កម្ពុជា​តវ៉ា​នឹង​បណ្ដឹង​ថៃ​ដែល​ចោទ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា បង្ក​សង្គ្រាម​តាម​ព្រំដែន

0
91
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចេញ​លិខិតតវ៉ា​ប្រឆាំង​នឹង​បណ្ដឹង​របស់​មន្ត្រីជាន់ខ្ពស់​ថៃ​ដែល​បាន​ប្ដឹង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​តុលាការ​ថៃ​ដោយ​ចោទ​ថា គឺ​អ្នកជា​បង្ក​សង្គ្រាម​នៅ​តាម​ព្រំដែន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ថៃ​តាម​ព្រំដែន​។ មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ការណ៍​ដែល​ភាគី​ថៃ​អាច​ឈ្លានពាន​កម្ពុជា​ផង និង​ថែមទៀត​ប្ដឹង​កម្ពុជា​ទៀត​នោះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល ហ៊ុន គិត​គួរតែ​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​គ្មាន​សមត្ថភាព​ការពារ​ទឹកដី និង​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នឹង​មន្ត្រីជាន់ខ្ពស់​ថៃ​ម្នាក់​ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​តុលាការ​ថៃ​ថា ជា​អ្នក​បង្ក​សង្គ្រាម​នៅ​តាម​ព្រំដែន​នោះ​ក្តី ក៏​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញ​ជំហរ​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចំពោះ​សង្គ្រាម​វាយប្រហារ​ឈ្លានពាន​របស់​ថៃ និង​អំពើ​ឃោរឃៅ​យោធា​ថៃ​ដែល​ប្រព្រឹត្ត​លើ​ពលរដ្ឋ​ខ្មែរ​ក្នុង​អំឡុង​សង្គ្រាម​នៅ​តាម​ព្រំដែន​នោះ​ទេ។

សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​២៩ ខែមករា បាន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បណ្ដឹង​របស់​អគ្គ​លេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ថៃ ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​ថៃ ដោយ​ចោទ​ប្រកាន់​ថា គឺជា​អ្នក​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅតែ​ព្រំដែន​កម្ពុជា​-​ថៃ​។ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា បណ្ដឹង​របស់​មន្ត្រីជាន់ខ្ពស់​ថៃ​ដែល​ប្ដឹង​មេដឹកនាំ​ក្រុងភ្នំពេញ​នេះ​កំពុង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេ​ដឹកនាំ​នៃ​ប្រទេស​ពីរ​ក្នុង​ការ​កសាង​ទំនុកចិត្ត និង​ផ្ទុយ​ពី​ស្មារតី​រួម​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់។

អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ​លោក ឆាតឆៃ បាងឈូដ (Chatchai Bangchawad) កាលពី​ថ្ងៃទី​២៧ ខែមករា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក និង​ព្រះរាជអាជ្ញា​បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​តុលាការ​ក្នុង​ខេត្ត​សុរិន្ទ ដែល​លោក​ចោទ​ថា ជា​អ្នក​បង្ក​ឱ្យ​មាន​សង្គ្រាម​ប្រយុទ្ធ​គ្នា​ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស និង​ខូចខាត​ទ្រព្យ​ពលរដ្ឋ​ថៃ​នៅ​តាម​ព្រំដែន​។ មន្ត្រីជាន់ខ្ពស់​ថៃ​រូប​នេះ​អះអាង​ថា ដំណើរការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​មេដឹកនាំ​កម្ពុជា​នឹង​បន្ត​ដំណើរការ​ទៅមុខ​ដោយសារ​ជា​ការ​សម្រេច​ចេញពី​ស្ដីទី​គណៈរដ្ឋមន្ត្រី ចំណែក​ដំណើរការ​ផ្លូវច្បាប់​នេះ​គឺ​មាន​គោលបំណង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ទាំង​ផ្នែក​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ​។ លោក ឆាតឆៃ បាងឈូដ បញ្ជាក់​ថា នៅពេល​ដំណើរ​ក្ដីក្ដាំ​ត្រូវ​បញ្ចប់ ប្រសិនបើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មានទ្រព្យ​សម្បត្តិ​នៅ​ប្រទេស​ថៃ អាជ្ញាធរ​នឹង​រឹបអូស​ដើម្បី​លក់​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​រងគ្រោះ​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ថៃ​ក៏​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ដើម្បី​ចេញ​ដីកា​តាម​ចាប់ខ្លួន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

មន្ត្រីជាន់ខ្ពស់​ថៃ​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ហ៊ាន​ឈាន​ជើង​ជាន់​ទឹកដី​ថៃ នោះ​អាជ្ញាធរ​នឹង​ចាប់ខ្លួន​ឪ​កូន​ទាំងពីរ​នាក់​ភ្លាមៗ​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ។

ក្រសួងការបរទេស​កម្ពុជា​ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​របស់​មន្ត្រី​កំពូល​ថៃ​ប្រឆាំង​ក្រុម​មេដឹកនាំ​កំពូល​កម្ពុជា​នេះ​ថា ផ្ទុយ​ពី​ស្មារតី​នៃ​ធម្មនុញ្ញ​អាស៊ាន និង​គោលការណ៍​មិត្តភាព​ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​កន្លង​មក។

ទាក់ទង​នឹង​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ថ្លែង​ថា វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ដែល​ភាគី​ថៃ​បាន​ឈ្លានពាន និង​កាន់កាប់​ទឹកដី​កម្ពុជា​ចំនួន​ជាង ៤០​ទីតាំង ហើយ​ថែមទាំង​ប្ដឹង​ឱ្យ​កម្ពុជា​ទទួលខុសត្រូវ​លើ​ការខាតបង់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ខ្លួន​។ ទោះជា​យ៉ាងណា លោក​ថា ការ​ប្ដឹង​របស់​ភាគី​ថៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល ហ៊ុន នេះ​គឺ​ថៃ​កំពុង​មានប្រៀប​លើ​កម្ពុជា​មួយ​កម្រិត​ទៀត​ក្នុង​ការ​បង្កើន និង​ពង្រីក​កម្លាំងយោធា​កាន់តែ​រឹងមាំ​ឈរ​លើ​ទឹកដី​កម្ពុជា​ដែល​ថៃ​វាយប្រហារ​ឈ្លានពាន​បាន។

លោក អ៊ុំ សំអាន៖ ៖«​វា​គួរតែ​ថៃ​ប្ដឹង​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក៏ប៉ុន្តែ​បែរជា​ប្ដឹង​ទៅ​តុលាការ​ថៃ​ខ្លួនឯង​ទៅវិញ​ព្រោះ​បើ​ប្ដឹង​ទៅ (ICC) ធ្វើ​ម៉េច​រក​ឃើញ​កំហុស​កម្ពុជា ព្រោះ​កម្ពុជា​មិនបាន​ឈ្លានពាន​ថៃ។ អ៊ីចឹង​បាន​ថៃ​ប្ដឹង​ទៅកាន់​តុលាការ​ថៃ​ខ្លួនឯង ដូច្នេះ​នៅពេល​ប្ដឹង​អ៊ីចឹង​ហើយនឹង​ចេញ​ចាប់ខ្លួន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដូច្នេះ​ជម្លោះព្រំដែន​កម្ពុជា​ថៃ​នឹង​អូស​បន្លាយ​បន្ត​ទៀត។ តាម​កម្ពុជា​ត្រូវ​ប្ដឹង​ថៃ ទីមួយ​គេ​ឈ្លានពាន​យើង ទី​ពីរ​ថៃ​យក​ដី​យើង ៤១ ទីតាំង​ទោះបី​បទ​ឈប់​បាញ់​ថៃ​នៅ​រាយ​បន្លា​លួស​យក​ដី​ខ្មែរ​ស្រេច​ចិត្ត​រហូត​ធ្វើ​ឱ្យ​ថៃ​ប្ដឹង​កម្ពុ​ជាមុន​។ វា​គួរ​ឱ្យ​អស់សំណើច​ព្រោះ​វា​ជា​កម្សោយ​នៃ​ការដឹកនាំ​របស់​ត្រកូល ហ៊ុន រក្សា​តែ​អំណាច​អត់​រក្សា​ទឹកដី អត់​ការពារ​ទឹកដី»។

សង្គ្រាម​វាយប្រហារ​ឈ្លានពាន​កម្ពុជា​ដោយ​កម្លាំងយោធា​ថៃ​លើក​ទី​២ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ​មិន​ត្រឹមតែ​ដាក់​គោលដៅ​កម្ទេច​ទីតាំង​យោធា និង​សម្លាប់​កងទ័ព​ខ្មែរ​នោះ​ទេ យោធា​ថៃ​បាន​ប្រើប្រាស់​គ្រឿង​សព្វាវុធ​មួយចំនួន​ដែល​ច្បាប់​អន្តរជាតិ​ហាមឃាត់​ដូចជា ការ​បាញ់​ផ្សៃ​ពុល និង​ទម្លាក់​គ្រាប់បែក​ចង្កោម នៅ​តាម​ទីតាំង​ផ្ទះសម្បែង​ពលរដ្ឋ ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ វត្ត​អារាម សាលារៀន និង​បណ្ដាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​យ៉ាង​ហោច ៣០​នាក់ និង​របួស​ជិត ១០០​នាក់​។ ក្រៅ​ពី​នេះ យោធា​ថៃ​ក៏បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​មួយចំនួន​ដោយ​ចាប់ចង​វាយដំ​ធ្វើ​ទារុណកម្ម​ផង​ដែរ។ មកដល់ពេលនេះ មន្ត្រី​បក្ស​ប្រឆាំង​រក​ឃើញ​ថា ទឹកដី​កម្ពុជា​ចំនួន​ជាង ៤០​ទីតាំង​ត្រូវ​យោធា​ថៃ​កាន់កាប់ និង​ឈរជើង​យ៉ាង​រឹងមាំ​បន្ទាប់ពី​ឈ្លានពាន​បាន​ពី​កម្ពុជា​។ ជាមួយ​គ្នា​នេះ ជន​ភៀស​ប្រមាណ​ជាង ៤០​ម៉ឺន​ក៏​នៅតែ​មិនអាច​វិលត្រឡប់​ចូល​ផ្ទះ​សម្បែង និង​ចូល​កាន់កាប់​ដីធ្លី​ពួកគាត់​វិញ​បាន​នៅឡើយ។

ទោះជា​យ៉ាងណា ការបាត់បង់​ទឹកដី​ខ្មែរ រូបភាព​ខ្លោច​ផ្សារ ការ​ព្រាត់ប្រាស​សាច់ញាតិ និង​ការ​បាត់​បង់ជីវិត​កង​ទ័ព និង​ប្រជាជន​ខ្មែរ​ដោយសារតែ​សង្គ្រាម​វាយប្រហារ​ឈ្លានពាន​របស់​ថៃ​នេះ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិនបាន​រៀបចំ​ពាក្យបណ្ដឹង​ឱ្យ​ភាគី​ថៃ​ទទួលខុសត្រូវ​តាម​យន្តការ​អន្តរជាតិ​ជាពិសេស​តាមរយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ​។ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ជឿជាក់​ថា ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​ប្ដឹង​ភាគី​ថៃ​ទាមទារ​ទឹកដី​តាម​យន្តការ​អន្តរជាតិ​នោះ ទីតាំង​ទឹកដី​កម្ពុជា​ដែល​យោធា​ថៃ​កំពុង​ឈរជើង​នឹង​ត្រូវ​បាន​បាត់បង់​ជា​រៀង​រហូត​ដែល​បន្សល់​ការឈឺចាប់​សម្រាប់​ប្រជាជន​ខ្មែរ ហើយ​រដ្ឋាភិបាល​ក្រុម​គ្រួសារ លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ ជនជាតិ​ក្បត់ជាតិ​ត​ជំនាន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ