អាមេរិក​ឱ្យ​កម្ពុជា​និង​ថៃ​ប្ដេជ្ញា​អនុវត្ត​បទ​ឈប់​បាញ់​ពេញលេញ​តាម​កិច្ចព្រមព្រៀង​នៅ​ម៉ាឡេស៊ី

0
130
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ គោរព​ការ​ប្ដេជ្ញាចិត្ត​​នូវ​បទ​ឈប់​បាញ់​ភ្លាមៗ និង​អនុវត្ត​ពេញ​លេញ​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នៅ​ប្រទេស​ម៉ាឡេស៊ី។ ទន្ទឹម​នឹង​ការ​អំពាវនាវ​របស់​អាមេរិក ប្រមុខ​ការទូត​ចិន​ក៏​បាន​ហៅ​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ទៅ​កាន់​ទឹក​ដី​របស់​ខ្លួន ហាក់​ចង់​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ថា ចិន​ជា​អ្នក​សម្រេច​ឱ្យ​មាន​បទ​ឈប់​បាញ់​លើក​ទី២​នេះ រវាង​ប្រទេស​ប្រទេស​ទាំងពីរ។


តាមរយៈ​ការ​ចុះ​ផ្សាយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី២៨ ធ្នូ បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ស្វាគមន៍​ចំពោះ​សេចក្តី​ប្រកាស​របស់​កម្ពុជា និង​ថៃ ស្ដីពី​ការ​ឈាន​ដល់​បទឈប់បាញ់ ដែល​បញ្ឈប់​អំពើ​អរិភាព​តាម​បណ្តោយ​ព្រំដែន​នៃប្រទេស​​ទាំងពីរ បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)។


មុន​មាន​បទ​ឈប់​បាញ់ លោក ម៉ាកូ រ៉ូប៊ីអូ បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​បង្ហាញ​ការ​ព្រួយ​បារម្ភ អំពី​អំពើ​ហិង្សា​ដែល​កំពុង​បន្ត​កើតមាន​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ ការ​ជជែក​តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​ទី២៥ ធ្នូ នោះ លោក រ៉ូប៊ីអូ បាន​បញ្ជាក់​ឡើង​វិញ​អំពី​បំណងប្រាថ្នា​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) សម្រាប់​សន្តិភាព និង​តម្រូវ​ឲ្យ​អនុវត្ត​ពេញ​លេញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ។

ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ប្រមុខ​ការទូត​អាមេរិក​រូប​​នេះ​ក៏បាន​បញ្ជាក់​ឡើងវិញ​ថា សហរដ្ឋអាមេរិក​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​សម្របសម្រួល​ការ​ពិភាក្សា ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ។

កម្ពុជា និង​ថៃ​បាន​សម្រេច​ឯកភាព​ជា​ទ្វេភាគី​នូវ​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន រយៈពេល ៧២​ម៉ោង ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី២៧ ធ្នូ។ កិច្ចព្រមព្រៀង​នោះ​បាន​បញ្ជាក់​ថា ភាគី​ថៃ​នឹង​ព្រម​ដោះលែង​យោធិន​កម្ពុជា ១៨​នាក់​វិញ បើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នេះ មាន​ប្រសិទ្ធភាព​​តាម​រយៈពេល​កំណត់។

រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា លោក ទៀ សីហា (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ថៃ​លោក ណាត់​តា​ផន ណាក់ផានិច (Nattapon Nakpanich) ពេលចុះហត្ថលេខាសេចក្ដីថ្លែងការណ៍រួម នៅច្រកព្រំដែន​អន្តរជាតិព្រំ នៅខេត្ត​ចន្ទបុរី កាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ ​រូប៖ ក្រសួងការពារជាតិកម្ពុជា


នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ជួប​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) ផ្ទាល់​នៅ​ខេត្ត​យូណាន (Yunan) ប្រទេស​ចិន។

ក្រសួង​ការបរទេស​កម្ពុជា​អះអាង​ថា លោក ប្រាក់ សុខុន បាន​ប្រាប់​​ភាគី​ចិន​ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ខ្ពស់​ចំពោះ​សាមគ្គី​ភាពជា​ប្រពៃណី មិត្តភាព​ដែកថែប​ដ៏​យូរអង្វែង និង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន និង​​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ចិន ជាពិសេស​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​សម្រាប់​គ្រប់​កម្រិត និង​គ្រប់​វិស័យ។ លោក ប្រាក់ សុខុន ក៏​បាន​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តួនាទី​សកម្ម និង​ស្ថាបនា​របស់​ប្រទេស​ចិន ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​ជម្លោះ​កម្ពុជា​-​ថៃ។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) ជួប​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​ខេត្ត​យូណាន (Yunan) ប្រទេស​ចិន កាលពីថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ក្រសួង​ការបរទេសកម្ពុជា


លើស​ពី​នេះ​ភាគី​កម្ពុជា​បង្ហាញ​ថា កិច្ច​គាំទ្រ​ជា​បន្តបន្ទាប់​របស់​មិត្ត​ចិន​ក្នុង​ការជំរុញ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​ប្រើប្រាស់​កិច្ច​សន្ទនា វិធី​ការទូត និង​ការគោរព​គ្នា​ទៅវិញទៅមក ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការអនុវត្ត​បទ​ឈប់​បាញ់​ពេញលេញ និង​ឆ្ពោះ​ទៅ​រក​សន្តិភាព​ដ៏​យុត្តិធម៌ និង​យូរអង្វែង​។
កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា កម្ពុជា​និង​ថៃ​ទទួល​​បទ​ឈប់​បាញ់​ម្ដង​រួចមក​ហើយ ក្រោម​ការ​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក ដែល​សម្របសម្រួល​ពី​ប្រធាន​អាស៊ាន​ប្ដូរ​វេន គឺ​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ី (Anwar Ibrahim) រហូត​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា មុន​នឹង​​ភាគី​ថៃ​បើក​ការ​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា​សាជាថ្មី នៅ​ថ្ងៃ​ទី៧ ធ្នូ ២០២៥។


ការ​វាយ​ប្រហារ​ឈ្លានពាន​របស់​យោធា​ថៃ​រយៈពេល ២១​ថ្ងៃ​នេះ បាន​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​កម្ពុជា ៣១​នាក់ និង​រងរបួស​ជិត ១០០​នាក់ ហើយ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ភៀសខ្លួន​ជិត ៧០​ម៉ឺន ព្រមទាំង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ជាច្រើន មាន​ផ្ទះ វត្តអារាម សាលារៀន កាស៊ីណូ ស្ពាន​ថ្នល់ និង ប្រាសាទបុរាណ ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ