
គណៈកម្មការអន្តរសាសនាសហរដ្ឋអាមេរិក (USCIRF) ប្រកាសទាមទារឱ្យរដ្ឋាភិបាលវៀតណាមស៊ើបអង្កេតទៅលើករណីស្លាកស្នាមរបួសនៅលើផ្ទៃមុខរបស់សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមលោក ថាច់ ង៉ា ដែលសង្ស័យថា ត្រូវបានអាជ្ញាធរវៀតណាមធ្វើទារុណកម្មនៅក្នុងពន្ធនាគារ។ ក្នុងពេលជាមួយគ្នា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ក៏បានចេញមុខទាមទារឱ្យរដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម បញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោមដែលជាជនជាតិដើមម្ចាស់ស្រុក។
ប្រតិកម្មរបស់អង្គការ និងស្ថាប័នអន្តរជាតិបានធ្លាក់មកជាបន្តបន្ទាប់ ថ្កោលទោសតុលាការ និងអាជ្ញាធរនៃរដ្ឋាភិបាលវៀតណាមដែលបានកាត់ទោសព្រះសង្ឃ និងចាប់ខ្លួនសកម្មជនខ្មែរក្រោមក្នុងរយៈពេលចុងក្រោយនេះ ដោយពួកគេចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។ ស្ថាប័នអន្តរជាតិទាំងនោះរួមមាន គណៈកម្មការអន្តរសាសនាសហរដ្ឋអាមេរិក (USCIRF) អង្គការប្រជាជននៃប្រជាជាតិគ្មានអ្នកតំណាង (UNPO) អង្គការសាមគ្គីភាពគ្រិស្តសាសនាអន្តរជាតិ (CSW) និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្សជាដើម។
ស្នងការនៃគណៈកម្មការអន្តរសាសនាសហរដ្ឋអាមេរិកលោក មែ សូឡូវីឈីក (Meir Soloveichik) បានសរសេរនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៥ វិច្ឆិកា ដោយសម្ដែងការបារម្ភថា វិធានការចុងក្រោយបង្អស់របស់រដ្ឋាភិបាលវៀតណាមទៅលើអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរក្រោម គឺជាការរំលោភទៅលើសេរីភាពនៃជំនឿប្រតិបត្តិសាសនារបស់ពលរដ្ឋខ្មែរក្រោម ក្នុងនោះរួមមាន ការកាត់ទោសព្រះសង្ឃខ្មែរក្រោមព្រះតេជព្រះគុណ គឹម សំរិន្ទ យុវជន ថាច់ ង៉ា និង ថាច់ ស្វឹងដុង និងការចាប់ខ្លួនសកម្មជនស្ត្រីខ្មែរក្រោមអ្នកស្រី ថាច់ ធីវ៉ារី កាលពីថ្ងៃទី១៨ វិច្ឆិកា។ លោក សូឡូវីឈីក បានជំរុញឱ្យរដ្ឋាភិបាលអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាមឱ្យដោះលែងសកម្មជនទាំងអស់នេះ។
ចំណែកស្នងការនៃគណៈកម្មការអន្តរសាសនាសហរដ្ឋអាមេរិកមួយរូបទៀតគឺលោក ស្ទីហ្វឺន ស្នែក (Stephen Schneck) ក៏បានសរសេរសារនៅលើបណ្ដាញសង្គម X នៅថ្ងៃដដែល ដោយកត់សម្គាល់ពីស្នាមរបួសសញ្ញាជើងក្អែកជាច្រើននៅលើផ្ទៃមុខរបស់សកម្មជនខ្មែរក្រោមលោក ថាច់ ង៉ា ដោយលោកអះអាងថា នៅមុនពេលត្រូវបានចាប់ខ្លួនកាលពីខែមីនាកន្លងទៅ លោក ថាច់ ង៉ា មិនមានស្នាមរបួសនៅលើផ្ទៃមុខនោះឡើយ។ លោក ស្ទីហ្វឺន ស្នែក ទាមទារឱ្យមានការស៊ើបអង្កេតដើម្បីស្វែងរកជនប្រព្រឹត្តអំពើទារុណកម្មលើសកម្មជន ថាច់ ង៉ា មកទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ថាច់ ង៉ា រួមជាមួយព្រះតេជព្រះគុណ គឹម សំរិន្ទ និងយុវជន ថាច់ ស្វឹងដុង ត្រូវបានអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង ចាប់ខ្លួនកាលពីខែមីនា និងត្រូវបានបញ្ជូនមកតុលាការកាត់ទោសនៅថ្ងៃទី១៨ វិច្ឆិកា។ ក្នុងពេលឡើងសវនាការអ្នកទាំងបីមានសភាពស្លេកស្លាំង ស្គមស្គាំងជាងមុនពេលចាប់ខ្លួន ចំណែកនៅលើផ្ទៃមុខរបស់យុវជន ថាច់ ង៉ា មានស្នាមរបួសសញ្ញាជើងក្អែកជាច្រើន ដែលគេសង្ស័យថា យុវជនរូបនេះអាចត្រូវបានអាជ្ញាធរវៀតណាមធ្វើទារុណកម្មធ្ងន់ធ្ងរ។ ប្រភពអាចទុកចិត្តបាន បានឱ្យទូរទស្សន៍អាស៊ីសេរីដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះបារម្ភខ្លាចអាជ្ញាធរវៀតណាមធ្វើបាបថា យុវជន ថាច់ ង៉ា ត្រូវបាននគរបាលពន្ធនាគារវៀតណាមដុតដែកក្តៅ រួចយកទៅដាក់លើផ្ទៃមុខរបស់យុវជនរូបនេះ។
ទូរទស្សន៍អាស៊ីសេរីមិនទាន់អាចសុំការបកស្រាយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាជុំវិញការចោទប្រកាន់នេះបាននៅឡើយទេនៅថ្ងៃទី២៦ វិច្ឆិកា ដោយទូរស័ព្ទដាក់នៅលើគេហទំព័រស្ថានទូតមិនអាចទាក់ទងបាន។ ចំណែកអាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំង និងលង់ហោរ រហូតមកដល់ពេលនេះ ក៏មិនឃើញចេញមកឆ្លើយតបចំពោះការចោទប្រកាន់ពីបញ្ហានេះនៅឡើយដែរ ក្រៅតែពីបានផ្សព្វផ្សាយព័ត៌មាននៃការកាត់ទោសសកម្មជនទាំងបីកាលពីពេលកន្លងទៅ។ ការនៅស្ងាត់ស្ងៀមរបស់អាជ្ញាធរវៀតណាមធ្វើឱ្យខ្មែរក្រោមកាន់តែសង្ស័យថា អាជ្ញាធរវៀតណាមអាចធ្វើទារុណកម្មមកលើយុវជន ថាច់ ង៉ា ប្រាកដមែន ទើបមិនហ៊ានចេញមុខនិយាយការពារភាពត្រឹមត្រូវរបស់ខ្លួន។
ជុំវិញរឿងនេះ អនុប្រធានទី១ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិកលោក ម៉ៅ មុនី ជឿជាក់ថា លោក ថាច់ ង៉ា ត្រូវបានអាជ្ញាធរវៀតណាមធ្វើទារុណកម្មនៅក្នុងពន្ធនាគារ ដោយលោកបានព័ត៌មាននេះពីប្រភពច្បាស់លាស់និងទុកចិត្តបានពីកម្ពុជាក្រោម។ លោកឱ្យដឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្តល់ព័ត៌មានទាំងអស់នេះទៅកាន់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ដើម្បីចាត់វិធានការតាមនីតិវិធីស្វែងរកយុត្តិធម៌ឱ្យយុវជន ថាច់ ង៉ា។
លោក ម៉ៅ មុនី៖ «មុនគាត់ជាប់គុក នៅលើមុខគាត់ យើងឃើញគ្មានស្នាមរបួសអីទេ ដល់ថ្ងៃឡើងតុលាការយើងឃើញមានស្នាមរបួសនៅលើមុខគាត់ យើងឃើញរូបភាពធ្វើដាក់លោក ថាច់ ង៉ា ជារឿងឃោរឃៅមួយយើងមិនអាចទទួលបាន ចឹងសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងខិតខំឱ្យអស់សមត្ថភាពទំនាក់ទំនងជាមួយអង្គការមួយចំនួន ហើយនិងអង្គការសហប្រជាជាតិ ឬមួយរដ្ឋាភិបាលដែលគោរពសិទ្ធិមនុស្ស ឱ្យពួកគាត់ជួយដើម្បីរកយុត្តិធម៌ឱ្យលោក ថាច់ ង៉ា»។
កាលពីថ្ងៃទី១៨ វិច្ឆិកា លោក ថាច់ ង៉ា លោក ថាច់ ស្វឹងដុង និងព្រះតេជព្រះគុណ គឹម សំរិន្ទ ត្រូវបានតុលាការក្នុងខេត្តលង់ហោរកាត់ទោសជាប់ពន្ធនាគារម្នាក់ៗរយៈពេល ៣ឆ្នាំ ៦ខែពីបទរំលោភសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌប្រទេសវៀតណាមពាក់ព័ន្ធការបញ្ចេញមតិនៅលើបណ្ដាញសង្គម។ ក្នុងថ្ងៃកាត់ទោសនោះ អ្នកទាំងបីគ្មានមេធាវីការពារសិទ្ធិ រីឯសាច់ញាតិក៏មិនបានដឹងពីការកាត់ទោសនេះឡើយ។ នៅថ្ងៃដដែលនោះ អាជ្ញាធរវៀតណាមក៏បានចាប់ខ្លួនសកម្មជនស្ត្រីខ្មែរក្រោមអ្នកស្រី ថាច់ ធីវ៉ារី ក្រោមបទចោទនៃមាត្រា ៣៣១ ដដែលនេះ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានលេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា លោក សឺន យឿង ថ្កោលទោសអាជ្ញាធរវៀតណាមដែលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព និងធ្វើទុក្ខបុកម្នេញមកលើជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក។ លោកទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោមទាំងអស់ឱ្យមានសេរីភាពឡើងវិញ និងត្រូវស៊ើបអង្កេតឱ្យបានត្រឹមត្រូវករណីមុខរបួសនៅលើផ្ទៃមុខរបស់យុវជន ថាច់ ង៉ា។
លោក សឺន យឿង៖ «ពីដើមមករហូត វៀតណាមតែងធ្វើទុក្ខបុកម្នេញខ្មែរកម្ពុជាក្រោមយើង ព្រោះខ្មែរកម្ពុជាក្រោមយើងសំអាងខ្លួនថាជាម្ចាស់ទឹកម្ចាស់ដី ហើយក្នុងការរួមចំណែកតស៊ូសិទ្ធិសេរីភាពទាមទារឯករាជ្យពីអាមេរិក ពីបារាំង ក្នុងនោះក៏មានខ្មែរក្រោមចូលរួមដែរ ប៉ុន្តែមកដល់ឥលូវនេះរដ្ឋាភិបាលវៀតណាមបានរើសអើងខ្មែរក្រោម ធ្វើទុក្ខបុកម្នេញមកដល់សិទ្ធិសេរីភាព ទើបខ្មែរក្រោមយើងមិនសប្បាយចិត្តចំពោះករណីដែលរដ្ឋាភិបាលវៀតណាមបានធ្វើមកលើជនជាតិខ្មែរនៅកម្ពុជាក្រោម»។
ជនជាតិវៀតណាមបានចូលទន្ទ្រានលើទឹកដីកម្ពុជាក្រោមតាំងពីដើមសតវត្សរ៍ទី១៧។ ចលនាតស៊ូរបស់ខ្មែរក្រោមដើម្បីការពារទឹកដី និងសេរីភាពបានកើតមានឡើងតាំងពីសម័យលោកឧកញ៉ា សឺន គុយ នៅពាក់កណ្តាលសតវត្សរ៍ទី១៩ បន្តជាហូរហែរហូតមកដល់ពេលបច្ចុប្បន្ន។ សព្វថ្ងៃនេះ មានព្រះសង្ឃចំនួន ៥ អង្គ និងសកម្មជនខ្មែរក្រោមចំនួន ៧រូបត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងឃុំខ្លួនក្នុងពន្ធនាគារ។ ពួកគាត់ត្រូវបានតុលាការវៀតណាមកាត់ទោសដោយសារតែបានផ្សព្វផ្សាយសៀវភៅសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ និងបញ្ចេញមតិទាមទារសេរីភាពសម្រាប់ខ្មែរក្រោម។
ទាក់ទងនឹងរឿងនេះដែរ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្សអ្នកស្រី ម៉ារី ឡឡូ (Mary LawLor) បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ វិច្ឆិកា ដោយទទូចឱ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមម្ចាស់ស្រុក និងទាមទារឱ្យវៀតណាមត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម។ ចំណែកអង្គការប្រជាជននៃប្រជាជាតិគ្មានតំណាង (UNPO) ដែលមានសហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិក ក៏បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោមទាំងអស់ឱ្យមានសេរីភាពឡើងវិញ ខណៈដែលអង្គការសាមគ្គីភាពគ្រិស្តសាសនាអន្តរជាតិ (CSW) ចាត់ទុកករណីចាប់ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមនេះ ជារូបភាពនៃការគាបសង្កត់របស់វៀតណាមមកលើជនជាតិដើមខ្មែរក្រោមដែលកំពុងប្រឈមនឹងការរើសអើងជាប្រព័ន្ធ ការរឹតត្បិតផ្នែកវប្បធម៌ សេរីភាពបញ្ចេញមតិ សេរីភាពជួបប្រជុំ និងសេរីភាពប្រតិបត្តិជំនឿសាសនា។
បច្ចុប្បន្ន ប្រទេសវៀតណាមដែលមានកំណត់ត្រាអាក្រក់ក្នុងផ្នែករំលោភសិទ្ធិមនុស្ស ត្រូវបានគណៈកម្មការអន្តរសាសនាសហរដ្ឋអាមេរិកដាក់ចំណាត់ថ្នាក់ជាប្រទេសនៃការព្រួយបារម្ភពិសេស (Country of Particular Concerns-CPC) ផ្នែករំលោភសេរីភាពជំនឿប្រតិបត្តិសាសនាធ្ងន់ធ្ងរ។ ស្នងការនៃគណៈកម្មការអន្តរសាសនាសហរដ្ឋអាមេរិកលោក ស្ទីហ្វឺន ស្នែក (Stephen Schneck) សង្កត់ធ្ងន់នៅលើបណ្ដាញសង្គម X នៅថ្ងៃទី២៥ វិច្ឆិកាថា ការរំលោភបំពានសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាមទៅលើព្រះសង្ឃ និងសកម្មជនខ្មែរក្រោមនៅពេលនេះ គឺជាភស្តុតាងរឹងមាំបន្ថែមទៀតគាំទ្រទៅដល់ការអំពាវនាវរបស់ស្ថាប័នមួយនេះ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ (Donald J. Trump) ដាក់ប្រទេសវៀតណាមទៅក្នុងបញ្ជីនៃប្រទេសព្រួយបារម្ភពិសេស (CPC) របស់សហរដ្ឋអាមេរិក៕








