

អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយ បានកើនឡើង ក្នុងអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ឆ្នាំ២០២៥ ដោយសារតែ ការធ្លាក់ចុះប្រព័ន្ធប្រជាធិបតេយ្យ ការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងកង្វះប្រព័ន្ធតុលាការឯករាជ្យ។ អ្នកវិភាគថា ការរកឃើញនេះ ជាការឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា ព្រោះអំពើពុករលួយបច្ចុប្បន្ន បានចាក់ស្រេះយ៉ាងជ្រៅនៅក្នុងជួររដ្ឋាភិបាលរហូតដល់ថ្នាក់ក្រោមជាតិ។
បញ្ហាអំពើពុករលួយនៅកម្ពុជា ត្រូវបានគេមើលឃើញថា ជា «ជំងឺមហារីក»ដ៏ធំហើយ បានចាក់ស្រេះ យ៉ាងជ្រៅ ក្នុងប្រព័ន្ធដឹកនាំរដ្ឋ និងប្រព័ន្ធនយោបាយបក្សកាន់អំណាច។ ករណីនេះ បានធ្វើឱ្យពលរដ្ឋបន្ត រងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដូចជាការកើនឡើងនៃ អំពើអយុត្តិធម៌សង្គម ពលរដ្ឋមានជីវភាពខ្វះខាត ខណៈអ្នកវិនិយោគល្អៗ ពីក្រៅប្រទេស ក៏ពុំសូវហ៊ានមករកស៊ីនៅកម្ពុជា ព្រោះបារម្ភពីការខាតបង់ ដែលធ្វើឱ្យ ពលរដ្ឋខ្មែរភាគច្រើនបាត់បង់ឱកាសការងារក្នុងស្រុក។
អង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២៥ ដោយបង្ហាញពីក្ដីព្រួយបារម្ភ ជុំវិញការធ្លាក់ចុះនូវការគោរពប្រជាធិបតេយ្យ នៅលើពិភពលោក។ ទន្ទឹមនឹងនោះ អំពើពុករលួយ ក៏បានកើនឡើងជាលំដាប់។ ក្នុងនោះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលមានអំពើពុករលួយ កាន់តែធ្ងន់ធ្ងរជាងឆ្នាំមុន ខណៈកាលពីឆ្នាំ២០២៤ កម្ពុជាឈរ នៅលេខរៀងទី១៥៨ ក្នុងចំណោម ១៨០ប្រទេស។
បើប្រៀបធៀបជាមួយនឹង ប្រទេសនៅក្នុងតំបន់អាស៊ានវិញ កម្ពុជាប្រសើរជាងតែប្រទេសមីយ៉ាន់ម៉ាតែមួយគត់ ។ របាយការណ៍បញ្ជាក់ថា ប្រទេសដែលមានអំពើពុករលួយកើនឡើង ឬនៅបន្តជាប់គាំង គឺបណ្ដាលមកពីការថយចុះ នៃការត្រួតពិនិត្យ និងតុល្យភាពអំណាចនៃការដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ និង បញ្ហាឥទ្ធិពលអ្នកនយោបាយហួសហេតុ មកលើប្រព័ន្ធយុត្តិធម៌ រួមនិងការរឹតត្បិត សិទ្ធិសេរីភាព ពលរដ្ឋ និងអង្គការស៊ីវិលឯករាជ្យ មិនឱ្យបំពេញការងារបានពេញលេញ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិ អ្នកស្រី ម៉ៃរ៉ា ម៉ាទីនី (Maira Martini ) បានលើកឡើងនៅ ក្នុងរបាយការណ៍ថា ស្របពេលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុ អស្ថិរភាព និងជម្លោះពាក្យសម្ដីគ្នា ពិភពលោកត្រូវការអ្នកដឹកនាំដែលមានការទទួលខុសត្រូវ និងមានស្ថាប័នឯករាជ្យដើម្បីការពារផលប្រយោជន៍សាធារណៈជាងមុន។ ក៏ប៉ុន្តែជាញឹកញាប់ មេដឹកនាំទាំងនោះ មិនបានបំពេញ តួនាទីរបស់ខ្លួនបានល្អគ្រប់គ្រាន់នោះទេ។ អ្នកស្រីអំពាវនាវដល់រដ្ឋាភិបាល និងអ្នកដឹកនាំ ត្រូវធ្វើ សកម្មភាព ដោយមានសុចរិតភាព និងបំពេញកាតព្វកិច្ចឱ្យបានល្អ ដើម្បីផ្ដល់អនាគតល្អប្រសើរ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិតមាស នី យល់ឃើញ បញ្ហាអំពើពុករលួយនៅកម្ពុជា គឺមានលក្ខណៈច្រើនសណ្ឋាន ក្នុងនោះមានរបៀប«ត្រីងៀតឆ្លៀតពង» ដែលបង្កឡើងដោយបុគ្គលម្នាក់ៗ ស្របពេលដែលការអនុវត្តច្បាប់ មានភាពធូររលុង។ ចំណែកអំពើពុករលួយមួយបែបទៀតនោះ លោក ថា គឺជាអំពើពុករលួយ ជាប្រព័ន្ធ ដែលបង្កឡើង តាមរយៈ មេបង្គាប់ឱ្យកូនចៅប្រព្រឹត្ត ហើយ នៅពេលបានលុយ យកមកចែកគ្នា។ រឹតតែធ្ងន់ធ្ងរជាងនោះទៀត លោកថាអំពើពុករលួយ តាមរយៈបក្ខពួកនិយម និងគ្រួសារនិយម បានចាក់ស្រេះយ៉ាងជ្រៅ នៅក្នុងជួររដ្ឋាភិបាល។ ករណីនេះ លោកថា បានបង្កផលប៉ះពាល់ជាខ្លាំងដល់ប្រព័ន្ធដឹកនាំរដ្ឋ មិនអាចនាំឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ បានលឿនរហ័ស នោះទេ។
បណ្ឌិត មាស នី៖ «បង្កឱ្យមានទំនាស់ផលប្រយោជន៍ជាច្រើន ហើយជាបញ្ហាមួយដែលអ្នកធ្វើការនៅក្នុងកន្លែងក៏មិនមាននរណាគេហ៊ាននិយាយដែរ ព្រោះអីគេសុទ្ធតែខ្សែអ្នកធំៗ ដែលជាចៅហ្វាយរបស់ខ្លួន។ អាហ្នឹងគឺជាអំពើពុករលួយមួយ ដែលអាចនឹងមានកាន់តែខ្លាំងថែមទៀត ប្រសិនបើរដ្ឋាភិបាល មិនអាចរកមធ្យោបាយដោះស្រាយរឿងនេះបាន»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេនៅថ្ងៃទី១១ ខែកុម្ភៈ។ ប៉ុន្តែ យ៉ាងណា លោក សយ ច័ន្ទវិចិត្រ បានប្រាប់សារព័ត៌មានក្នុងស្រុកថា របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិដែលដាក់ចំណាត់ថ្នាក់ ថាកម្ពុជាជាប្រទេសមាន អំពើពុករលួយធ្ងន់ធ្ងរនោះ មិនឆ្លុះបញ្ចាំងការពិត នោះទេ។
បើទោះជាបែបនេះក្ដី លោក បណ្ឌិត មាស នី លើកឡើងថា ជារឿងដែលពិបាកប្រកែក ដែលថាកម្ពុជាពុំសូវមានអំពើពុករលួយ ខណៈឧក្រិដ្ឋកម្មឆបោក តាមអនឡាញជាច្រើន បានរកឃើញនៅកម្ពុជា ហើយអាជ្ញាធរក៏បានចុះបង្ក្រាប ស្ទើររាល់ថ្ងៃ ករណីនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា អំពើពុករលួយ គឺបានកើតមានជាប្រព័ន្ធ ខណៈជនប្រព្រឹត្ត ហាក់គ្មានការខ្លាចរអា។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា បញ្ហាចម្បងដែលស្ថាប័នអន្តរជាតិមួយនេះវាយតម្លៃថា កម្ពុជាមានអំពើពុករលួយកើនឡើង គឺដោយសារតែ កង្វះឯករាជ្យភាពនៃប្រព័ន្ធតុលាការ ខណៈ ដែលតុលាការសព្វថ្ងៃ ត្រូវបានគេមើលឃើញថា គ្រាន់តែជា ជាឧបករណ៍បម្រើផលប្រយោជន៍ អ្នកនយោបាយបក្សកាន់អំណាច ជាជាងប្រយោជន៍សាធារណជន។
ទន្ទឹមគ្នានោះលោថា ការរឹតត្បិត សិទ្ធិសេរីភាព ពលរដ្ឋ សង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានឯករាជ្យ ក៏ជាកត្តា ដែលធ្វើឱ្យមន្ត្រីខិលខូច និងអ្នកមានលុយមានអំណាច ខ្លះងាយស្រួល ប្រព្រឹត្ត អំពើពុករលួយ។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយបញ្ហាអំពើពុករលួយឱ្យមានប្រសិទ្ធភាពទេ អ្នកវិនិយោគល្អៗ នឹងលែងហ៊ានមករកស៊ី រស់នៅកម្ពុជា។
លោក សេង វណ្ណលី៖ «ក្រុមហ៊ុនធំៗ ពីបណ្ដាប្រទេសលោក ខាងលិចនឹងមានការរារែកក្នុងការបណ្ដាក់ទុន ដែលនាំឱ្យកម្ពុជាបន្តផ្អែកទៅលើប្រភេទអ្នកវិនិយោគដែលមានគុណភាពទាប ដែលការផ្ទេរបច្ចេកវិទ្យា និងមិនផ្ដល់ប្រយោជន៍យូរអង្វែងទៅដល់កម្មករ។ លើសពីនេះវានឹងធ្វើឱ្យកាន់តែងាយរងគ្រោះពីសម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ ដែលនាំឱ្យភាពប្រកួតប្រជែងលើទីផ្សារនាំចេញ ក៏ដូច ជាការរាំងស្ទះទៅដល់មហិច្ឆតារបស់រដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០»។
អង្គការតម្លាភាពអន្តរជាតិ ក៏បានអំពាវនាវដល់រដ្ឋាភិបាលបន្តពង្រឹងភាពជាអ្នកដឹកនាំនយោបាយលើការប្រយុទ្ធប្រឆាំង អំពើពុករលួយ រួមទាំងការអនុវត្តច្បាប់ឱ្យបានពេញលេញ និងការអនុវត្តកាតព្វកិច្ចអន្តរជាតិ រួមនិងការធ្វើកំណែទម្រង់ដែលពង្រឹងភាពថ្លៃថ្នូរ ការត្រួតពិនិត្យ និងការទទួលខុសត្រូវ ទៅលើផលប្រយោជន៍ពលរដ្ឋជាធំ។ បន្ថែមពីនោះ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាលត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញ មកលើអ្នកសារព័ត៌មាន សង្គមស៊ីវិលឯករាជ្យ និងអ្នកបង្ហាញព័ត៌មានអំពើពុករលួយ។ ជាចុងក្រោយ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាលត្រូវលុបបំបាត់ អំពើពុករលួយ ឆ្លងដែនតាមរយៈការលាងលុយកខ្វក់៕









