អគ្គលេខាធិការ​អ.ស.ប​អំពាវនាវ​ឲ្យ​កម្ពុជា និង​ថៃ អត់ធ្មត់ និង​ដោះស្រាយ​ដោយ​សន្តិវិធី

0
136
អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (ឆ្វេង) ជួប​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី២២ កញ្ញា ២០២៥។ រូប៖ គេហទំព័រ CPP
អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (ឆ្វេង) ជួប​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី២២ កញ្ញា ២០២៥។ រូប៖ គេហទំព័រ CPP

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​សាជាថ្មី​រវាង​កម្ពុជា និង​ថៃ ព្រមទាំង​អំពាវនាវ​ឱ្យ​មាន​ការ​អត់ធ្មត់ និង​ការ​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន។

លោក អង់តូនីញ៉ូ ហ្គូទែរ៉េ លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​៨ ធ្នូ ថា វិវាទ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​បាន​បណ្តាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ និង​របួស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួច​មក​ហើយ ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ការ​ភៀសខ្លួន​នៅ​សងខាង​ព្រំដែន។ លោក​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវតែ​ការពារ​ជន​ស៊ីវិល និង​ជួយ​សម្រួល​ដល់​ការ​ជួយ​សង្គ្រោះ​មនុស្សធម៌​។ បន្ថែម​ពី​នេះ លោក​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ប្រើប្រាស់​គ្រប់​យន្តការ​ទាំងអស់​សម្រាប់​ការ​សន្ទនា ដើម្បី​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​នៃ​ជម្លោះ​តាមរយៈ​មធ្យោបាយ​សន្តិវិធី។ អង្គការ​សហប្រជាជាតិ​ក៏​ប្រកាស​ត្រៀមខ្លួន​រួច​ជាស្រេច ដើម្បី​គាំទ្រ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង សំដៅ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់។

ទន្ទឹម​គ្នា​នេះ ប្រទេស​បារាំង និង​អូស្ត្រាលី ក៏បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​របាយការណ៍​នៃ​ការ​បាត់​បង់ជីវិត​ទាំង​ជន​ស៊ីវិល និង​យោធា។ ប្រទេស​ទាំង​នេះ​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​គោរព​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា និង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បន្ថយ​ភាព​តានតឹង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ