ចុះ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃទី​២៨ ខែកក្កដា ក្រោម​ការ​ឃ្លាំមើល​របស់​សហរដ្ឋអាមេរិក​(USA) និង​ប្រធាន​ប្ដូរ​វេន​អាស៊ាន គឺ​ប្រទេស​ម៉ាឡេស៊ី​(Malaysia)។

ក្នុង​សង្គ្រាម​លើក​ទីពីរ​នេះ យោធា​ថៃ បាន​បង្ខំ​ឱ្យ​កម្ពុជា ទទួលយក​លក្ខខណ្ឌ​បី​ចំណុច រួមមាន​ឱ្យ​កម្ពុជា​បញ្ឈប់​ការវាយប្រហារ​ជាមុន ហើយ​ធ្វើឡើង​ដោយ​ជាក់លាក់ និង​ចូលរួម​សហការ​បោសសម្អាត​មីន​នៅ​តាម​ព្រំដែន។

ទោះជា​បែបនេះ​ក្ដី ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​កម្ពុជា​ទទួល​យក​លក្ខខណ្ឌ​របស់​យោធា​ថៃ​ទាំងនេះ គឺ​ស្មើនឹង​យក​ទឹកដី​ដូរ​សន្តិភាព ដោយសារ​លក្ខខណ្ឌ​ទាំងនេះ គឺជា​ការ​បើកផ្លូវ​ឱ្យ​យោធា​ថៃ ចូល​ឈ្លានពាន​កម្ពុជា កាន់តែ​ជ្រៅ និង​ងាយស្រួល ខណៈ​យោធា​ថៃ កំពុង​មាន​ប្រៀប​លើ​សមរភូមិ​រួច​ទៅ​ហើយ​។ លោក​បន្ត​ថា ប្រឈម​នឹង​ស្ថានភាព​បែបនេះ កម្ពុជា​ត្រូវតែ​សាមគ្គី​គ្នា ទប់ទល់​ការឈ្លានពាន​របស់​យោធា​ថៃ នៅ​តំបន់​ព្រំដែន និង​ម្ខាង​ទៀត កម្ពុជា​ត្រូវ​ប្រញាប់​ប្ដឹង​ថៃ ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ។

លោក ម៉ែន ណាត៖ «យើង​មើល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​គ្រាន់តែ​ទប់​ស្ថានការណ៍ គ្រាន់តែ​កន្លែង​ណា​ដែល​ថៃ​វាយ​ចូល​មក មិន​ឱ្យ​ចូល​បន្ថែម​។ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​កម្ពុជា មិនអាច​ទន់ខ្សោយ មិនអាច​ធ្វើតាម​អ្វី​ដែល​ថៃ ទាមទារ​លើ​ចំណុច​នេះ​ចំណុច​នោះ​បាន​ទេ»។

នៅក្នុង​សង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា យោធា​ថៃ​បាន​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ មាន​ដូចជា​យន្តហោះ​ចម្បាំង កាំភ្លើង​ធំ នាវា​ពិឃាដ និង​រថក្រោះ​ធុន​ធ្ងន់​មក​វាយប្រហារ​កម្ពុជា ដែល​អាវុធ​ទាំងនេះ គឺ​មិន​សមាមាត្រ​ទៅ​នឹង​វិស័យ​យោធា​កម្ពុជា​ដែល​មាន​ភាព​ទន់ខ្សោយ​ជាង​នោះ​ឡើយ។

ទោះបីជា​ការវាយប្រហារ​នេះ បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ស្លាប់ និង​រាប់សែន​នាក់ បង្ខំចិត្ត​ជម្លៀស​ខ្លួន​យ៉ាងណាក្ដី ក៏​មេដឹកនាំ​នយោបាយ និង​មេ​យោធា​ថៃ ដែល​ជា​អ្នកបញ្ជា​នៅ​ពីក្រោយ​នោះ បាន​អះអាង​ដោយ​គ្មាន​ភាព​អៀនខ្មាស​ថា ថៃ​ជា​ជនរងគ្រោះ និង​ប្រើ​សិទ្ធ​ការពារ​ខ្លួន​ជាដើម។

អ្នកឃ្លាំមើល​លើកឡើង​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះ​បែបនេះ មេដឹកនាំ​កម្ពុជា​គួរតែ​ភ្ញាក់ខ្លួន តាមរយៈ​ការ​បើកផ្លូវ​ឱ្យ​មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ឡើងវិញ និង​កែប្រែ​របៀប​ដឹកនាំ​នយោបាយ​ចាស់ ដើម្បី​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​យោធា​ថៃ តាម​ប្រព័ន្ធ​ការទូត និង​ច្បាប់​អន្តរជាតិ ព្រោះ​បើ​តតាំង​តាមផ្លូវ​យោធា កម្ពុជា​នឹង​រឹតតែ​ចាញ់​ប្រៀប ហើយ​យោធា​ថៃ នឹង​ប្រើ​លេស​មួយ​នេះ មក​វាយប្រហារ​កម្ពុជា​កាន់តែ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ