

រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald J. Trump) កាលពីយប់ថ្ងៃទី៩ ធ្នូ បានចេញមុខសម្ដែងក្តីព្រួយបារម្ភចំពោះការប្រយុទ្ធគ្នាជាថ្មីរវាងកម្ពុជា និងថៃ ក្រោយកិច្ចខិតខំប្រឹងប្រែងរកបទឈប់បាញ់ និងសន្តិភាពរបស់អាមេរិកកំពុងបរាជ័យដោយសារការវាយប្រហារឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានសរសេរនៅលើបណ្តាញសង្គមអ៊ិច (X) ដោយសម្ដែងការបារម្ភពីភាពតានតឹងកាន់តែកើនឡើងរវាងកម្ពុជា-ថៃ និងចំនួនមនុស្សស្លាប់ដោយសារតែការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
លោកបញ្ជាក់ថា ភាគីទាំងពីរគួរបញ្ឈប់អរិភាពជាមួយគ្នាជាបន្ទាន់ដើម្បីការពារអាយុជីវិតរបស់ជនស៊ីវិល ហើយវិលត្រឡប់ទៅអនុវត្តសេចក្តីប្រកាសរួមសន្តិភាពដែលបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានប្តូរវេនអាស៊ាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ី (Anwar Ibrahim) នៅប្រទេសម៉ាឡេស៊ីវិញ។
កន្លងទៅ សហរដ្ឋអាមេរិកបានប្រើវិធានការពន្ធគយនាំចូលទំនិញ ដើម្បីដាក់គំនាបលើភាគីកម្ពុជា និងថៃឱ្យចូលតុចរចារហូតឈានដល់ចុះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ កក្កដា និងចុះសេចក្តីប្រកាសរួមសន្តិភាពនៅថ្ងៃទី២៦ តុលា នៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែសម្រាប់ការប្រយុទ្ធគ្នាជាថ្មីនៅពេលនេះ គេមិនទាន់ឃើញលោក ម៉ាកូ រ៉ូប៊ីយ៉ូ លើកឡើងពីវិធានការបែបណាដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅពេលនេះនៅឡើយទេ៕









