

អ្នកឃ្លាំមើលលើកឡើងថា វាជារឿងអយុត្តិធម៌សម្រាប់កម្ពុជា ប្រសិនបើសហរដ្ឋអាមេរិកដំឡើងពន្ធគយដោយសារតែសង្គ្រាមថៃវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ ការលើកឡើងនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីសប្ដាហ៍មុនបានព្រមានថា នឹងដំឡើងពន្ធគយលើកម្ពុជា និងថៃ ប្រសិនបើភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នា។
អ្នកតាមដានបញ្ហានយោបាយជំរុញឱ្យរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន យកសំណុំរឿងជម្លោះព្រំដែន និងការវាយប្រហារឈ្លានពានរបស់ថៃប្ដឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យបានឆាប់ ដើម្បីបញ្ជាក់ប្រាប់អន្តរជាតិថា កម្ពុជាជាអ្នករងគ្រោះ។ ពួកគាត់ព្រួយបារម្ភថា ក្នុងករណីកម្ពុជាកំពុងរងការឈ្លានពានដោយការវាយប្រហារពីកម្លាំងយោធាថៃ ហើយប្រសិនអាមេរិកដាក់ទណ្ឌកម្មលើពន្ធគយទៀតនោះកម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៥ ខែធ្នូ ថា ប្រសិនអាមេរិកចាត់វិធានការដំឡើងពន្ធគយលើកម្ពុជា និងថៃ ដោយសារតែជម្លោះប្រដាប់អាវុធនៅតាមព្រំដែនគឺជារឿងអយុត្តិធម៌ទ្វេដងសម្រាប់ប្រជាជនកម្ពុជា។ លោកពន្យល់ថា ប្រសិនបើអាមេរិកមានចំណាត់ការបែបនេះ នោះហាក់ស្មើនឹងអាមេរិក និងសហគមន៍អន្តរជាតិបោះបង់កម្ពុជាចោល និងបណ្ដោយឱ្យប្រទេសថៃបើកការវាយប្រហារឈ្លានពានកម្ពុជាតាមទំនើងចិត្ត។
លោក គឹម សុខ ស្នើឱ្យអាមេរិកពិចារណាកុំដាក់ទណ្ឌកម្មកម្ពុជាតាមរយៈការដំឡើងពន្ធគយក្នុងជម្លោះប្រដាប់អាវុធជាមួយថៃនៅតាមព្រំដែន ព្រោះលោកថា សង្គ្រាមនេះប្រទេសថៃគឺជាអ្នកវាយប្រហារឈ្លានពានកម្ពុជា ហើយថៃត្រូវទទួលខុសត្រូវលើការសម្លាប់ប្រជាជន កងទ័ព និងការបំផ្លាញប្រាសាទបុរាណខ្មែរ។
លោក គឹម សុខ៖ «សហគមន៍អន្តរជាតិត្រូវពិចារណាឱ្យច្បាស់ថា ខាងភាគីថៃត្រូវទទួលខុសត្រូវលើការឈ្លានពានប្រទេសកម្ពុជា បង្កវិនាសកម្មដល់ប្រជាពលរដ្ឋខ្មែរ បំផ្លិចបំផ្លាញប្រសាទបុរាណខ្មែរ និងសម្បត្តិខ្មែរនៅលើទឹកដីនៃប្រទេសកម្ពុជា។ ចំណែករដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន នៅភ្នំពេញវិញត្រូវទទួលខុសត្រូវលើការពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ លាងលុយកខ្វក់បែងចែកឱ្យច្បាស់។ បើមិនដូច្នោះទេ ប្រជាពលរដ្ឋខ្មែរជាអ្នករងគ្រោះពីការវាយរបស់ថៃផង រងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិរបស់រដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន ផង»។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការព្រមានដាក់ទណ្ឌកម្មអាមេរិកដំឡើងពន្ធគយកម្ពុជាក្នុងជម្លោះជាមួយថៃ គឺមិនសមហេតុផល និងជារឿងអយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។ លោកបន្ថែមថា សង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ រហូតមកដល់ពេលនេះគឺមានភស្តុតាងជាច្រើនដែលអាមេរិកអាចថ្លឹងថ្លែង និងមិនអាចព្រងើយកន្តើយបានឡើយក្នុងការដាក់ទណ្ឌកម្ម ឬថ្កោលទោសជាក់លាក់ចំពោះភាគីណាដែលបំពានច្បាប់អន្តរជាតិ និងបើកការវាយប្រហារឈ្លានពានមុន។ លោកថា ជម្លោះនៅតាមព្រំដែននេះគឺជាមហិច្ឆតាឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «បណ្ដាសហគមន៍អន្តរជាតិគេទទូចឱ្យថៃបញ្ចប់ក្នុងសង្គ្រាមហ្នឹង ប៉ុន្តែថៃបែរជាមិនអើពើហើយទាំងអស់នេះគឺជាចំណុចដែលលោក ដូណាល់ ត្រាំ ឬសហរដ្ឋអាមេរិកត្រូវទាញយកមកពិនិត្យពិចារណា និងសម្រេចឱ្យចំទៅលើប្រទេសដែលប្រើអំណាច ប្រើឥទ្ធិពលយោធារបស់ខ្លួនបំពានមកលើកម្ពុជាដែលទម្លាក់គ្រាប់បែកធ្វើឱ្យប៉ះពាល់មកលើក្មេងៗកុមារដែលអត់សាលា កុមារដែលរស់នៅក្នុងការភ័យខ្លាច ប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះបែកបាក់គ្រួសារ ជនភៀសសឹករាប់សែននាក់បានចាកចេញពីលំនៅឋាន។ ទាំងអស់នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលថៃបានបំពានយ៉ាងគឃ្លើនហើយមាក់ងាយប្រមាថលើសហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសសហគមន៍អន្តរជាតិនានា។ នេះគឺជារឿងពិតសម្រេចអារកាត់ដាក់ទណ្ឌកម្មថៃយ៉ាងធ្ងន់ធ្ងរ ទើបធ្វើឱ្យថៃមានការខ្លបខ្លាច ឬក៏បញ្ឈប់ការបង្កសង្គ្រាមហ្នឹង»។
ប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍មុនបានផ្ដល់បទសម្ភាសន៍ដល់កាសែត (The Wall Street Journal) ដោយបញ្ជាក់ថា អាមេរិកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា និងថៃដែលមានជាមួយអាមេរិក និងព្រមានថា ដំឡើងពន្ធគយលើប្រទេសទាំងពីរ ប្រសិននៅតែបន្តប្រយុទ្ធនៅតាមព្រំដែន។
ទោះជាយ៉ាងណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា លើកឡើងថា ប្រសិនអាមេរិកចាត់វិធានការដំឡើងពន្ធគយកម្ពុជាដោយសារតែសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ នោះពលរដ្ឋកម្ពុជានឹងកាន់តែជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ហើយអាមេរិកខ្លួនឯងក៏អាចរងការរិះគន់ចំពោះការត្រួតពិនិត្យព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយក្នុងជម្លោះរវាងកម្ពុជា និងថៃ។ លោក សឹង សែនករុណា បន្ថែមទៀតថា អាមេរិកក្នុងនាមប្រទេសមហាអំណាចគួរចេញមុខហាមឃាត់ប្រទេសថៃឱ្យបញ្ឈប់ប្រតិបត្តិការយន្តហោះចម្បាំង F-16ដែលបញ្ជាទិញពីអាមេរិកផ្ទាល់ ដែលបន្តដឹកគ្រាប់បែកយកមកទម្លាក់ក្នុងទឹកដីកម្ពុជា។
ប៉ុន្តែ ទាំងលោក ស៊ឹង សែនករុណា និងលោក គឹម សុខ សាទរអាមេរិកក្នុងករណីដែលមានការដាក់ទណ្ឌកម្ម និងសម្ពាធនានាឱ្យរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន លុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដោយសារតែបញ្ហានេះគឺឆ្លុះបញ្ចាំងពីការពិតដែលប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ ហើយឧក្រិដ្ឋកម្មនៅកម្ពុជាកំពុងរាលដាល។
អ្នកឃ្លាំមើលស្នើឱ្យប្រធានាធិបតីអាមេរិកពិចារណា និងពិនិត្យឱ្យបានល្អិតល្អន់ និងចេញមុខប្រកាសថ្កោលទោសភាគីដែលឈ្លានពាន ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មធ្វើឱ្យកម្ពុជាកាន់តែរងគ្រោះ និងអយុត្តិធម៌បន្ថែមពីការវាយប្រហារឈ្លានពានពីកម្លាំងយោធាថៃ៕









