

ក្រោយពីដាក់ញត្តិនៅស្ថានទូតអាមេរិកដើម្បីទាមទារឱ្យប្រទេសមហាអំណាចនាំចេញអាវុធមួយនេះបញ្ឈប់ការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ក្រុមយុវជនប្រឆាំងសង្គ្រាមឈ្លានពានថៃ ប្រកាសប្រមូលផ្ដុំដើរដាក់ញត្តិសាជាថ្មី នៅតាមស្ថានទូតបរទេសទាំងអស់នៅរាជធានីភ្នំពេញ ដើម្បីស្នើសុំអន្តរាគមន៍បញ្ឈប់ការឈ្លានពានយ៉ាងកម្រោល និងអមនុស្សធម៌របស់ថៃមកលើកម្ពុជា។
សកម្មជនប្រឆាំងការឈ្លានពានរបស់ថៃ លោក អ៊ុង សេរីវុទ្ធ សរសេរលើហ្វេសប៊ុកដោយភ្ជាប់លិខិតជូនដំណឹងនៅថ្ងៃទី២៦ ធ្នូ ថា បណ្ដាញពលរដ្ឋប្រឆាំងការឈ្លានពានរបស់ថៃ នឹងប្រមូលផ្ដុំតវ៉ាដាក់ញត្តិនៅតាមស្ថានទូតបរទេសទាំងអស់ និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍ជាបន្ទាន់ឱ្យមានការដាក់សម្ពាធជាក់ស្ដែង និងថ្កោលទោសលើរដ្ឋាភិបាលថៃ ដើម្បីឱ្យវិលចូលតុចរចា គោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី។
លោក អ៊ុង សេរីវុទ្ធ បញ្ជាក់ថា ការដាក់ញត្តិសាជាថ្មីទៀត នឹងធ្វើឡើងនៅថ្ងៃទី៣០ ធ្នូ។ លោកបន្តថា នេះជាសកម្មភាពដែលពួកគេរួមគ្នាការពារជីវិតជនស៊ីវិលកម្ពុជាដែលយោធាថៃកំពុងវាយប្រហារឈ្លានពាន និងបង្កការខូចខាតដល់លំនៅឋានពលរដ្ឋ ស្ពាន ថ្នល់ វត្តអារាម សាលារៀន និងប្រាសាទបុរាណ ព្រមទាំងបណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួស ជាង ១០០នាក់ និងភៀសសឹកជាង ៦០ម៉ឺននាក់។
ទោះយ៉ាងណា លោក អ៊ុង សេរីវុទ្ធ ក៏ស្នើដល់ពលរដ្ឋឱុ្យបន្តគាំទ្រញត្តិតាមអនឡាញរបស់ពួកគេ ដើម្បីឱ្យមានសំឡេងកាន់តែច្រើន មុនដាក់ជូនទៅស្ថាប័នទាំងនោះ។

កាលពីថ្ងៃទី២២ ខែធ្នូ ក្រុមយុវជនទាំងនេះ ធ្លាប់ប្រមូលផ្តុំគ្នាលើកបដា និងដាក់ញត្តិទៅកាន់ប្រធានាធិបតីអាមេរិកនៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជាម្ដងរួចហើយ។ ពេលនោះពួកគេបានស្នើអាមេរិកឱ្យចាត់វិធានការជាក់ស្ដែង និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ និងយន្តហោះចម្បាំង F-16 ដែលយោធាថៃប្រើប្រាស់ទម្លាក់គ្រាប់បែកលើកម្ពុជា។ គិតត្រឹមថ្ងៃទី២៦ ធ្នូ យោធាថៃនៅតែបង្កើនការវាយប្រហារកាន់តែខ្លាំង តាមគ្រប់រូបភាព ពិសេសការប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដីកម្ពុជា និងបំផ្លាញផ្ទះសម្បែងនៅភូមិជោគជ័យជាដើម ទោះមានការអន្តរាគមន៍ដោយផ្ទាល់អាមេរិក ចិន និងសហភាពអឺរ៉ុបឱ្យមានបទឈប់បាញ់យ៉ាងណាក្ដី៕









