
អង្គការយូណេស្កូ (UNESCO) ស្នើជាបន្ទាន់ឱ្យមានការការពារបេតិកភណ្ឌវប្បធម៌ និងគ្រប់ទម្រង់ទាំងអស់ បន្ទាប់ពីយោធាថៃវាយប្រហារលើប្រាសាទព្រះវិហារ និងប្រាសាទតាក្របី។
អង្គការយូណេស្កូសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងកម្ពុជា និងថៃ រួមទាំងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សេចក្ដីថ្លែងការណ៍របស់អង្គការយូណេស្កូនៅថ្ងៃទី១០ ធ្នូ រំលឹកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។
អង្គការយូណេស្កូអះអាងថា នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ ដើម្បីធានាការការពាររបស់ខ្លួន។ លើសពីនេះអង្គការយូណេស្កូត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមដែលលក្ខខណ្ឌអនុញ្ញាត។
កាលពីថ្ងៃទី១០ ធ្នូ យោធាថៃបានវាយប្រហារលើប្រាសាទព្រះវិហារ ត្រង់ដងសន្ទូចជួសជុលប្រាសាទ ហើយកាលពីថ្ងៃទី៩ ធ្នូ យោធាថៃក៏បានវាយប្រហារចំតួប្រាសាទតាក្របីផងដែរ។ ក្រសួងវប្បធម៌កម្ពុជាបានថ្កោលទោសចំពោះការវាយប្រហារសម្បត្តិវប្បធម៌បុព្វបុរសខ្មែរដែលមិនអាចកាត់ថ្លៃបាន៕










