

អ្នកវិភាគ និងយុវជនរិះគន់ប្អូនប្រុសពៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ លោក ហ៊ុន ម៉ានី ជុំវិញគ្រោងការរៀបចំពិធី នគរសង្ក្រាន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខណៈដែលប្រទេសជាតិ កំពុងទទួលរងការឈ្លានពានទឹកដីពីសំណាក់ យោធាថៃនៅឡើយ។ ពួកគាត់ថា លោក ហ៊ុន ម៉ានី ទំនងជាចង់បិទបាំងភាពកម្សោយ របស់មេដឹកនាំ ត្រកូល«ហ៊ុន» ដែលធ្វើឱ្យទឹកដីបាត់បង់ ហើយពលរដ្ឋរាប់ម៉ឺននាក់ កំពុងតែកើតទុក្ខ ព្រោះតែគ្មានដីធ្លី និងផ្ទះសម្បែងត្រឹមត្រូវ។
កូនប្រុសពៅរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី ដែលមានតួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក ដែលតែងតែដឹកនាំ យុវជន សិល្បករ និង មន្ត្រីរាជការ ធ្វើពិធី រាំរែក សប្បាយ ក្នុងចេតនា កេងចំណេញនយោបាយ នៅស្ទើរគ្រប់កម្មវិធីបុណ្យទាន និងកម្មវិធីប្រពៃណីផ្សេងៗនោះថ្មីៗនេះ លោកប្រកាសពីគម្រោងរៀបចំពិធីនគរសង្ក្រាន្ត នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤ ដល់១៩ ខែមេសា។
យុវជន និងជាអ្នកការពារបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែមីនាថា ការគ្រោងរៀបចំពិធីនគរសង្ក្រាន្តនេះ មិនសមទំនងនោះឡើយ ខណៈទឹកដីជាច្រើន ទៅតាមព្រំដែន ត្រូវបានបាត់បង់ ហើយពលរដ្ឋរាប់សិបនាក់ កំពុងកើតទុក្ខ ដោយសារគ្មានដីធ្លី និងផ្ទះសម្បែងរស់នៅ។
លោក ម៉ា ចិត្រា៖ «មានមតិគេលើកឡើងថា អាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ុន្តែស្រុកយើងនឹងវាយ៉ាងម៉េច បើបាត់ដីប៉ុណ្ណឹងហើយ យើងនៅតែមានឱកាសជួបជុំគ្នាសប្បាយរីករាយ ជាលក្ខណៈទ្រង់ទ្រាយធំទៀត។ អ៊ីចឹងយើងត្រូវគិតលើរឿងហ្នឹង។ អ៊ីចឹងគេថា កម្ពុជាអត់មានរឿងអីផង ដូច្នេះអន្តរជាតិគេមិនចាំបាច់ខ្វល់ខ្វាយទេ អន្តរជាតិគេអាចគិតអ៊ីចឹង។ ខ្ញុំគិតថាវាមិនខាតអីនោះទេ ប្រសិនបើយើងមិនធ្វើ។ គួរណាស់យកលុយដែលចំណាយទាំងអស់នោះ ទៅជួយដល់បងប្អូនជនភៀសសឹក និងជួយដល់អ្នកដែលរងផលប៉ះពាល់ពីសង្គ្រាមរបស់ថៃនេះ ជាការល្អជាង»។
រីឯយុវតីម្នាក់ទៀត កញ្ញា ហេង គឹមសួ យល់ថា ក្នុងស្ថានភាពដែលជនភៀសសឹកកំពុងចួបការលំបាកក្នុងជីវភាព ដោយសារតែគ្មានទីជម្រកសមរម្យ ហើយប្រទេសជាតិ ក៏កំពុងញាំញី ដោយសត្រូវឈ្លានពានផងនោះ មិនគួរមានកម្មវិធីរាំលេងសប្បាយ លើគំនរទុក្ខរបស់ពលរដ្ឋ និងគ្រួសារកងទ័ពដែលពលី ក្នុងសមរភូមិនោះឡើយ។ កញ្ញាថា ការបាត់បង់ទឹកដីជារឿងដ៏ឈឺចាប់បំផុត ដែលយុវជន គួរតែមាន គំនិតជាតិនិយមខ្លះ កុំសូវគិតតែពីសប្បាយនិយមពេក។
កញ្ញា ហេង គឹមសួ៖ «ខ្ញុំគិតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ទៅលើពួកគាត់ឱ្យខ្លាំងមែនទែន ជាជាងយើងយកពេលវេលានេះទៅធ្វើនគរសង្ក្រាន្ត ដើម្បីសប្បាយរីករាយ ហើយខ្ញុំគិតថា នគរសង្ក្រាន្តនេះ វាគួរបែរទៅជាការផ្សព្វផ្សាយ ពីទុក្ខលំបាករបស់ ពលរដ្ឋ ខ្លួនឯងវិញ»។
ចំណែក អ្នកប្រើប្រាស់បណ្ដាញសង្គម លោក ឌីថេ ហូយ៉ា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក របស់លោក ដោយហៅ លោក ហ៊ុន ម៉ានី ថា«ប្អូន»។ លោកថា ប្អូនគួរតែធ្វើពិធីកាន់ទុក្ខចំពោះជាតិ ក៏ប៉ុន្តែ ប្អូន បែរជា នៅមានអារម្មណ៍ធ្វើពិធីសប្បាយៗទាំងដែលពលរដ្ឋរាប់ម៉ឺននាក់ បាត់ផ្ទះសម្បែង អស់ដី រស់នៅទាំងវេទនា ក្រោមតង់កៅស៊ូ លិចទឹក ហាលភ្លៀង ហាលថ្ងៃ ខណៈ ដួងព្រលឹងរបស់កងទ័ពពលី កំពុងតែ នៅវិលវល់ ក្នុងសមរភូមិនៅឡើយ។
លោកបន្តថា គ្រួសារកងទ័ព ទាំងនោះ អ្នកខ្លះ កំពុងតែស្ថិតក្រោមផ្ទៃមេឃងងឹត បាត់ពន្លឺ មិនដឹងថ្ងៃណាបានស្គាល់ពន្លឺនៃសេចក្ដីសុខ និងសេចក្ដីចម្រើន ឡើងមកវិញនោះទេ។ លោកថា ខណៈពេលនេះ មិនគួរសប្បាយនៅពេលឃើញ មនុស្សជុំវិញ កំពុងកើតទុក្ខនោះទេ។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. លោក ហ៊ុន ម៉ានី ថ្លែងក្នុង ជំនួបពិភាក្សា គម្រោងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ជាមួយក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី២ ខែមីនា ដោយលើកឡើងថា លោកនឹងដឹកនាំយុវជន រៀបចំ នគរសង្ក្រាន្ត នៅតាមទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជា រមណីយដ្ឋានវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ និងតាមដងផ្លូវទួលទំពូង ក្នុងគោលដៅ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទង លោក ហ៊ុន ម៉ានី និងអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ដើម្បី បញ្ជាក់បន្ថែម ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែមីនា។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា ការរៀបចំនគរសង្ក្រាន្ត របស់ លោក ហ៊ុន ម៉ានី នេះ គឺជាគំនិតឆ្កួតលីលា។ លោកថា លោក ហ៊ុន ម៉ានី ហាក់មួយថ្ងៃៗ អង្គុយរិះរកតែពីរបៀបបញ្ចូល មនោគមវិជ្ជា ឱ្យពលរដ្ឋ និងយុវជនមើលឃើញតែ ពីភាពសប្បាយ ដោយគ្មានមនសិការជាតិ និងខ្លឹមសារ។ ជាឧទាហរណ៍ ការបង្កើតទូក-ង វែងជាងគេ អន្សមយក្ស និង ក្រមាវែង ជាងគេ ជាដើម គឺគ្មានប្រយោជន៍សោះ ក្រៅតែពីបង្កប់នូវរូបភាព នយោបាយ និង ការអូសទាញ មនុស្សឱ្យស្លុង នឹងគំនិតឆ្កួតលីលា។
លោកបន្តថា លោក ហ៊ុន ម៉ានី ជាអ្នកទទួលខុសត្រូវ ចម្បងមួយរូបក្រោមបញ្ជាពីលោក ហ៊ុន សែន ក្នុងការដើរអូសទាញ និងបញ្ចូលមនោគមវិជ្ជានយោបាយខ្មៅកខ្វក់ និងពង្វក់ ពលរដ្ឋឱ្យគិតតែរឿងសប្បាយ និងបំផ្លាញខ្លួនឯង។ លោក វ៉ន់ ចាន់ឡូត ប្រាប់ទូរទស្សន៍អាស៊ីសេរីបន្ថែមថា យុវជន និងពលរដ្ឋគួរតែប្រុងប្រយ័ត្នខ្ពស់ចំពោះមនោគមវិជ្ជានយោបាយបែបនេះ។
លោក វ៉ន់ ចាន់ឡូត៖ «ជាការបញ្ចូលមនោគមនៃគណបក្សប្រជាជនកម្ពុជា ក្នុងការអូសទាញកម្លាំងមហាជនឱ្យគិត តែរឿងសប្បាយ។ រឿងសប្បាយដែលគ្មានខ្លឹមសារ ហើយជារឿងសប្បាយដែលបង្កប់នូវរូបភាពនយោបាយ ខ្មៅកខ្វក់ ដើម្បីផលប្រយោជន៍អ្នកកាន់អំណាច។ ទី៣ ជារបៀបបង្វែរ ការចាប់អារម្មណ៍របស់មហាជន ចំពោះអសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយ បញ្ហាទឹកដី និងបញ្ហានៃការឈ្លានពាន។ ជាពិសេស ការមិនអាចដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលបន្តរងគ្រោះពីអំពើឈ្លានពាន»។
បន្ថែមពីលើនោះ លោកថា នៅពេលពលរដ្ឋមិនសប្បាយចិត្តនឹងរបៀបដឹកនាំ សព្វថ្ងៃ លោក ហ៊ុន ម៉ានី តែងតែសកម្មក្នុងការរៀបចំព្រឹត្តិការណ៍បង្វែរការចាប់អារម្មណ៍ ឬជារបៀបយកព្រឹត្តិការណ៍ បង្ក្រាបព្រឹត្តិការណ៍ដើម្បីដាក់អន្ទាក់កម្លាំងមហាជនឱ្យបានមុន ក្រែងមានចលនាមិនពេញចិត្ត ផុសឡើងជាដើម។ លោកថា ពាក្យ “បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ” ពីរោះបំផុត និងបង្កប់នូវស្មារតីជាតិនិយម តែត្រូវបានលោក ហ៊ុន ម៉ានី កំពុងបំពុលឱ្យប្រើពាក្យ អង្គរសង្ក្រាន្ត នគរសង្ក្រាន្ត ឬពេលអនាគតអាចនឹងពាក្យ ហ៊ុន សែនសង្ក្រាន្ត និងអរគុណសន្តិភាពសង្ក្រាន្តជាដើម។ យ៉ាងណា លោកស្នើឱ្យពលរដ្ឋត្រូវតែជំរុញឱ្យលោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវ ចំពោះការបាត់បង់ទឹកដី និងបញ្ហាពលរដ្ឋបន្តរងគ្រោះ៕









