ជនភៀសសឹក​នៅ​តាម​ខេត្ត​ខ្លះ កំពុង​ជួប​ទុក្ខ​លំបាក ខណៈ​កុមារ​ប្រឈម​នឹង​ជំងឺឆ្លង​ព្រោះ​ខ្វះ​អនាម័យ

0
43
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

ជនភៀសសឹក​រស់នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ​ខ្លះ កំពុង​ជួប​ទុក្ខ​លំបាក ដោយសារតែ​ខ្វះ​ស្បៀង អគ្គិសនី និង​ទឹក​ស្អាត​ប្រើប្រាស់ ខណៈ​ដែល​កុមារ​ប្រឈម​នឹង​ជំងឺឆ្លង​ក្អួតចង្អោរ ព្រោះ​ការរស់នៅ​តាម​ជំរំ មាន​ភាព​ចង្អៀត និង​ខ្វះ​អនាម័យ​។ ទន្ទឹមគ្នា​នោះ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​ព្រោះថា ករណី​នេះ​វា​បាន​កើតឡើង អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

ថ្វី​ត្បិត​ថា សង្គ្រាម​កម្ពុជា​-​ថៃ បាន​ផ្អាក​អស់​រយៈ ជាង​២​សប្ដាហ៍​មក​ហើយ​ក្ដី ជនភៀសសឹក​ខ្មែរ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ រាប់ពាន់​គ្រួសារ នៅ​មិនទាន់​អាច​ត្រឡប់ ចូល​ភូមិកំណើត​វិញ ដើម្បី​ប្រកបមុខរបរ​ដូចដើម​បាន​នៅឡើយ ព្រោះ​អ្នកខ្លះ​ដី​និង ផ្ទះសម្បែង​ត្រូវ បាន​ពួក យោធា​ថៃ រំលោភ​យក​អស់​។ រីឯ​អ្នក​ខ្លះទៀត ពួកគាត់ មានផ្ទះ​នៅ​ជាប់​តំបន់​ក្រហម ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ពី​ការ​ផ្ទុះ​អាវុធ​ជាថ្មី ទើប​ពួកគាត់ ត្រូវ​បន្ត​រស់​នៅ​ក្នុង​តង់​កៅស៊ូ ទាំង​ជីវភាព​លំបាក ខណៈ​ដែល​កុមារ​ភាគច្រើន បាត់បង់​ឱកាស​រៀនសូត្រ និង​ប្រឈម​ជំងឺឆ្លង ព្រោះ​ខ្វះ​អនាម័យ។

ពលរដ្ឋ​រស់នៅ​ខេត្ត​ឧត្តរមានជ័យ លោកស្រី អូត ផារុន ប្រាប់ អាស៊ីសេរី​នៅ​ថ្ងៃទី៩ ខែ​មករា​ថា ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​ជនភៀសសឹក ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ មាន​ជិត ៣​ពាន់​គ្រួសារ ហើយ​ឥឡូវ​មាន​ពលរដ្ឋ​តិចតួច បាន​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ ក្រោយ​ប្រទេស​ទាំង​ពីរ​បាន​ផ្អាក​បាញ់​គ្នា។ ចំណែក​គ្រួសារ​លោកស្រី​មិនទាន់​អាច​ទៅ​ភូមិកំណើត​វិញ​បាន​ទេ ព្រោះ​ស្ថានភាព តាម​ព្រំដែន មិនសូវ​ល្អ​ខ្លាច​ផ្ទុះអាវុធ​ជាថ្មី។

លោកស្រី​បន្ត​ថា ពលរដ្ឋ​រស់នៅ​ក្នុង​ជំរំ​ភៀស​សឹក ជួប​ផល​លំបាក​ជាច្រើន ព្រោះថា ជនភៀសសឹក មាន​ចំនួន​ច្រើន ខណៈ​កន្លែង​ទទួល​ជនភៀសសឹក​មាន​ទំហំ​តូច។ ជាពិសេស​នោះ បញ្ហា​កង្វះ​ទឹក​ស្អាត អគ្គិសនី និង បង្គន់​អនាម័យ ជាដើម គឺជា​បញ្ហា​ចម្បង ដែល​ធ្វើ​ឱ្យ​ជនភៀសសឹក​ពិបាក​រស់​នៅ ។ ទន្ទឹមគ្នា​នោះ លោកស្រី​ថា ស្ថានភាព​ត្រជាក់​បែបនេះ មនុស្ស​ចាស់ជរា និង កុមារ ភាគច្រើន មាន​ជំងឺ​ផ្ដាសាយ ឆ្លង​ពី​មួយ​ទៅ​មួយ រហូត​កុមារ​ខ្លះ មាន​អាការៈ ក្អួត​ចង្អោរ។

លោកស្រី អូត ផារុន៖ «ជួប​ទុក្ខ​លំបាក​បញ្ហា​ច្រើនណាស់​លោកគ្រូ​អើយ​!..​ទី​១​អត់​ភ្លើង​។ ភ្លើង​ពួកគាត់​ត អត់​ទាន់​បាន​ប្រើ​គ្រប់គ្នា​ព្រោះ​អី​ជនភៀសសឹក​យើង​ច្រើន​។ ទី​២ បន្ទប់ទឹក​អនាម័យ​វា​អត់​គ្រប់​។ ទី​៣ យើង​រស់នៅ​ក្នុង​ជំរំ​យូរ​ទៅ កូនក្មេង​ចាប់ពី​អាយុ​១០​ឆ្នាំ​ចុះ​គាត់​ឆ្លង​ជំងឺ​ក្អួត​រាគ ជំងឺ​ក្អួត គ្រុនក្ដៅ»។

លោកស្រី អូត ផារុន ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ជនភៀសសឹក ហើយ​ដោះស្រាយ​បញ្ហា ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ជូន​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​ឱ្យ​ពួកគាត់ អាច​ប្រកប​មុខរបរ​ចិញ្ចឹម​ដូច​ដើម​ឡើងវិញ។

លោកស្រី អូត ផារុន៖ «ខ្ញុំ​សំណូម​ទៅកាន់​ខាង​ថ្នាក់ដឹកនាំ នាយករដ្ឋមន្ត្រី​សូម​ឱ្យ​ពួកគាត់​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ទៅ​នៅផ្ទះ​វិញ​ដដែល។ ពួក​ខ្ញុំ មាន​ផ្ទះ តែ​ពួកគាត់​ដែល​ត្រូវ​បាន​ពួក​ថៃ​យក​ដី យក​ផ្ទះ​អស់ សូម​អាជ្ញាធរ ថ្នាក់ដឹកនាំ​ទាំងអស់​ឱ្យ​ជួយ​ដោះស្រាយ​ចែក​ពួកគាត់​នៅ​ផង ព្រោះ​អី​ពួកគាត់​អត់​មានផ្ទះ​នៅ អត់​មាន​ស្រែ​ធ្វើ​ទេ។ និយាយ​រួម​ទៅ​ពួកគាត់​អត់​មានអី​ទេ​ពឹង​ទេ បើ​ខាង​រដ្ឋាភិបាល​យើង អត់​ជួយ​ដោះស្រាយ​ឱ្យ​គាត់»។

ចំណែក​ពលរដ្ឋ​រស់នៅ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ លោកស្រី ឡេ កូនអ៊ី លើកឡើង​ថា ចាប់តាំងពី​យោធា​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ នៅ​តាម​ព្រំដែន រួម​នឹង នៅ​តំបន់​បឹង​ត្រកួន ផ្ទះ​លោកស្រី ត្រូវ​បាន​ពួក​យោធា​ថៃ បំផ្លិច​បំផ្លាញ​ចោល​អស់។ ជាមួយគ្នា​នោះ លោកស្រី​ថា បើ​ទោះ​បី​ពេល​នេះ មាន​សប្បុរសជន បរិច្ចាគ​អំណោយ​ដល់​ជនភៀសសឹក​បាន​ខ្លះ​ក្ដី លោកស្រី​ហាក់​ពុំ​សូវ មាន​អារម្មណ៍ កក់ក្ដៅ ឬ​សប្បាយចិត្ត​នោះ​ទេ ត្បិត​ព្រោះថា ការរស់នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ ទាំង​គ្មាន​ចំណូល​បែបនេះ មាន​ផល​លំបាក​។ ទន្ទឹមគ្នា​នោះ បញ្ហា​ទឹក​ស្អាត អនាម័យ និង​សន្តិសុខ សុវត្ថិភាព នៅ​មាន​កម្រិត ធ្វើ​ឱ្យ​លោកស្រី កាន់តែ​ស្មុគស្មាញ និង​ធុញថប់។

លោកស្រី ឡេ កូនអ៊ី៖ «ពេល​ដែល​យើង​នៅ​សព្វថ្ងៃ​នឹង​វា​អត់​មាន​ចំណូល ហើយ​យើង​មិន​ដឹង​ថា យើង​ទៅ​រស់នៅ​ទីតាំង ណា​ច្បាស់លាស់ ឬ​យើង​អាច​បាន​ដី​យើង​មកវិញ​ឬ​អត់​។ យើង​គិត​ច្រើន ព្រោះ​យើង​អត់​ដឹង​កន្លែង​ជាក់លាក់​ណាមួយ​។ អត់​ដឹង​ថា ត្រូវ​អី​របៀប​ម៉េច​។ មិន​ដឹង​ថា គាត់​មាន​ជា​សំណង ឬ​ដោះស្រាយ​ឱ្យ​យើង​វិញ​ឬ​អត់ ដល់ពេល​អ៊ីចឹង​ពិបាក»។

នៅក្នុង​ស្ថានភាព​ដ៏​លំបាក និង​គ្មាន​ភាព​ច្បាស់លាស់​នៃ​ការ​រស់នៅ របស់​ជនភៀសសឹក​នេះ គេ​សង្កេត​ឃើញ​ថា ជនភៀសសឹក​ខ្លះ ហាក់​រស់នៅ​ដោយ​អារម្មណ៍​តែល​តោល ខណៈ​ផ្ទះសម្បែង​ត្រូវ​ខូចខាត និង អ្នកខ្លះ​បាត់បង់​ទាំង​ដីធ្លី​ជាដើម។ ករណី​នេះ​ពួកគាត់​បាន ប្រឹង​រស់នៅ​ទាំង​អារម្មណ៍​អស់សង្ឃឹម និង​ពឹង​តែ​ទៅលើ​អំណោយ​ពី​សប្បុរសជន។ ចំណែក​ពលរដ្ឋ​ខ្លះទៀត ដែល​មាន​សាច់ញាតិ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ពួកគាត់​សម្រេចចិត្ត ទៅ​រស់នៅ​ទីនោះ ដើម្បី​ចាប់ផ្ដើម​ជីវិត​ជាថ្មី ទាំង​ដែល​មិន​ទទួល​បាន​ជំនួយ​សង្គម ឬ​សំណង​ពី​រដ្ឋាភិបាល​សោះ។

រីឯ ពលរដ្ឋ​ខ្លះទៀត​ដែល​គ្មាន​សាច់ញាតិ រស់​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ពួកគាត់​បាន​ត្រឹម​បង្ខំចិត្ត ទ្រាំ រស់នៅ​ក្នុង​ជំរំ​ជនភៀសសឹក ដោយ​រំពឹង​ថា ថ្ងៃ​ណាមួយ​រដ្ឋាភិបាល នឹង​ទាមទារ​ដី​ពី​ថៃ​មកវិញ ឬ ប្រសិនបើ ទាមទារ​ពី​ថៃ​មិនបាន ពួកគាត់​រំពឹង​ថា រដ្ឋាភិបាល​នឹង​ចែក​ដី​ខ្លះ ដើម្បី​ឱ្យ​ពួកគាត់ អាច​ចាប់ផ្ដើម​ជីវិត​ថ្មី ទៅតាម​ការរៀបចំ​របស់​រដ្ឋាភិបាល។ យ៉ាងណា អ្នកឃ្លាំមើល​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​ហាក់​គ្មាន​សកម្មភាព​ណា​ដែល លេចធ្លោ ក្នុង​ការ​ទាមទារ​ដី​ពី​ភាគី​ថៃ​សោះ បើ​ទោះ​ជា​ពលរដ្ឋ​កំពុង​តែ​រក​ទុក្ខ​លំបាក និង​ដេក​មិន​លក់​ព្រោះតែ​គ្មាន​ទីជម្រក​ក្ដី។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី៩ ខែ​មករា។ ចំណែក​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ លោក ម៉េត មាសភក្ដី ក៏​មិនអាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា មេភូមិ​ត្រពាំង​សំរោង ស្រុក​ថ្មពួក លោក រ៉ង សារឿត ដែល​ជួយ​មើល​ការខុសត្រូវ ជនភៀសសឹក ក្នុង​តំបន់​បឹង​ត្រកួន ប្រាប់​អាស៊ីសេរី​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ ក្នុងភូមិ​ចំនួន ៤​គឺ ភូមិ​បន្ទាយមានរិទ្ធ ភូមិ ថ្នល់បំបែក ភូមិ​សាមគ្គី និង ភូមិ ត្រពាំង​សំរោង ក្នុង​តំបន់​បឹង​ត្រកួន ពួកគាត់ មិនអាច​ទៅ​រស់នៅ​ក្នុង​ភូមិកំណើត​វិញ​បានទេ ព្រោះ​ថៃ​កំពុងតែ កាន់កាប់។ លោក​ថា បច្ចុប្បន្ន ផ្ទះ​របស់​អ្នកភូមិ ត្រូវ​បាន​ពួក​ថៃ​បំផ្លិច​បំផ្លាញ​ចោល​ស្ទើរតែ​ទាំងអស់ ខណៈ រដ្ឋាភិបាល​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​បែប​ណា​នោះ​ទេ។ បន្ថែម​ពី​នោះ លោក​ថា ផល​លំបាក​របស់​ជនភៀសសឹក ដូចជា​បញ្ហា​ទឹក ភ្លើង និង​អនាម័យ អាជ្ញាធរ​កំពុងតែ​ដោះស្រាយ។

លោក រ៉ង សារឿត៖ «សម្រាប់​យើងខ្ញុំ​ឈឺចាប់​ណាស់។ ទ្រព្យសម្បត្តិ​ផ្ទះសម្បែង យើងខ្ញុំ​ទាំងអស់គ្នា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បឹង​ត្រកួន​នៅក្នុង​៤​ភូមិ​នេះ គឺ​យើង​ទទួលយក​មិនបាន​ទេ ដោយ​អំពើ​ឃោរឃៅ​របស់​ជនជាតិ​ថៃ ដែល​បាន​បំផ្លិចបំផ្លាញ​។ តំបន់​បឹង​ត្រកួន​នេះ មិនមែន​ជា​តំបន់​ជម្លោះ»។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក រស់ សុដ្ឋា លើកឡើង​ថា ការ​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក របស់​ជនភៀសសឹក និង​បញ្ហា​ខ្វះខាត​ផ្សេងៗ នេះ​ជា​រឿង​ដែល​អាជ្ញាធរ​​ត្រូវ​យកចិត្តទុកដាក់ ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ លោក​ថា បញ្ហា​ជនភៀសសឹក​នេះ បាន​កើត​មាន​ជាង ១​ខែ​ហើយ ដូច្នេះ អាជ្ញាធរ​គួរតែ​មាន​ពេល​គ្រប់គ្រាន់ ក្នុង​ការ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព។ ទន្ទឹមគ្នា​នោះ លោក​ទទូច​ឱ្យ​អាជ្ញាធរ គួរតែ​សហការ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ការ​ជួយ​ដល់​ជនភៀសសឹក ជាពិសេស បញ្ហា​ទីជម្រក អនាម័យ ទឹក​ស្អាត និង ថ្នាក់រៀន​សម្រាប់ កុមារ​ដើម្បី​ឱ្យ​កុមារ​ទាំង​នោះ​បាន​រៀនសូត្រ​បណ្ដោះអាសន្ន និង​ថែទាំ​សុខភាព កុំ​ឱ្យ​មាន​ជំងឺឆ្លង ផ្សេងៗ ដែល​បង្ក​ផល​ប៉ះពាល់ ដល់​រាងកាយ និង​សុខភាព ផ្លូវចិត្ត​កុមារ។

លោក រស់ សុដ្ឋា៖ «ការរៀបចំ​ជា​ជំរំ​ជនភៀសសឹក​ឱ្យ​បាន​សមរម្យ ត្រូវ​មាន​ជម្រក​ឱ្យ​ល្អ​ប្រសើរ​ទឹក​ស្អាត​។ ឧបករណ៍​សម្រាប់​ផ្ដល់​នូវ​ទឹក​ស្អាត​ដូចជា​ធុង​សម្រាស់​អណ្ដូង​ជាដើម។ រៀបចំ​សេវា​សុខភាព ការអប់រំ​សម្រាប់​កុមារ ហើយ​បើ​អាច​ធ្វើ​ទៅ​បាន អាជ្ញាធរ​គួរ​គិត​ដែរ អំពី​ការ​រក​ប្រាក់ចំណូល ដើម្បី​ចិញ្ចឹមជីវិត​ក្នុង​ជំរំ ជា​មុខរបរ​ណាមួយ​ដែល​ពួកគាត់​អាច​ធ្វើ​បាន នៅ​ពេល​ដែល​គាត់​ស្នាក់នៅ​ក្នុង​ជំរំ»។

ទន្ទឹមគ្នា​នោះ អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ ថា រដ្ឋាភិបាល គួរតែ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ជម្រក​ថ្មី​សម្រាប់​ពលរដ្ឋ​ដែល​បាត់បង់ ផ្ទះសម្បែង និង​មិនអាច​ត្រឡប់​ទៅ​រស់នៅ​កន្លែង​ដើម​បាន​ភ្លាមៗ ដូចជា ការរៀបចំ​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ការ​បែងចែក​ដីធ្លី​ថ្មី​ដែល​មាន​សុវត្ថិភាព ឆ្ងាយ​ពី​តំបន់​មាន​ជម្លោះ​។ ពួកគាត់ ថា ការ​ធ្វើ​បែបនេះ ចំពោះ​គ្រួសារ​ដែល​រងគ្រោះ ដើម្បី​ឱ្យ​ពួកគាត់​មាន​កន្លែង​សង់ផ្ទះ និង​បង្ក​បង្កើនផល​ឡើងវិញ​។ បន្ថែម​ពី​នោះ រដ្ឋាភិបាល ត្រូវ​មាន​ការ​គាំទ្រ​ផ្នែក​ជីវភាព និង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ឱ្យ ពលរដ្ឋ​អាច​ចាប់ផ្ដើម មុខរបរ​កសិកម្ម​នៅ​លើ​ដី​ថ្មី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ