

អ្នកឃ្លាំមើលគ្មានជំនឿថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត អាចបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែនបានដោយប្រសិទ្ធភាពទេ ព្រោះអន្តរជាតិរកឃើញថា មន្ត្រីកំពូលៗ និងក្រុមគ្រួសាររបស់ពួកគេ រួមទាំងក្រុមឧកញ៉ាមួយចំនួនបានយកប្រទេសកម្ពុជាទៅរកស៊ីខុសច្បាប់រួមគ្នា។ ពួកគាត់មើលឃើញថា វិធានការរបស់រដ្ឋាភិបាលថ្មី គឺគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ។
ការរីកដុះដាលនៃអគារបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជាកំពុងបង្ហាញពីភាពបរាជ័យរបស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ទោះបីមានភស្តុតាង និងការដាក់សម្ពាធពីសំណាក់អន្តរជាតិជាបន្តបន្ទាប់ក្ដីក៏រដ្ឋាភិបាលក្រុងភ្នំពេញគ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបសម្បុកឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យដល់ឫសគល់ និងចាប់ខ្លួនមេខ្លោងមានអំណាចធំៗដែលពាក់ព័ន្ធយកមកអនុវត្តទោសនោះឡើយ។
យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មរបស់លោក ហ៊ុន ម៉ាណែត ក៏មិនខុសពីឪពុករបស់លោកគឺលោក ហ៊ុន សែន នោះទេ ដែលធ្វើឡើងលុះត្រាតែសហគមន៍អន្តរជាតិរិះគន់ ឬដាក់សម្ពាធខ្លាំង។ ជាក់ស្ដែងចំណាត់ការបង្ក្រាបអគារអនឡាញនៅតាមតំបន់មួយចំនួនដែលបណ្ដាលឱ្យមានជនបរទេសរាប់សិបនាក់នាំគ្នារត់ចេញពីអគារជាបន្តបន្ទាប់នេះ ធ្វើឡើងក្រោយពេលដែលប្រទេសចិន សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានដាក់សម្ពាធជាបន្តបន្ទាប់។
អ្នកឃ្លាំមើលយល់ថា ទោះបីជាពេលនេះរដ្ឋាភិបាលត្រកូល ហ៊ុន សម្រេចចាប់បញ្ជូនឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅប្រទេសចិន និងចាប់ខ្លួនមេខ្លោងឆបោកតាមអនឡាញម្នាក់ដែលស្និទ្ធនឹងក្រុមគ្រួសារត្រកូលគឺលោក លី គួង ដាក់ពន្ធនាគារ ប៉ុន្តែនៅមានមេខ្លោងធំៗជាច្រើននាក់ទៀតកំពុងមានសេរីភាពនៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ក្បាលម៉ាស៊ីននៃបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាមិនមែនមានតែឧក្រិដ្ឋជន ចេន ហ្ស៊ី និងលោក លី គួង ឡើយដែលអាចពង្រីកបណ្ដាញឧក្រិដ្ឋកម្មដ៏ធំនៅកម្ពុជា។ លោក គឹម សុខ ចោទថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន គឺជាអ្នកកាងការពារមេខ្លោងធំៗដោយផ្ទាល់ ហើយអាជ្ញាធរមានសមត្ថកិច្ចក៏ស្ថិតក្រោមឥទ្ធិពលពួកគេដែរ ដែលជាហេតុធ្វើឱ្យការស៊ើបអង្កេត និងបង្ក្រាបលើឧក្រិដ្ឋកម្មនេះគ្មានប្រសិទ្ធភាព។
លោក គឹម សុខ៖ «ក្បាលម៉ាស៊ីនធំៗដែលធ្វើឧក្រិដ្ឋកម្មឆ្លងដែននៅប្រទេសកម្ពុជា តាមរបាយការណ៍របស់ Humanity Research Consultancy មាន ចេន ហ្ស៊ី ហើយគេដាក់ឈ្មោះចំគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន តូ មានលោក នេត សាវឿន មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពពួកមនុស្សដែលមានឥទ្ធិពលធំៗនៅជុំវិញក្រុមគ្រួសារហ៊ុន លោក លី យ៉ុងផាត់ អីជាដើម។ បើកាលណាពួកអ្នកមានឥទ្ធិពលទាំងអស់នោះ គ្មាននរណាទៅហ៊ាននាំទៅសួរផងហ្នឹង ដូច្នេះមិនអាចកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនបានទេ»។
រដ្ឋាភិបាលអាមេរិកកាលពីឆ្នាំ២០២៤ បានដាក់ទណ្ឌកម្មទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី យ៉ុងផាត់ និងក្រុមហ៊ុនបុត្រសម្ពន្ធរបស់លោកចំនួន ៥ផ្សេងទៀតក្នុងនោះក៏រួមមានរមណីយដ្ឋានអូរស្មាច់ នៅខេត្តឧត្តរមានជ័យ ដោយសារតែពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។ ក្រៅពីនេះ អាមេរិកក៏រកឃើញថា ក្មួយបង្កើតលោក ហ៊ុន សែន និងត្រូវជាបងជីដូនលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ បានបើកក្រុមហ៊ុនមួយឈ្មោះ ហួយវ័ន ផេ (Huione Pay) សម្រាប់លាងលុយកខ្វក់ឱ្យឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ និងដាក់ទណ្ឌកម្មមិនឱ្យក្រុមហ៊ុននេះមានប្រតិបត្តិការសាច់ប្រាក់ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិកឡើយ។ បន្ថែមពីនេះ សមាជិកសភាអាមេរិក ក៏កំពុងដាក់មន្ត្រីកំពូលៗ និងគ្រួសាររបស់ពួកគេរួមទាំងអ្នកជំនួញធំៗមួយចំនួនចូលក្នុងបញ្ជីដាក់ទណ្ឌកម្ម ក្នុងសេចក្តីស្នើច្បាប់ H.R5490ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនេះដែរ។ ក្នុងនោះដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ និងត្រូវជាប្អូនថ្លៃរបស់លោក ហ៊ុន ម៉ាណែត គឺលោក ឌី វិជ្ជា បងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ អភិបាលខេត្តកណ្តាល លោក គួច ចំរើន ម្ចាស់ក្រុមហ៊ុនកាស៊ីណូក្រោន និងជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច លោក កុក អាន អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងកូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ រួមទាំងមនុស្សមួយចំនួនទៀត។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើឡើងគ្រាន់តែឱ្យល្អមើល និងដើម្បីបន្លំភ្នែកអន្តរជាតិតែប៉ុណ្ណោះ។ លោកជឿជាក់ថា ការរីកសាយភាយនៃបណ្ដាញឧក្រិដ្ឋកម្មនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា ប្រសិនបើគ្មានការជួយជ្រោមជ្រែង និងកាងការពារពីក្រោយដោយរដ្ឋាភិបាលនោះទេ ក៏ក្រុមឧក្រិដ្ឋជនមិនអាចពង្រីកបណ្ដាញ និងធ្វើសកម្មភាពលើរបរខ្មៅងងឹតនៅកម្ពុជាបានដែរ។
លោក ស៊ឹង សែនករុណា៖ «មេដឹកនាំមិនគួរបន្តធ្វើជំនួញបែបទុច្ចរិតអ៊ីចឹងទេ គួរតែបញ្ឈប់នូវអំពើបែបហ្នឹងទៅដោយមានវិធានការលើក្រុមឧក្រិដ្ឋជនទាំងអស់នោះឱ្យគ្រប់គ្នា អត់មានឱ្យនរណាម្នាក់រួចខ្លួនបានទេ អ្នកណាពាក់ព័ន្ធត្រូវតែទទួលទោសទណ្ឌទៅវិធានការ អាហ្នឹងទើបអាចស្ដារទៅបាន។ ប៉ុន្តែប្រសិនបើក្នុងប្រទេសយើងពោរពេញដោយឧក្រិដ្ឋជនមិនទាន់សម្អាតឱ្យបានត្រឹមត្រូវរួមទាំងអ្នកមានអំណាចជាច្រើនដែលពាក់ព័ន្ធមិនមានវិធានការផ្លូវច្បាប់ ទោះធ្វើបែបហ្នឹងដល់ស្លាប់មេដឹកនាំទៅទៀតក៏គ្មានអ្នកណាជឿជាក់ដែរ»។
លោក ស៊ឹង សែនករុណា លើកឡើងទៀតថា សម្ពាធនិងទណ្ឌកម្មអន្តរជាតិធ្លាក់លើអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញគឺជាសារដាស់តឿនដល់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ថា ការសេពគប់ និងការបង្កើតទំនាក់ទំនងជាមួយឈ្មួញទុច្ចរិតគឺគ្មានស្ថិរភាពសម្រាប់ប្រយោជន៍ក្រុមគ្រួសារ និងបក្ខពួកខ្លួនក្នុងរយៈពេលយូរអង្វែងឡើយ ក្រៅពីបង្កវិនាសកម្មដល់សេដ្ឋកិច្ច និងបំផ្លាញមុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕








