

ប្រមុខការទូតកម្ពុជា និងថៃបានលើកយកជម្លោះព្រំដែន មកនិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ ភាគីកម្ពុជា បានលើកឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ ចូលក្នុងទឹកដីកម្ពុជា និងរារាំងមិនឱ្យពលរដ្ឋខ្មែរ អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន។ ចំណែកភាគីថៃ បានចោទកម្ពុជា ថាប្រឌិតរឿង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសថៃ ជុំវិញរឿងវិវាទព្រំដែន។ ក្រៅពីនេះ តំណាងភាគីប្រទេសទាំងពីរ ក៏បានលើកយកករណីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មកនិយាយផងដែរ។
បន្ទាប់ពីវាយប្រហារគ្នា នៅលើសារព័ត៌មាន និងប្រាប់តំណាងអន្តរជាតិ អំពីរឿងជម្លោះព្រំដែនរួចមក ពេលនេះប្រមុខការទូតកម្ពុជា និងថៃ បានតតាំងគ្នាដោយផ្ទាល់ហើយ។
ថ្លែងនៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា បទឈប់បាញ់ជាលើកទី២ រវាងកម្ពុជា-ថៃ ដែលធ្វើឡើងកាលពីចុងឆ្នាំ២០២៥ នៅតែមានភាពផុយស្រួយ ដោយសារយោធាថៃ បានចូលកាន់កាប់ទឹកដីកម្ពុជា កាន់តែជ្រៅ លើសពីតំបន់ ដែលភាគីថៃបានទាមទារ។
នៅក្នុងសុន្ទរកថា ជាភាសាបារាំង លោក ប្រាក់ សុខុន បានអះអាងថា នៅក្នុងភូមិមួយចំនួន នៅតាមបណ្ដោយព្រំដែនដែលយោធាថៃបានកាន់កាប់នោះ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៦សែននាក់ ត្រូវបានបណ្ដេញចេញពីផ្ទះដោយបង្ខំ ក្នុងនោះមានពលរដ្ឋជាង ៨ម៉ឺននាក់ មិនទាន់អាចវិលត្រលប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ បាននៅឡើយ។
លោកបញ្ជាក់ថា ក្នុងអំឡុងយោធាថៃ ត្រួតត្រាតំបន់របស់កម្ពុជានោះ ផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងត្រូវបានបំផ្លាញ ដោយជំនួសមកវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលយោធាថៃបានសាងសង់ ខណៈផ្លូវធ្វើដំណើរ ត្រូវយោធាថៃរាយបន្លាលួស និងទូកុងតឺន័រ បិទមិនឱ្យប្រជាពលរដ្ឋខ្មែរ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេនោះឡើយ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា រូបនេះ លើកឡើងទៀតថា ក្នុងអំឡុងមានភាពតានតឹងនោះ កម្ពុជាបានប្រកាន់គោលជំហរអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹក និងអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ តាមរយៈការប្រើប្រាស់យន្តការសន្ទនាដោយសន្តិវិធី ដើម្បីវិលទៅរកភាពប្រក្រតីវិញ។
នៅចុងបញ្ចប់សុន្ទរកថា តំណាងភាគីកម្ពុជា បានអំពាវនាវឱ្យភាគីថៃ ត្រូវគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងស្មោះត្រង់ តាមរយៈកាតដក កម្លាំងចេញពីទឹកដីកម្ពុជា ដែលជាឧបសគ្គចម្បង ចំពោះការវិលត្រឡប់របស់ជនស៊ីវិលខ្មែរទៅកាន់លំនៅឋានរបស់ពួកគេវិញ។ ជាមួយគ្នានេះ កម្ពុជាក៏បានជំរុញឱ្យប្រទេសថៃ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក។
ក្រោយពីបញ្ចប់សុន្ទរកថា របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានឡើងមកថ្លែងបន្ទាប់។
នៅក្នុងសុន្ទរកថា ជាភាសាអង់គ្លេស លោក ស៊ីហាសាក់ បានលើកឡើង ដោយការពារជំហររបស់ប្រទេសថៃ លើស្ថានភាពព្រំដែនជាមួយកម្ពុជា និងបានចោទកម្ពុជាថា បានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសថៃ តាមរយៈការប្រឌិតអង្គហេតុ។ លោកចោទទៀតថា ភាពតានតឹងរវាងកម្ពុជា និងថៃ បានកើតឡើងដោយសារកម្ពុជា បានជ្រៀតជ្រែកចូលទៅក្នុងនយោបាយរបស់ប្រទេសថៃ ជាច្រើនលើក និងបង្ករឿង ញុះញង់ ទើបបណ្តាលឱ្យមានការវាយប្រហារគ្នា ដោយមិនរើសទីតាំង រហូតធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ជនស៊ីវិល។
នៅក្នុងអង្គប្រជុំ ដែលមានតំណាងប្រទេសអន្តរជាតិមានចំនួនតិចតួចចូលរួមស្ដាប់ លោក ស៊ីហាសាក់ បានអះអាងថា ប្រទេសថៃធ្លាប់ផ្ដល់ទីជម្រកដល់ពលរដ្ឋខ្មែរ ដែលរត់គេចពីសង្គ្រាមស៊ីវិល ដូច្នេះប្រទេសថៃ គ្មានបំណងចង់ប្រឈមមុខដាក់គ្នាជាមួយកម្ពុជានោះទេ ព្រោះថៃយល់ថា សន្តិភាពរបស់ខ្លួន មិនអាចបំបែកចេញពីកម្ពុជាបានឡើយ។
ប្រមុខការទូតថៃ រូបនេះ ចោទប្រកាន់ទៀតថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ប្រទេសកម្ពុជាបានពង្រីកជម្លោះព្រំដែន ដោយអូសទាញអន្តរជាតិ ឱ្យមកជំពាក់ជំពិនក្នុងរឿងនេះ ជំនួសឱ្យការកសាងទំនុកចិត្តឡើងវិញ ក្នុងនាមជាប្រទេសជិតខាង។
ជាមួយគ្នានេះ លោកបានថ្លែងការពារសកម្មភាពរបស់យោធាថៃ ដែលកំពុងធ្វើសកម្មភាពឈ្លានពានកម្ពុជាថា ជាការអនុវត្តតាមលក្ខខណ្ឌទីពីរ នៃខ្លឹមសារក្នុងសេចក្ដីប្រកាសរួម ដែលតម្រូវឱ្យកងកម្លាំងរបស់ភាគីទាំងពីរ បន្តឈរជើងនៅលើទីតាំងបច្ចុប្បន្ន។
ក្រៅពីជជែកគ្នារឿងព្រំដែន តំណាងភាគីប្រទេសទាំងពីរ ក៏បានលើកយកករណីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មកនិយាយផងដែរ។
ក្នុងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីសមិទ្ធផលរបស់កម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅក្នុងរយៈកាលចុងក្រោយនេះ។ ចំណែកលោក ស៊ីហាសាក់ បានលើកឡើងអំពីប្រតិបត្តិការឆបោកឆ្លងដែន ថាជាវិបត្តិសិទ្ធិមនុស្សសកល ដែលបណ្ដាលមកពីនីតិរដ្ឋទន់ខ្សោយនៅក្នុងប្រទេស ជាមេបណ្ដាញឧក្រិដ្ឋកម្មនេះ ដែលលោកចងសំដៅមកលើប្រទេសកម្ពុជា។
ទាក់ទងនឹងការតតាំងគ្នានៅកម្រិតអង្គការសហប្រជាជាតិរវាងប្រមុខការទូតទាំងពីរនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការលើកឡើងរបស់លោក ប្រាក់ សុខុន មានទម្ងន់ និងភាពច្បាស់លាស់ ដែលភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្ដែង ខណៈការបកស្រាយរបស់ភាគីថៃ មានភាពផ្ទុយគ្នាស្រឡះ ពីសកម្មភាពរបស់យោធាថៃ។ លោកថា ថៃដែលមានកម្លាំងយោធាខ្លាំងជាងកម្ពុជា បានបើកការវាយប្រហារយ៉ាងសន្ធប់ ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក មកលើកម្ពុជា ដែលជាប្រទេសមានកម្លាំងយោធាខ្សោយជាង។
លោក ម៉ែន ណាត៖ «គ្រប់ចំណុចនៃកិច្ចព្រមព្រៀង គឺនិយាយពីការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញរួមគ្នា នៅតំបន់ព្រំដែន។ ប៉ុន្តែភាគីថៃ បែរជាបង្កជម្លោះ យកយន្តហោះ និងកាំភ្លើងមកបាញ់ ធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា។ បែបនេះមិនហៅថា ប្រតិបត្តិការនោះទេ គេហៅថាការឈ្លានពានមកលើកម្ពុជា ក្រោមលេសបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ»។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលលើកឡើងថា ដើម្បីទាមទារទឹកដីពីយោធាថៃមកវិញ កម្ពុជាចាំបាច់ត្រូវប្រើប្រាស់យន្តការច្បាប់អន្តរជាតិដើម្បីប្ដឹងភាគីថៃ ព្រោះការតតាំងនៅលើឆាកការទូត គឺជាការបង្ហាញពីសក្ខីកម្មប៉ុណ្ណោះ ដែលមិនទាន់មានលក្ខណៈរឹងមាំ និងពេញលេញតាមច្បាប់អន្តរជាតិនៅឡើយទេ៕








