«ខ្មែរ​គ្រប់​និន្នាការ​ត្រៀមខ្លួន​បង្រួបបង្រួម​ជាតិ​ហើយ និង​ចាំ​មើល​ការ​បើកផ្លូវ​របស់​រដ្ឋាភិបាល»

0
136
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya

អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ថា ខ្មែរ​គ្រប់​និន្នាការ ទាំង​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ត្រៀមខ្លួន​ផ្សះផ្សា​គ្នា​ឲ្យ​មានការ​បង្រួបបង្រួម​សាមគ្គី​ជាតិ​ជានិច្ច ប៉ុន្តែ រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ជា​អ្នក​បិទផ្លូវ និង​បន្ដ​ធ្វើបាប​ខ្មែរ ដូច្នេះ​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​បែកបាក់​ជាតិ និង​វិនាសកម្ម​របស់​ជាតិ។ កា​លើកឡើង​នេះ ជា​ការ​ឆ្លើយតប​នឹង​លោក ហ៊ុន ម៉ាណែត ដែល​អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ជាតិ តែ​រដ្ឋាភិបាល​លោក​នៅ​បន្ត​នយោបាយ​ចាប់​ខ្មែរ​ដាក់​ពន្ធនាគារ។

អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​នយោបាយ​បោកប្រាស់ ដែល​សូត្រ​ទ្រឹស្ដី​សាមគ្គី​ជាតិ តែ​ធ្វើបាប​ខ្មែរ។

ប្រធាន​ស្ថាប័ន​រៀបចំ​ដីធ្លី និង ជួយ​ពលរដ្ឋ​ក្រីក្រ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក សៅ រ៉ាស៊ី លើកឡើង​ថា ប្រជាជាតិ​ខ្មែរ​ធ្លាក់​ដុនដាប និង​ត្រូវ​បរទេស​ជិត​ខាង​មិន​ញញើត​ឈ្លានពាន​ដូច​សព្វថ្ងៃ គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន សូត្រ​តែ​ទ្រឹស្ដី​រួបរួម​ជាតិ​ដើម្បី​បោកប្រាស់​កងទ័ព និង​ប្រជាពលរដ្ឋ ។ ប៉ុន្តែ លោក​ថា ការពិត​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​បំបែកបំបាក់​ជាតិ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ សេដ្ឋកិច្ចជាតិ​អន់ថយ និង ធ្វើ​ឲ្យ​កម្ពុជា​គ្មាន​លទ្ធភាព​ពង្រឹង​កងទ័ព​ជាតិ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចុះ​ខ្សោយ។

លោក សៅ រ៉ាស៊ី រិះគន់​លោក ហ៊ុន ម៉ាណែត ថា គ្មាន​សាមគ្គី​ជាតិ​ឯណា អាច​កើតឡើង​បាន ដោយ​ការ​ចាំតែ​កម្ចាត់​ខ្មែរ​ជាតិ​ឯង ដូច​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​នោះ​ទេ​។ លោក​ថា ពុំ​មាន​ប្រទេសជាតិ​ណា អាច​ពួតដៃគ្នា​កសាង​ជាតិ​ឲ្យ​រឹងមាំ ដោយ​ការសូត្រ​ទ្រឹស្ដី​សាមគ្គី​ក្លែងក្លាយ​ឡើយ​គឺ​ទាល់តែ​អាច​អង្គុយ​និយាយ​គ្នា​បាន អំពី​ដំណោះស្រាយ​បញ្ហា​ជាតិ ទាំង​ប្រជាពលរដ្ឋ អ្នកនយោបាយ​គ្រប់​និន្នាការ និង​កងទ័ព។

លោក សៅ រ៉ាស៊ី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែធ្នូ​ថា ក្រោយ​ការ​ប្រយុទ្ធ​បង្ហូរឈាម​ការពារ​ទឹកដី កងទ័ព​ត្រូវការ​ជំនួយ​ជា​ចាំបាច់ និង ជា​អចិន្ត្រៃយ៍ ទាំង​ជីវភាព​គ្រួសារ និង​ការ​ពង្រឹង​ស្មារតី ហើយ​រឿង​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​កម្មវិធី​នយោបាយ​ជាក់ស្ដែង គឺ​ពុំ​មែន​និយាយ​លួងលោម​ចោល​លើ​ហ្វេសប៊ុក​ទេ។ លោក​ថាបើ​គ្រាន់តែ​និយាយ​លួងលោម​កងទ័ព តែ​បណ្ដែតបណ្ដោយ​ឲ្យ​កងទ័ព​រស់នៅ​រខេករខាក​ចាំតែ​ស្លាប់ និង​ពិការ​ពេល​មាន​សង្គ្រាម ហើយ​បំប៉ន តែ​ទាហាន​នៃ​បក្ខពួក​អ្នកដឹកនាំ គឺជា​ការប្រមាថ​កងទ័ព​របស់​ប្រទេសជាតិ។

លោក​ថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប សុទ្ធតែ​ដឹង​អំពី​វិនាសកម្ម​នៃ​ការ​បែកបាក់​ជាតិ តែ​មកដល់ពេលនេះ​ហើយ ហេតុអ្វី​លោក ហ៊ុន ម៉ា​ណែ​ត មិន​បើកផ្លូវ​ឲ្យ​មានការ​ចរចា​គ្នា នៃ​ខ្មែរ​គ្រប់​ភាគី ដើម្បី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ? លោក​ថា លោក ហ៊ុន ម៉ា​ណែ​ត និយាយ​ពី​សាមគ្គី​ជាតិ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល បាន​ធ្វើ​សកម្មភាព​ក្នុង បុព្វហេតុ​ការពារ​ទឹកដី ធនធាន​សម្បត្តិ​ជាតិ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម កំពុង​ជាប់ពន្ធនាគារ​ជិត ១០០​នាក់ ក្រោម​អំណាច​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន។

លោក សៅ រ៉ាស៊ី ៖ «បើ​លោក ហ៊ុន ម៉ាណែត មានគំនិត​ស្រឡាញ់​ជាតិ​ពិតប្រាកដ អូ​ខេ​ទី​១ ដោះលែង​អ្នក​ទោស​នយោបាយ​សិន​មក បង្ហាញ​ឲ្យ​ពិភពលោក​ឃើញថា ថា​លោក ហ៊ុន ម៉ាណែត មានគំនិត​ដើម្បី​រួបរួម​ជាតិ ដោះលែង​អ្នក​ទោស​នយោបាយ លោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី សកម្មជន បរិស្ថាន​អី​ដោះលែង​មក​សិន​មក ហើយ​បាន​រៀបចំ​ចរចា​រវាង​ខ្មែរ បើកចំហ​ឲ្យ​លោក ប្រធាន​សម រង្ស៊ី ឲ្យ​ចូល​ត្រឡប់​ទៅវិញ ឲ្យ​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​ទៅវិញ​។ អាហ្នឹង បាន​លោក ហ៊ុន ម៉ាណែត មាន ឆន្ទៈ​ដើម្បី​បង្រួបបង្រួម​ជាតិ ដើម្បី​ផលប្រយោជន៍​ជាតិ»។

ការ​លើកឡើង​នេះ ជា​ការ​ឆ្លើយតប​នឹង​សំណេរ​សាមគ្គី​ជាតិ​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ លោក ហ៊ុន ម៉ាណែត សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក នៅ​ថ្ងៃទី​២៩ ខែធ្នូ ថា ទុក្ខ​លំបាក និង​ពលិកម្ម​សាច់​ស្រស់ ឈាម​ស្រស់ របស់​វីរជន​ខ្មែរ​នៅ​សមរភូមិ គឺជា​ការ​ដាស់តឿន​មិន​ឱ្យ​ខ្មែរ​បំភ្លេច​បាន​មួយ​វិនាទី​ណា​ឡើយ​ថា​«​បែកបាក់ គឺ​ស្លាប់​, សាមគ្គី​រឹងមាំ គឺ​រស់​» ។ លោក​បន្ថែម​ថា ស្របតាម​ពាក្យ​ចាស់ «​ចង្កឹះ​មួយ​បាច់ គេ​កាច់​មិន​បាក់​» ខ្មែរ​ត្រូវ​យក​ការ​លំបាក នៅ​ពេល​នេះ ធ្វើជា​ឱកាស ដើម្បី​ឱ្យ​ខ្មែរ​គ្រប់រូប​ចេះ​ពួតដៃគ្នា​កសាង ជាតិ​ឱ្យ​កាន់តែ រឹងមាំ និង កាន់តែ​ប្រសើរ​ឡើង។

ទោះជា​យ៉ាងណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា​ប្រាប់​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​អាច​មានការ​សាមគ្គី​បង្រួបបង្រួម​ជាតិ​បាន​។ លោក​ថា ចំណុច​សំខាន់ ចាប់ផ្ដើម​ពី​ការ​ផ្ដល់​សេរីភាព​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង បើក​លំហ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី គឺ​មិនមែន​ការ​បន្ត​កម្ចាត់​ខ្មែរ​ដទៃ ដើម្បី​តែ​ប្រយោជន៍​គ្រួសារ​បក្ខពួក​ឡើយ។

លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ពុំ​មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ឯណា​ទៅ​ផាត់​ចោល​ខ្មែរ​រួម​ជាតិ​ក្រុម​ផ្សេង និង ធ្វើទុក្ខបុកម្នេញ​លើ​ពួកគេ ដោយ​អំណាច​នៃ​អ្នកដឹកនាំ​គំនុំ និង អាស្មិមានះ នោះ​ទេ ។ លោក​ថា រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​បែកបាក់​ជាតិ និង​វិនាសកម្ម​របស់​ជាតិ មិនអាច​ប្រកែក​បាន​ឡើយ​។ លោក​ថា ខ្មែរ​គ្រប​និន្នាការ ត្រៀមខ្លួន​បង្រួបបង្រួម​ជាតិ​ជានិច្ច ប៉ុន្តែ រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ចេះតែ​សូត្រ​ទ្រឹស្ដី​ចោល​ហើយ​ដើរ​រវាងផ្លូវ​បង្រួបបង្រួម​ជាតិ។

លោក ស៊ឹង សែនករុណា៖ «បើ​ស្ថានភាព​ប្រទេស​ថ្ងៃក្រោយ ធ្លាក់​ក្នុង​សភាព​អាក្រក់ កាន់តែ​អាក្រក់​ទៅ ប្រជាពលរដ្ឋ​ត្រូវ​ចាំ​ថា អ្នកណា​ទទួលខុសត្រូវ ដោយសារ​អ្នកប្រឆាំង​ក្ដី ក្រុម​ប្រជាពលរដ្ឋ​ឬ​ក្រុម​យុវជន​ទាំងអស់ គេ​ទទូច​ឲ្យ​យើង​រួបរួម​គ្នា ការពារ​ប្រទេស​ការពារ​ប្រយោជន៍​ជាតិ ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ ក្នុង​កាលៈទេសៈ​ហ្នឹងហើយ យើង​ច្រានចោល​។ អ៊ីចឹង​ត្រូវ​ចង្អុលមុខ ត្រូវ​ចាំ​ថា អ្នកណា ដែល​ធ្វើ​ឱ្យ​ប្រទេស​ខ្ទេចខ្ទី អ្នក​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ក្នុង​កាលៈទេសៈ​ហ្នឹង​ហើយ»។

អ្នកឃ្លាំមើល លើកឡើង​ថា ការ​លើកឡើង​អំពី​«​សាមគ្គី​ជាតិ​» របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ គឺ​ដើម្បី​ទប់ស្កាត់​ចរន្ត​របស់​ប្រជាពលរដ្ឋ និង កងទ័ព ដែល ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ឲ្យ​ច្បាស់ ថា​តើ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​បង្ហូរឈាម​របស់ យុទ្ធជន​ខ្មែរ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិតជា​បាន​ឃុបឃិត​ជាមួយ​ភាគី​ថៃ​កាត់​ទឹកដី​កម្ពុជា​ឲ្យ​ថៃ ឬ​យ៉ាងណា ?

ពួកគាត់ ថា នយោបាយ​សាមគ្គី​ជាតិ​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ទ្រឹស្ដី នយោបាយ​បំភ័ន្ត​មិន​ចេះ​អៀនខ្មាស បន្ទាប់ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ទើបតែ​និយាយ​ថា លោក​ចាប់​ដាក់គុក​ទាំងអស់ នូវ​អ្នក​ទាំងឡាយ​ណា ដែល​រិះគន់​រូបលោក លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​ត្រកូល​ហ៊ុន​និង​គណបក្ស​ប្រជាជន​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ