
អ្នកតាមដានភូមិសាស្ត្រនយោបាយ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើនសកម្មភាពការទូត និងយុទ្ធសាស្ត្រចម្រុះផ្សេងៗរួមទាំងការប្រើយន្តការបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់រហ័សដោយផ្អែកទៅលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពកម្ពុជាពីការឈ្លានពានរបស់យោធាថៃ។ ការជំរុញបែបនេះ គឺបន្ទាប់ពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ បានកម្ទេចបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត នៅតំបន់បឹងត្រកួន និងជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដែលថៃបានកាន់កាប់ខុសច្បាប់ក្រោយបទឈប់បាញ់។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា បើសិនជាសកម្មភាពនៃការរំលោភបំពាននៅតែបន្តកើតមានដូចជាការរាយ លួសបន្លា ឫក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចូលទឹកដីខ្មែររដ្ឋាភិបាលចំបាច់ត្រូវមានយុទ្ធសាស្ត្រចម្រុះខ្លាំងជាងការផ្ញើរត្រឹមតែក្រដាសស្នាម។
លោក សេង វណ្ណលី បន្ថែមថា កាផ្ញើរលិខិតនេះគឺជាយន្តការផ្លូវការនិងជាជំហានដំបូងបំផុតនៅក្នុងច្បាប់អន្តរជាតិដើម្បីរក្សាទុកជាភស្តុតាងបង្ហាញថាកម្ពុជាមិនដែលបោះបង់អធិបតេយ្យភាព រឺក៏ទទួលយកការរំលោភបំពានណាមួយពីភាគីថៃនោះឡើយ។ លោកថា លិខិតតវ៉ាទាំងនេះមិនមែនជារូបភាពនៃភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគឺជាការកសាងមូលដ្ឋានគ្រឹះនៃសំណុំរឿងផ្លូវច្បាប់យ៉ាងរឹងមាំ។
អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ អះអាងថា វិធានការដែលល្អជាងនេះ ហើយនឹងមានប្រសិទ្ធភាពយូរអង្វែងគឺជំរុញយន្តការបោះបង្គោលព្រំដែនឲ្យបានឆាប់រហ័សដោយផ្អែកទៅលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិនិងការប្រើប្រាស់កំលាំងច្បាប់អន្តរជាតិឲ្យអស់លទ្ធភាព។
លោក សេង វណ្ណលី៖ «នៅក្នុងករណីកិច្ចការចរចាទ្វេភាគីមិនអាចដោះស្រាយបានភាគីថៃនៅតែបំពានកិច្ចព្រមព្រៀងដែលមានស្រាប់ កម្ពុជាមានសិទ្ធិពេញលេញក្នុងការលើកយកបញ្ហានេះទៅកាន់យន្តការតំបន់ដូចជាអាស៊ាន រឺយន្តការសកលតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិជាដើម ដើម្បីសុំការសម្រេចចិត្តដែលសន្និដ្ឋានជាស្ថាពរនិងមានកំលាំងបង្ខំតាមផ្លូវច្បាប់»។
ការយល់ឃើញនេះ គឺបន្ទាប់ពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់បឹងត្រកួន និងជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដែលថៃបានកាន់កាប់ខុសច្បាប់។
ការតវ៉ារបស់ក្រសួងការបរទេសនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។ ជាមួយគ្នានេះ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះ បង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃបានជីកប្រឡាយ និងធ្វើផ្លូវមួយខ្សែ ព្រមទាំង ការចាក់ដីលុបស្រះទឹកថែមទៀត។
ក្រសួងការបរទេសអះអាងថា ទង្វើរបស់យោធាថៃ គឺបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែន ចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ទោះជាយ៉ាងណា អ្នកឃ្លាំមើល យល់ថា ការចេញលិខិតតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃនេះ គឺមិនទាន់គ្រប់គ្រាន់ឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) រួមទាំងមិនបង្កើនសកម្មភាពការទូតឲ្យបានខ្លាំងក្លាដើម្បីជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធ ឲ្យយោធាថៃ ដកកងកម្លាំងចេញពីដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាទេនោះ៕










