

តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោស និងបញ្ឈប់ទង្វើគឃ្លើនរបស់ថៃ បន្តឈ្លានពានទឹកដីកម្ពុជាហើយ ជាមួយគ្នានោះ កម្ពុជាក៏ត្រៀមប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICCដែរ។ អ្នកវិភាគថា ទង្វើឈ្លានពាន របស់យោធាថៃលើកម្ពុជា យ៉ាងឃោរឃៅនេះ ជាអំពើឧក្រិដ្ឋកម្មសង្គ្រាម ដែលរដ្ឋាភិបាលកម្ពុជាគួរតែប្រញាប់ប្ដឹង ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងដាក់សំណើកោះប្រជុំបន្ទាន់ ជាមួយអង្គមហាសន្និបាត អង្គការសហប្រជាជាតិ។
តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក លោក កែវ ឈា នៅថ្ងៃទី១០ ខែធ្នូ បានដាក់លិខិតស្នើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លោក សាមញិល ហ្សិប៊ូហ្គា (Samuel Žbogar ) ឱ្យថ្កោលទោស និង ចាត់វិធានការតឹងរ៉ឹងជាបន្ទាន់មកលើរដ្ឋាភិបាលថៃ ពាក់ព័ន្ធទង្វើឈ្លានពានកម្ពុជា ហើយបានសម្លាប់ជនស៊ីវិលខ្មែរបំផ្លាញផ្ទះសម្បែង និងសម្បត្តិបេតិកភណ្ឌបុរាណជាបន្តបន្ទាប់ ដោយប្រើយន្តហោះចម្បាំងF-16 និងកាំភ្លើងធំ បាញ់ផ្លោងតាមអំពើចិត្ត។
លោកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដោយអាវុធឥតញញើតរបស់ថៃ ដោយបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារដោយ កាំភ្លើងធំ និងយន្តហោះចម្បាំងF-16 ទម្លាប់គ្រាប់លើកម្ពុជា។ បន្ថែមពីនោះ ថៃត្រូវបញ្ឈប់រាល់ការប៉ុនប៉ងរំលោភទឹកដីកម្ពុជា ដែលកំណត់តាមផែនទីគូរដោយឯកតោភាគី និងត្រូវគោរពតាមព្រំដែនដែលទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិICJ។ ទន្ទឹមនឹងនោះ កម្ពុជាទាមទារឱ្យថៃត្រូវបញ្ឈប់ការវាយប្រហារលើតំបន់ជនស៊ីវិល និងគោរពឱ្យបានពេញលេញ នូវគោលការណ៍មនុស្សធម៌។
បន្ថែមពីនោះ កម្ពុជានៅតែ ប្ដេជ្ញាចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ មាត្រា ២(៣) ស្ដីពីការដោះស្រាយវិវាទដោយសន្តិវិធី និងមាត្រា២(៤) ស្ដីពី ការហាមប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ថ្វីបើ យោធាថៃបានបាញ់សម្លាប់ទាហាន និងជនស៊ីវិលខ្មែរ មុនក្ដី ក៏កម្ពុជា នៅរក្សាការអត់ធ្មត់ មិនបាញ់តបរហូត២៤ម៉ោង ទើបកម្ពុជា ប្រើសិទ្ធិការពារខ្លួន ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទាក់ទិនរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោក គាំទ្រ ចំពោះការដាក់សំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយ លោកថា អ្វីដែលកម្ពុជាគួរធ្វើទៀតនោះ គឺផលិតឯកសាររួម បង្ហាញពីឧក្រិដ្ឋកម្មសង្គ្រាម និងអំពើឈ្លានពានរបស់ថៃ ដើម្បីឲ្យឯកអគ្គរាជទូត និង តំណាងអចិន្ត្រៃយ៍របស់កម្ពុជានៅបរទេស ធ្វើការបកស្រាយបង្ហាញ ដល់សហគមន៍អន្តរជាតិ ឱ្យជ្រាបពីការឈ្លានពានរបស់ថៃ និងជំហររបស់កម្ពុជា ដើម្បីសន្តិភាព។
បន្ថែមលើនេះ លោកថា កម្ពុជាគួរតែកោះប្រជុំបន្ទាន់មហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីប្រាប់ទៅកាន់សហគមន៍អន្តរជាតិ និងសមាជិកអាស៊ាន ឱ្យចូលរួមគាំទ្រកម្ពុជា ដើម្បីដាក់សម្ពាធភាគីថៃឱ្យ បញ្ឈប់នូវទង្វើឈ្លានពានកម្ពុជា។ ទន្ទឹមគ្នានោះ លោកថា កម្ពុជាក៏ត្រូវតែដាក់ប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឱ្យបានឆាប់ផងដែរ។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថា បូរណភាពទឹកដី ជាវដ្ដរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន ដែលមិនអាចដោះស្រាយដោយការសម្ងាត់ ឬដោយការបដិសេធដោយស្ងៀមស្ងាត់ នៅពីក្រោយឆាកនោះទេ។ កន្លងមកយើងឃើញថា រដ្ឋាភិបាលកម្ពុជា បានត្រឹមតែប្រកាស អត់ទាន់មានវិធានការជាក់លាក់នៅឡើយ។ ពួកគេត្រូវគោរពតាមរយៈការទូត ដែលមានតម្លាភាព និងសកម្មភាពផ្លូវច្បាប់ដ៏រឹងមាំ ក្នុងការប្រើប្រាស់យន្តការតំបន់ដ៏ពេញលេញ»។
ស្របគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា នៅថ្ងៃទី១១ ខែធ្នូ បានលើកឡើងនៅក្នុងការផ្សាយផ្ទាល់ ស្ដីពីបច្ចុប្បន្នភាពជម្លោះព្រំដែនកម្ពុជា-ថៃ ថា អាជ្ញាធរកម្ពុជាកំពុងប្រមូលភស្តុតាងប្ដឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ឬហៅថា ICC។ អ្នកស្រីថា ការផ្ទុះអាវុធ៥ថ្ងៃ ជាប់ៗគ្នានេះ ថៃបាន សម្លាប់ជនស៊ីវិល និងបាញ់កម្ទេចប្រាសាទបុរាណខ្មែរដោយគ្មានការញញើត ហើយថា នេះជាអំពើព្រៃផ្សៃ ដែលកម្ពុជាមិនអាចលើកលែងបាន។
អ្នកស្រី ម៉ាលី សុជាតា៖ «ជម្រាបជូនផងដែរថា កម្ពុជាបាននឹងកំពុងប្រមែប្រមូលភស្តុតាងដើម្បីប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលកម្ពុជា ជាសមាជិកផងដែរ ចំពោះការឈ្លានពាន របស់យោធាថៃនេះ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និង ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា សង្គ្រាមកម្ពុជា-ថៃ ចំនួន៥ថ្ងៃ ជាប់ៗគ្នានេះ យោធាថៃ បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមជាច្រើន ចាប់តាំងពីការផ្ទុះអាវុធលើកទី១ រហូតដល់លើកទី២នេះ គឺពួកគេបានបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិខ្មែរ បាញ់សំដៅលើតំបន់ជនស៊ីវិល និងបាញ់ផ្សែងពុល លើទឹកដីកម្ពុជា ដែលបាន បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់កុមារ មនុស្សចាស់ និងកងទ័ពខ្មែរជួរមុខ។ លោកថា ករណីនេះ កម្ពុជាមិនត្រូវបណ្ដែតបណ្ដោយឱ្យថៃរួចខ្លួននោះទេ និង ត្រូវប្ដឹងទៅតុលាការអន្តរជាតិ ហើយឱ្យមេដឹកនាំថៃទទួលខុសត្រូវចំពោះច្បាប់។
លោក សេក សុជាតិ៖ «នៅក្នុងការប្ដឹងថៃទៅតុលាការអន្តរជាតិ ហើយការប្ដឹងនេះ ភស្តុតាងដែលកម្ពុជាដាក់ គឺជាបន្ទុកមួយនេះ នឹងធ្វើឱ្យពិភពលោកមើលឃើញច្បាស់លាស់អំពីការឈ្លានពាន ទាំងកម្រោលរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាធ្វើឱ្យប៉ះពាល់ទៅដល់អាយុជីវិតមនុស្សសត្វជាពិសេសគឺ បងប្អូនប្រជាពលរដ្ឋដែលជាជនស៊ីវិល»។
គិតត្រឹមថ្ងៃទី១១ ខែធ្នូ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងលើបណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជាចំនួន ៥ថ្ងៃជាប់ៗគ្នាមក មានជនស៊ីវិល ចំនួន១១នាក់ហើយ បានស្លាប់ រួមនឹងទារក ១នាក់ ហើយ អ្នករងរបួស មានចំនួន ៧៤នាក់ ដែលអ្នកខ្លះ ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ជាមួយគ្នានេះ ពលរដ្ឋជាង ១សែន ៩ម៉ឺន (១៩២.១៧៣)នាក់ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និង បាត់ដំបង បានភៀសសឹក មករកទីសុវត្ថិភាពបណ្ដោះអាសន្ន៕









