អាជ្ញាធរ​រារាំង​គណបក្ស​កម្លាំង​ជាតិ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ ដើម្បី​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

0
30
(​ពីឆ្វេង) ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ប្រធាន​យុវជន​គណបក្សកម្លាំង​ជាតិ លោក ផុន សុភា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ កាល​ពី​ថ្ងៃទី​៨ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
(​ពីឆ្វេង) ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ប្រធាន​យុវជន​គណបក្សកម្លាំង​ជាតិ លោក ផុន សុភា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ កាល​ពី​ថ្ងៃទី​៨ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​កម្លាំង​ជាតិ សោកស្តាយ​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ចាម រារាំង​មិន​ឱ្យ​ក្រុមការងារ​គណបក្ស​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដើម្បី​ដាក់​បណ្តឹង​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​។ អ្នកឃ្លាំមើល​យល់ថា អាជ្ញាធរ​រដ្ឋាភិបាល គួរតែ​ជួយ​សម្រួល​ឲ្យ​គណបក្សប្រឆាំង​ធ្វើ​សកម្មភាព​ការពារ​ផលប្រយោជន៍​ជាតិខ្មែរ ដោយ​មិន​គួរ​រារាំង​បែបនេះ​នោះ​ទេ។

ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ បង្ហាញ​ការ​ហួសចិត្ត និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ចាម បញ្ឈប់​ជាបន្ទាន់​នូវ​ការរារាំង​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ដើម្បី​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ករណី​ថៃ​ឈ្លានពាន​កម្ពុជា។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ កុម្ភៈ​ថា អាជ្ញាធរ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម បាន​រារាំង​មិន​ឲ្យ​ក្រុមការងារ​គណបក្ស​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ដើម្បី​ប្តឹង​យោធា​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​នោះ​ទេ។ លោក​យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល គួរតែ​ជួយ​សម្រួល​ឲ្យ​គណបក្ស​កម្លាំង​ជាតិ ប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​ដើម្បី​ជួយ​ការពារ​ជាតិ និង​បណ្តេញ​សត្រូវ​ឈ្លានពាន​ចេញពី​ទឹកដី​ខ្មែរ។

ការ​លើកឡើង​របស់​លោក រ៉ុង ឈុន នេះ គឺ​បន្ទាប់ពី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ លោក​វីរសេនីយ៍ត្រី សុខ ប៉ោឈីម កាល​ពី​ថ្ងៃអាទិត្យ ទី​១៥ ខែ​កុម្ភៈ បាន​កោះហៅ​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​កម្លាំង​ជាតិ​នៅ​ស្រុក​ស្រី​សន្ធរ ដើម្បី​សាកសួរ​ដំណើររឿង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​។ បន្ទាប់​មក នៅ​រសៀល​ថ្ងៃទី​១៦ ខែ​កុម្ភៈ​នេះ អភិបាលរង​ស្រុក​ស្រី​សន្ធរ​មួយ​រូប ក៏បាន​ផ្ញើ​សារ​ជា​សំឡេង​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​តាមដាន​និង​រារាំង​ជាបន្ទាន់​នូវ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ។ អភិបាលរង​ស្រុក​រូប​នេះ ចោទ​ថា ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ក្នុង​បំណង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ពី​យោធា​ថៃ​មកវិញ​នោះ គឺជា​អំពើ​ភូត​កុហក។ «»

ទោះជា​យ៉ាងណា ដោយ​មើល​ឃើញ​ថា រដ្ឋាភិបាល​ត្រកូល​”​ហ៊ុន ” មិនបាន​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ កាលពី​ថ្ងៃទី​១៩ មករា គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​អំពាវនាវ​ថា គណបក្ស​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ករណី​ថៃ​ឈ្លានពាន​កម្ពុជា។ គណបក្ស​កម្លាំង​ជាតិ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា ដើម្បី​ឲ្យ​បណ្តឹង​នេះ​មាន​ប្រសិទ្ធភាព និង ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​ឈាន​ដល់​ការស៊ើបអង្កេត​និង​វិនិច្ឆ័យ​ពី​សំណាក់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ គណបក្ស​កំពុង​រៀបចំ​សំណុំរឿង​ឯកសារ​ផ្លូវច្បាប់ ភស្តុតាង ព្រមទាំង​ការចូលរួម​ពី​សាធារណជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដោយ​គ្មាន​ប្រកាន់​និន្នាការ​នយោបាយ​។​គណបក្ស​កម្លាំង​ជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ធ្វើជា​ដើម​បណ្តឹង​ក្នុងនាម​ជា​ខ្មែរ​រងគ្រោះ​ពី​ការឈ្លានពាន និង​ការ​បង្ក​វិនាសកម្ម​របស់​របស់​ថៃ ដោយ​ត្រូវ​ចូលរួម​ផ្ដិតមេដៃ​គាំទ្រ​លើ​ពាក្យ​បណ្តឹង​របស់​គណបក្ស​ឲ្យ​បាន​ច្រើន។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក អ៊ិន ណាត មាន​ប្រសាសន៍​ថា ជា​រឿង​អាម៉ាស់​និង​សោកស្តាយ​ដែល​អាជ្ញាធរ​រារាំង គណបក្ស​កម្លាំង​ជាតិ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ប្តឹង​ថៃ ខណៈ​រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់។ លោក​ចាត់ទុកថា ទង្វើ​រារាំង​របស់​អាជ្ញាធរ​នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​ជាតិខ្មែរ​បែកបាក់ ហើយ​ខូចខាត​ប្រយោជន៍​ជាតិខ្មែរ ព្រមទាំង​បំបាក់​ស្មារតី​អ្នក​ដែល​ខំ​ក្រោកឈរ​តតាំង​នឹង​សត្រូវ​ឈ្លានពាន​ជាដើម។ «»

ក្រៅពី​គណបក្ស​កម្លាំង​ជាតិ​នេះ រដ្ឋាភិបាល​ក្រៅប្រទេស​របស់​លោក សម រង្ស៊ី ក៏បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ដើម្បី​ប្តឹង​រដ្ឋាភិបាល​ថៃ យោធា​ថៃ រួម​ទាំង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ផង​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់ និង​របួស ព្រមទាំង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង របស់​ពលរដ្ឋ​ខ្មែរ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ប្រាសាទបុរាណ​ខ្មែរ​ជាដើម។ ដោយឡែក រដ្ឋាភិបាល​ត្រកូល​”​ហ៊ុន​” មិន​ត្រឹមតែ​មិន​ប្តឹង​ថៃ​ទេ ថែមទាំង​គំរាមកំហែង បំបិទមាត់ និង​ចាប់ខ្លួន​សកម្ម​នយោបាយ អ្នកកាសែត និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់ ដោយសារតែ​ពួកគេ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ទង្វើ​ឈ្លានពាន​របស់​ថៃ​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ