យុវជន​និង​ពលរដ្ឋ​ជំរុញ​ឱ្យ​មេដឹកនាំ​ក្រុងភ្នំពេញ​បើកផ្លូវ​រួបរួម​ជាតិ​ក្នុង​ពេល​ថៃ​កំពុង​ឈ្លានពាន

0
349
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ Photo Courtesy of RFA/Tin Zakariya

យុវជន​និង​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​គណបក្សកាន់អំណាច​គណ​បក្ស​ប្រឆាំង និង​អ្នកនយោបាយ​ក្រៅប្រទេស បើក​ការចរចា​គ្នា​រក​ការផ្សះផ្សា​ជាតិ​ឲ្យ​រឹងមាំ ដើម្បី​តតាំង​នឹង​បរទេស​ឈ្លានពាន ដោះស្រាយ​បញ្ហា​ជាតិ និង​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ពេល​យោធា​ថៃ​កំពុង​វាយប្រហារ​ឈ្លានពាន​កម្ពុជា។

ស្របពេល​ភាគី​ថៃ​កំពុង​បើក​ការវាយប្រហារ​ដោយ​កងទ័ព​ថ្មើរជើង និង​កងទ័ព អាកាស ប្រើប្រាស់​អាវុធ​ធន​ធ្ងន់ និង​យន្តហោះ​ចំបាំង​ចូល​ឈ្លានពាន បូរណភាព ទឹកដី​កម្ពុជា​យុវជន និង​ពលរដ្ឋ​ខ្មែរ​ទូទៅ បាន​អំពាវនាវ​ឲ្យ​មានការ​ផ្សះផ្សា​បង្រួប បង្រួម​ជាតិ​និង​រួមគ្នា​ដោះស្រាយ​វិបត្តិ​ជាតិ។

យុវជន​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​សំណូមពរ​ឲ្យ​គណបក្ស​កាន់អំណាច ជជែក​ជាមួយ​អ្នក​នយោបាយ​ក្រៅប្រទេស បើក​សេរីភាព​ឲ្យ​គណបក្សប្រឆាំង និង ដោះលែង​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ ដើម្បី​បើកផ្លូវ​រក​ការ ផ្សះផ្សា​ជាតិ​តទល់​នឹង​បរទេស​ឈ្លានពាន។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​គាត់​ថយក្រោយ​មួយ​ជំហាន​ក្នុង​ការ​ទទួលយក ឬ​ក្នុង​ការ​សម្របសម្រួល​បង្រួបបង្រួម​បក្ស​ប្រឆាំង ឬក៏​អ្នក​ដែល​នៅ​ក្រៅ​ប្រទេស​ដែល​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ ដើម្បី​តស៊ូ​ប្រឆាំង​ជាមួយ​សត្រូវ។ ចំពោះ​ខ្ញុំ​ក្នុង​កាលៈទេសៈ​នេះ យើង​គួរតែ​ដោះលែង​សកម្មជន​ទាំង​សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ​និង​សកម្មជន​ដីធ្លី»។

យោធា​ថៃ​បាន​ចាប់ផ្ដើម​វាយប្រហារ​ឈ្លានពាន​កម្ពុជា​ជា​ថ្មី​ទៀត​ចាប់ពី​រសៀល​ថ្ងៃទី​៧ ខែ​ធ្នូ​។ ការ​ប្រយុទ្ធ​គ្នា​នេះ កំពុង​បន្ត​ក្ដៅ​គគុក។

ពលរដ្ឋ​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កាលណា​គណបក្ស​កាន់អំណាច នៅតែ​ប្រកាន់​នយោបាយ​កម្ចាត់​គណ​បក្ស​ប្រឆាំង និង​អ្នកនយោបាយ​ប្រជាធិបតេយ្យ នោះ​ប្រទេស​កម្ពុជា​គ្មាន​កម្លាំង​រឹងមាំ ក្នុង​ការ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​បរទេស​ឡើយ។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «ខ្ញុំ​គិតថា​មានតែ​ការ​រួបរួម​គ្នា​ទេ ដែល​អាច​រួម​ចំណែក​ក្នុង​ការ​ជួយ​ជាតិ​ខ្លួនឯង​បាន ទាក់ទង​នឹង​ការឈ្លានពាន​ពី​ប្រទេស​ខាងក្រៅ​ហ្នឹង។ ប្រសិនបើ​យើង​នៅតែ​បន្ត​ចាប់ខ្លួន ឬក៏​បន្ត​នៅក្នុង​បណ្ដេញចេញ​ឬក៏​ធ្វើ​អី​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​អ្នកនយោបាយ​ផ្សេងៗ ខ្ញុំ​គិតថា វា​មិន​មាន​ប្រយោជន៍​អី​ទេ ទាំង​អ្នកនយោបាយ​ក្រៅប្រទេស​ទាំងគ្រប់​គណបក្ស មានតែ​ការ​រួបរួម​គ្នា​រវាង​គណបក្ស​កាន់អំណាច ឬ​គណបក្សប្រឆាំង ឬក៏​គណបក្ស​ផ្សេងៗ​ទៀត យើង​អាច​រួមគ្នា​បាន រក​យុទ្ធសាស្ត្រ​ក្នុង​ការ​ជួយ​ជាតិ​ខ្លួនឯង​វិញ​ល្អ​ជាង»។

នៅក្នុង​សារ​ប្រកាស​វាយតប​តទៅ​លើ​យោធា​ថៃ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន មិន​បាន​ភ្លេច​និយាយ​ឌឺដង​ទៅកាន់​មនុស្ស ដែល​ធ្លាប់​រិះគន់​លោក ថា ជា​ជន​ល្មោភ​សង្គ្រាម ឬ​មិន​ហ៊ាន​តបត​ជាមួយ​ថៃ ឬក៏​ដោះដូរ​ដី​ឱ្យ​ថៃ ដើម្បី​សន្តិភាព​ជាដើម​នោះ ថា​ពួកគេ​នឹង​រិះគន់​លោក​បែប​ណា​ទៀត នៅពេល លោក​សម្រេច​វាយ​តបត​ទៅលើ​យោធា​ថៃ​វិញ​នៅ​ពេល​នេះ។

ពលរដ្ឋ​ម្នាក់​កត់​សម្គាល់​ថា គណបក្ស​កាន់អំណាច នៅតែ​មិន​ព្រម​បោះបង់ចោល ចរិត​នយោបាយ ដែល​ចាត់ទុក​គណបក្ស​ប្រកួតប្រជែង​ជាស​ត្រូវ ហើយ​នេះ ជា​ឧបសគ្គ​នៃ​ការផ្សះផ្សា​ជាតិ។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «អ្នក​ដែល​កំពុង​កាន់អំណាច​ធ្វើ​ម៉េច​ឲ្យ​តែ​រក្សា​អំណាច​ខ្លួនឯង​បាន ដោយ​អត់​ចង់​ឲ្យ​មាន​គណបក្សប្រឆាំង​មក​ជាមួយ​ទេ។ អាហ្នឹង​ជា​អ្វី​ដែល​គាត់​ព្យាយាម​ធ្វើ​កន្លង​មក។ ខ្ញុំ​គិតថា អត់​មាន​ចំណេញ​អ្វី​ដល់​ជាតិ​ទេ ក្រៅពី​បែកបាក់​សាមគ្គី​ជាតិ ហើយនឹង​ចាត់ទុក​គ្នា​ជាស​ត្រូវ»។

លោក​ថា ដើម្បី​អាច​ផ្សះផ្សា​ជាតិ​បាន​គណបក្ស​កាន់​អំណាច ក៏​ត្រូវ​បើកឱកាស ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង អាច​បង្ហាញ​សមត្ថភាព​ជួយ​ជាតិ​និង​ប្រជាពលរដ្ឋ​ដែរ ពីព្រោះ​ជាតិ គឺជា​កម្មសិទ្ធិ​សម្រាប់​ខ្មែរ​ទាំងអស់គ្នា មិនមែន​សម្រាប់​តែ​គណបក្ស​កាន់អំណាច​ផ្ដាច់មុខ​នោះ​ទេ។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​សំណូមពរ​ខ្ញុំ​សង្ឃឹមថា គណបក្ស​កាន់អំណាច​គាត់​បើកឱកាស​ឲ្យ​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​ឬក៏​អ្នក​ដែល​មាន​មនសិការ​ស្នេហា​ជាតិ​បើកឱកាស​ឲ្យ​គាត់​បង្ហាញ​ពី​អ្វី​ដែល​ជា​វិធីសាស្ត្រ​ក្នុង​ការ​ផ្សះផ្សា​ជាតិ»។

ចាប់តាំងពី​ពេល​កម្ពុជា​-​ថៃ​មាន​ជម្លោះព្រំដែន​ពលរដ្ឋ​មួយ​ចំនួន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​ឯកភាព​ផ្ទៃក្នុង​ឱ្យ​រឹងមាំ ជាពិសេស​ត្រូវ​ដោះលែង​សកម្មជន នយោបាយ​ប្រឆាំង បរិស្ថាន និង​អ្នកទោស​មនសិការ ដើម្បី​ពួកគេ​មានឱកាស​រួម ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើង​ថា គណបក្សកាន់អំណាច​គួរតែ​បោះបង់ចោល​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ និង​គ្រួសារ​បក្ខពួក​និយម។ លោក​ថា ប្រព័ន្ធ​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា ឥត​ល្ហែ​នាំ​ឲ្យ​ខ្មែរ​ខ្សោយ ហើយ​បរទេស​មិន​ខ្លាច ឈ្លានពាន​ដូច​សព្វថ្ងៃ។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «អ្វី​ដែល​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ចាប់អារម្មណ៍ តម្កល់​ជាតិ​ជាធំ ជាង​ប្រើ​អំណាច​ឬ​គេ​ហៅថា អំណាច​ផ្ដាច់ការ ពឹង​ផ្អែក​ទៅ​លើ​កណ្ដាប់ដៃ​ដែក ពឹងផ្អែក​ទៅលើ​បក្ខពួក​គ្រួសារនិយម​ពេក ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យភាព ដែល​ពេលនេះ សៀម​កំពុងតែ​ឈ្លានពាន ឬក៏​បាញ់​វាយប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើ​ឲ្យ​ខ្មែរ​ខាតបង់​ប្រយោជន៍​ហើយនឹង​ឈឺចាប់​ឥត​ល្ហែ​រហូត​លុះ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត។ គណបក្ស​កាន់អំណាច​គាត់​ដឹង​ថា ពេល​ដែល​បក្ស​ប្រឆាំង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង ប្រជាពលរដ្ឋ​មានការ​គាំទ្រ​ច្រើន​ធ្វើ​ឲ្យ​គាត់ [គណបក្ស​កាន់អំណាច​] ហ្នឹង បាត់បង់​អំណាច​របស់​គាត់។ ក្នុង​ដំណាល​កាល​នេះ គណបក្សកាន់អំណាច​តែងតែ​យល់​ខុស​យល់​ច្រឡំ​ទៅលើ គណបក្សប្រឆាំង។ គណបក្សប្រឆាំង​គឺ អ្វីៗ​គឺ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ។ គណបក្ស​ប្រជាជន​គាត់​គិតតែ​ក្រុម​គ្រួសារ បក្ខពួក​របស់​គាត់​ទៅ​យូរៗ ទៅ​បាត់បង់​ប្រជាប្រិយភាព​ខ្លួន​គាត់​។ អ៊ីចឹង​គាត់​មានតែ​ម្យ៉ាង​ប្រើ​ឥទ្ធិពល​នយោបាយ​អំណាច​អញ ក្រុម​អញ ដើម្បី​បង្ក្រាប​បន្សាប​ទៅលើ​ឥទ្ធិពល​គណបក្សប្រឆាំង​។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ក្នុងអំឡុងពេល​សង្គ្រាម​ខ្មែរ​-​ថៃ សូម​ឲ្យ​គាត់​ងាយ​មក​ចាប់អារម្មណ៍​ផ្ដល់​សិទ្ធិ​នយោបាយ​ទៅលើ​គណបក្សប្រឆាំង ហើយ​ផ្សះផ្សា​ជាតិ​ជាធំ ដើម្បី​បុព្វហេតុ​ជាធំ ដើម្បី​ផលប្រយោជន៍​ជាតិ​ជាធំ»។

អ្នកឃ្លាំមើល​លើកឡើង​ថា ការផ្សះផ្សា​ជាតិ មិន​អាច​កើតឡើង​ពី​ការ​ត្រឹមតែ​សូត្រ ទ្រឹស្ដី​ផ្សះផ្សា​ឲ្យ​ប្រជាពលរដ្ឋ​ឮ​នោះ​ទេ លុះត្រាតែ​អ្នកកាន់អំណាច​ចេះ​ចាប់ផ្ដើម បង្ហាញ​ចេតនា​រក​ការ​ជជែក​គ្នា​ជាក់ស្ដែង និង​ជាពិសេស​ដោះលែង​អ្នកទោស នយោបាយ អ្នកទោស​មនសិការ ជាបឋម ធ្វើជា​មូលដ្ឋាន​បង្ហាញ​ជំហាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ