លោក ត្រាំ ថា មេដឹកនាំ​កម្ពុជា​-​ថៃ​យល់ព្រម​បទ​ឈប់​បាញ់​នៅ​ព្រឹក​នេះ ប៉ុន្តែ​កងទ័ព​ថៃ​នៅ​បន្ត​ទម្លាក់​គ្រាប់​យ៉ាង​សន្ធឹក​នៅ​ពោធិ៍សាត់

0
249
ស្ពាន​មេទឹក​របស់​កម្ពុជា នៅ​ខេត្ត​ពោធិ៍សាត់ ដែល​​យោធា​ថៃ​ទម្លាប់​គ្រាប់​បំផ្លាញ នៅ​ព្រឹក​ថ្ងៃទី១៣ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា
ស្ពាន​មេទឹក​របស់​កម្ពុជា នៅ​ខេត្ត​ពោធិ៍សាត់ ដែល​​យោធា​ថៃ​ទម្លាប់​គ្រាប់​បំផ្លាញ នៅ​ព្រឹក​ថ្ងៃទី១៣ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បាន​លើកឡើង​ថា មេដឹកនាំ​កម្ពុជា​-​ថៃ បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់​គ្រប់​ទម្រង់​ទាំងអស់ ដែល​ចូល​ជា​ធរ​មាននៅ​ល្ងាច​នេះ​ម៉ោង​នៅ​អាមេរិក ត្រូវ​នឹង​ពេលព្រឹក​ម៉ោង​នៅ​កម្ពុជា បន្ទាប់ពី​លោក​បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ​លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)​។​

លោក ដូណាល់ ត្រាំ បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ Truth Social ថា កម្ពុជា​-​ថៃ​នឹង​វិល​ទៅ​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​ចុះហត្ថលេខា​ជាមួយ​លោក និង​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោកនាយក​រដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ហើយ​លោក​ក៏​បញ្ជាក់​ថា ទាហាន​ថៃ​ជាច្រើន​នាក់​ដែល​ជាន់​គ្រាប់មីន​តាម​ព្រំដែន ជា​ឧបទ្ទវហេតុ​កើតឡើង​ដោយ​ខ្លួនឯង ប៉ុន្តែ​ប្រទេស​ថៃ​បាន​បើក​ការវាយប្រហារ​សាង​សឹក​យ៉ាង​ខ្លាំង​ក្លា​លើ​ប្រទេស​កម្ពុជា។

លោក ត្រាំ បន្ថែម​ថា កម្ពុជា​-​ថៃ បាន​ត្រៀមខ្លួន​ដើម្បី​ទទួល​បាន​សន្តិភាព និង​បន្ត​ការ​ជជែក​រឿង​ពន្ធគយ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​វា​កិត្តិយស​របស់​លោក ដើម្បី​ធ្វើ​ការងារ​ដោះស្រាយ​សង្គ្រាម​រវាង​កម្ពុជា​និង​ថៃ​។​

ទោះបីជា​មានការ​ប្រកាស​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បែបនេះ​ក្ដី តាំងពី​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​១៣ ធ្នូ កងទ័ព​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ចំនួន​២​គ្រឿង​ទម្លាក់​គ្រាប់បែក​ចំនួន​៧​គ្រាប់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដូចជា​នៅ​តំបន់​កាស៊ីណូ​ចំនួន​២​គ្រាប់ និង​ទម្លាក់​ដើម្បី​ក​ម្ទេស​ស្ពាន​ជ័យជំនះ ឬ​ស្ពាន​មេទឹក​ចំនួន​៣​គ្រាប់។

ចំណែក​​លោក ហ៊ុន ម៉ាសែត ស្នើ​កងទ័ព ឬ​ស្ថាប័ន​ជំនាញ​របស់​អាមេរិក និង​​ម៉ាឡេស៊ី អាច​ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន ដូចជា​រូបភាព​ផ្កាយរណប​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ភាគី​ណា​បាញ់​មុន កាល​ពី​ថ្ងៃ​ទី៧ ធ្នូ ដែល​យោធា​ថៃ​ប្រើ​ជា​លេស​វាយ​ប្រហារ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ