«អឺរ៉ុបនឹងយក​បញ្ហា​សេរីភាព​សារព័ត៌មាន និង​រំលោភ​សិទ្ធិមនុស្ស​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត»

0
20
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

សមាជ​សេរីភាព​ពិភពលោក World Liberty Congress (WLC) និង​អ្នកនយោបាយ​បក្ស​ប្រឆាំង ទទូច​ឱ្យ សហភាព​អឺរ៉ុប​លើកយក​បញ្ហា​គាបសង្កត់​សេរីភាព​សារព័ត៌មាន និង​រំលោភ​សិទ្ធិមនុស្ស មក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺណែវ និង​ទីក្រុង​ព្រុចសែល ក្នុង​សប្តាហ៍​នេះ។ ពួកគេ​ថា សហភាព​អឺរ៉ុប​នឹង​បាត់​តម្លៃ​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ​ជា​សកល បើ​មិន​ជជែក​បញ្ហា​ទាំងនេះ​ជាមួយ​លោក ហ៊ុន ម៉ាណែត។

បើ​ទោះជា​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​ជាតិ​ជា​ច្រើនដង​ក្នុង​ពេល​យោធា​ថៃ​ឈ្លានពាន​ក្តី អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​បន្ត​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកមាន​មតិផ្ទុយ ជាហេតុ​ជំរុញ​ឱ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ អន្តរជាតិ និង​បក្ស​ប្រឆាំង​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា បើ​ទោះជា​ស្ថានភាព​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​ហាក់​ស្ថិត​ក្នុង​សភាព​មិនសូវ​មាន​សណ្តាប់ធ្នាប់​ក្តី លោក​ជឿជាក់​ថា សហភាព​អឺរ៉ុប​នៅតែ​លើកយក​បញ្ហា​គាបសង្កត់​លើ​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិមនុស្ស និង​ការ​បញ្ចេញ​មតិ មក​ពិភាក្សា​ជាមួយ​លោក​ហ៊ុន ម៉ាណែត បើ​មិន​ដូច្នេះ​ទេ លោក​ថា សហភាព​អឺរ៉ុប​នឹង​បាត់​តម្លៃ​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជា​សកល។

ទោះជា​យ៉ាងណា លោក គឹម សុខ បញ្ជាក់​ថា សហភាព​អឺរ៉ុប​ហាក់​នៅ​ថ្នមចិត្ត​រដ្ឋាភិបាល​របស់​លោក​ហ៊ុន ម៉ាណែត សិន ប៉ុន្តែ​ប្រសិនបើ​ពេលណា​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បង្ហាញ​ភាព​ក្លាហាន​ប្តូរ​ក្រុម​គ្រួសារ​ហ៊ុន​ចេញពី​អំណាច លោក​ជឿ​ថា ពេលនោះ​សហភាព​អឺរ៉ុប​នឹង​ប្រកាស​ផ្តាច់​ចំណង​ជាមួយ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ពីព្រោះ​សហភាព​អឺរ៉ុប​គាំទ្រ​ប្រជាធិបតេយ្យ និង​មិន​ចង់​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​បែប​ផ្ដាច់ការ​នោះ​ឡើយ។

លោក គឹម សុខ៖ «បើ​សហភាព​អឺរ៉ុប​មិន​និយាយ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​សារព័ត៌មាន​និង​ការរំលោភ​សិទ្ធិមនុស្ស​ជាមួយ​លោក ហ៊ុន ម៉ាណែត ទេ មានន័យថា​ទី​១​សហភាព​អឺរ៉ុប​បាត់​ភាពជា​ខ្លួនឯង​រឺ​ក៏​បាត់​ភាពជា​ជើងឯក​អំពី​ការ​ការពារ​សេរីភាព​សារព័ត៌មាន ការគោរព​សិទ្ធិមនុស្ស​ហើយនឹង​លទ្ធិប្រជាធិបតេយ្យ​ហើយ។ ទី​២ វា​ទៅជា​ទឹកដី​អឺរ៉ុប​ក្លាយទៅជា​ទីលាន​ស្រូប​យក​មុខមាត់​ការទូត​របស់​មេដឹកនាំ​ផ្ដាច់ការ​នៅ​តំបន់​អាស៊ី​ទី​វិញ»។

ការ​អះអាង​របស់​អ្នកនាំពាក្យ​រូប​នេះ​បន្ទាប់​ពី សមាជ​សេរីភាព​ពិភពលោក World Liberty Congress (WLC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់​កម្ពុជា​កំពុងតែ​រង​នូវ​ការគាបសង្កត់​កាន់តែ​ខ្លាំង​ឡើង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ត្រូវ​បាន​ចាប់ខ្លួន ឬ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​របស់​ពួកគេ​លើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ជា​ផលប្រយោជន៍​សាធារណៈ​។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ញុះញង់​និង​រំលោភ​លើ​ឯកជន​ភាព ជាដើម​ក្នុង​ចេតនា​បំភិតបំភ័យ និង​បំបិទមាត់​អ្នកសារព័ត៌មាន​ស៊ើបអង្កេត។

សមាជ​សេរីភាព​ពិភពលោក អះអាង​ថា រដ្ឋាភិបាល បង្កើត​យុទ្ធនាការ​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួមទាំង​ការ​យាយី​តាមផ្លូវ​តុលាការ និង​ការ​បិទ​ការិយាល័យ​សារព័ត៌មាន​ដោយ​បង្ខំ​។ ដូច្នេះ​ពួកគេ​ថាបើ​សហភាព​អឺរ៉ុប​អនុញ្ញាត​ឱ្យ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ជាមួយ​លោក ហ៊ុន ម៉ាណែត ដំណើរការ​ទៅមុខ​ដោយ​មិន​ដោះស្រាយ​ការរំលោភ​ទាំងនេះ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្តេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ដែល​តែងតែ តាំងខ្លួន​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជាស​កល​។ ពួកគេ​បញ្ជាក់​បន្ថែម​ថា ភាព​ស្ងៀមស្ងាត់​នៅ​ចំពោះមុខ​ការគាបសង្កត់​នឹង​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​យល់ព្រម​ដោយ​សម្ងាត់​ជាមួយ​ជន​ផ្ដាច់ការ​។ ផ្ទុយទៅវិញ សកម្មភាព​ច្បាស់លាស់ និង​ជា​សាធារណៈ នឹង​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ក្នុង​ការ​ការពារ​សេរី​ភាពជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក​។​

ការ​អះអាង​នេះ ខណៈ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​លោក​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) ជា​លើកដំបូង ដែល​បង្កើត​ឡើង​ដោយ​លោក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ លោក ហ៊ុន ម៉ាណែត នឹង​បន្ត​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប ដូចជា​ប្រទេស​ស្វីស និង​បែលហ្សិក​ជាដើម រហូតដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦។

ទាក់ទង​ទៅ​និង​ការគាបសង្កត់​កាន់តែ​ខ្លាំង​ឡើង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់​កម្ពុជា អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​លេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេស​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២៥ ដែល​ជា​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ពី​ចំណាត់ថ្នាក់ ១៥១ កាលពី​ឆ្នាំ​២០២៤ ដែល​ចំណាត់ថ្នាក់​នេះ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែ​យ៉ាប់យ៉ឺន​។ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១១​ប្រទេស កម្ពុជា​មាន​ចំណាត់ថ្នាក់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​ដែល​ស្ថិត​ចំណាត់ថ្នាក់​ទី​១៦៩ និង​វៀតណាម​ដែល​ស្ថិតនៅ​លេខ​រៀង​ទី​១៧៣៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ