កម្ពុជា​យល់​ព្រម​ទទួល​បទ​ឈប់​បាញ់​តាម​គំនិត​មេដឹកនាំ​ម៉ាឡេស៊ី តែ​ថៃ​នៅ​តែ​មិន​ព្រម

0
167
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

កម្ពុជា​យល់​ព្រម​ទទួល​យក​នូវ​បទ​ឈប់​បាញ់​​ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធាន​ប្ដូរ​វេន​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ត្រឹម​យប់​​ម៉ោង​១០ ថ្ងៃ​ទី១៣ ធ្នូ នេះ ប៉ុន្តែ ភាគី​ថៃ​នៅ​តែ​អះអាង​ថា ខ្លួន​ពុំ​ទទួល​នូវ​បទ​ឈប់​បាញ់​ឡើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​​នេះ ថា កម្ពុជា​ស្វាគមន៍​និង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​​លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់​ការ​ឈប់​បាញ់​នា​យប់​នេះ ដោយ​មាន​ការ​តាមដាន​ពី​ក្រុម​ត្រួត​អ្នក​សង្កេត​ការ​អាស៊ាន (AOT) និង​ចូលរួម​ដោយ​សហរដ្ឋអាមេរិក។

ឆ្លើយ​នឹង​សារ​លោក អ៊ីនវ៉ា ប្រាហ៊ីម នាយករដ្ឋមន្ត្រី​ថៃ​ចាំ​ផ្ទះ លោក អានុទីន ឆាន់វីរៈគុល (Anutin Chanvirarkul) អះអាង​ប្រាប់​អ្នក​កាសែត​​នៅ​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ ថា យប់​នេះ នៅ​បន្ត​បាញ់​គ្នា​ដដែល ព្រោះ​អត់​មាន​បទ​ឈប់​បាញ់ ដោយ​យោធា​ថៃ នៅតែ​បន្ត​ប្រយុទ្ធ​ជាមួយ​កងទ័ព​ខ្មែរ​ដដែល។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​អាកាសយានដ្ឋាន​យោធា ក្នុង​ទីក្រុង​បាងកក នា​រសៀល​ថ្ងៃទី​១៣ ខែធ្នូ​នេះ លោក អានុទីន បាន​អះអាង​ថា លោក​មិន​បាន​និយាយ​អំពី​បទ​ឈប់​បាញ់​នោះ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះ​ទេ ដោយ​លោក​បាន​ប្រកាស​ថា លោក​នឹង​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ ដោយ​មិន​ស្តាប់​អ្នកដទៃ​ឡើយ៕

កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ នាយករដ្ឋមន្ត្រី​ថៃ​ចាំ​ផ្ទះ​រូប​នេះ បាន​បញ្ជាក់​ជំហរ​នៅ​លើ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​១៣ ធ្នូ ថា ថៃ​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា​រហូតដល់​ពេល​ថៃ មាន​អារម្មណ៍​ថា ឈប់​មាន​ការ​គំរាមកំហែង​ពី​កម្ពុជា។ លោក​ថា ថៃ​ពុំ​ព្រម​ទទួល​​បទ​ឈប់​បាញ់​តាម​ការ​អន្តរាគមន៍​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឡើយ។

ចំណែក​កម្ពុជា​វិញ​តែង​បង្ហាញ​ជំហរ​ទទួល​​បទ​ឈប់​បាញ់ និង​អំពាវនាវ​ដល់​ភាគី​ថៃ​ឱ្យ​ត្រឡប់​ចូល​តុ​ចរចា​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​ពិត​ប្រាកដ និង​ឯកភាព​តាម​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី២៦ តុលា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ