
កម្ពុជាច្រានចោលការផ្សព្វផ្សាយរបស់កាសែតថៃដែលចោទកម្ពុជាថា បានជួលទាហានរុស្ស៊ីមកជួយច្បាំងទប់ទល់នឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា ខណៈទីក្រុងមូស្គូចេញប្រតិកម្មខ្លាំងៗចំពោះការចោទប្រកាន់របស់កាសែតថៃដូចគ្នានេះដែរ។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចេញសារប្រតិកម្មនឹងកាសែតថៃនៅល្ងាចថ្ងៃទី១៦ ធ្នូ ថា កម្ពុជាពុំមានយោធាបរទេសលើទឹកដីកម្ពុជាឡើយ តាំងពីអ៊ុនតាក់ (UNTAC) ដកចេញចេញពីកម្ពុជា នៅឆ្នាំ១៩៩៣មក។ លោកលើកឡើងបែបនេះ ក្រោយពីកាសែតថៃមួយចំនួនបានចុះផ្សាយថា មានទាហានរុស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។
លោក ហ៊ុន សែន អះអាងថា នេះជាការរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជាជនជាតិរុស្ស៊ី និងជនបរទេសផ្សេងទៀតដែលរងការចោទប្រកាន់។ តែយ៉ាងណា លោក ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជាធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជា ពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នា ក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។ លោកបន្ថែមថា កម្ពុជាក៏មានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពុជា ដែលជាអ្នកទេសចរ វិនិយោគិន
អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេស ឬក្នុងស្រុកជាដើម ដែលលោកថា អ្នកទាំងនោះមិនពាក់ព័ន្ធជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ។
ទន្ទឹមនឹងការច្រានចោលរបស់កម្ពុជា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកក ប្រទេសថៃក៏បានបដិសេធចំៗនឹងការចោទប្រកាន់របស់កាសែតថៃ ដោយរដ្ឋាភិបាលទីក្រុងមូស្គូហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃតាមរយៈហ្វេសប៊ុករបស់ខ្លួនចុះផ្សាយកាលពីថ្ងៃទី១៥ ធ្នូ បានព្រមានថា ការចោទប្រកាន់នេះ អាចធ្វើឱ្យប៉ះពាល់ទំនាក់ទំនងការទូតជាមួយទីក្រុងមូស្គូ។ រុស្ស៊ីបន្តថា ការប្រឌិតព័ត៌មានបែបនេះ ជាការរំលោភសិទ្ធិពលរដ្ឋរុស្ស៊ីរស់នៅប្រទេសថៃ និងកម្ពុជាផង។
ចំណែកក្រសួងការពារជាតិកម្ពុជាក៏តែងបដិសេធជារឿយៗនូវការចុះផ្សាយរបស់កាសែតថៃ និងស្ថាប័នយោធារបស់ថៃ ដែលផ្សាយចោទប្រកាន់កម្ពុជាថា ជួលទាហានបរទេសបញ្ជាដ្រូនជាដើម នៅចំពោះមុខស្ថានការណ៍ដែលយោធាថៃកាន់តែវាយប្រហារកាន់ខ្លាំងដើម្បីឈ្លានពានទឹកដីកម្ពុជា ឈានចូលដល់ថ្ងៃទី១០នេះ។
គិតត្រឹមរសៀលថ្ងៃទី១៦ ធ្នូ ពលរដ្ឋស៊ីវិលខ្មែរបានស្លាប់ចំនួន ១៥ នាក់ របួសជិត ១០០នាក់ ខណៈជនភៀសសឹកកើនជាង ៤២ម៉ឺននាក់ ដោយសារការវាយប្រហារឈ្លានពានពីយោធាថៃ តាំងពីថ្ងៃទី៧ ធ្នូមក៕










